ដោយៈមុនីរ័ត្ន/​ភ្នំពេញ ៖ លោក​កឹម សុខា មិន​ត្រូវបាន​ចាប់ឃុំខ្លួន​នោះទេប៉ុន្តែ​បាន​រង​ការព្រមាន​ពី​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​ការអនុវត្ត​ផ្ទុយ​នឹង​បម្រាម​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការធ្វើសកម្មភាព​នយោបាយ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងប្រាប់រស្មីកម្ពុជានៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នេះ ។លោក កឹម សុខា បានរងនឹសំណើរឱ្យចាប់ខ្លួនមកឃុំឡើងវិញដោយសារល្មើសនឹងបម្រាមរបស់តុលាការដែលហ៊ានឃាត់ចំពោះសកម្មភាពនយោបាយ។

លោក កឹម សុខា (រូបថតឯកសារ)

​លោក​កឹម សុខា ត្រូវ​បានឱ្យ​ចេញពី​បន្ទប់​សវនាការ​ទៅ​លុះ​នៅ​ដ្ឋា​ន​វិញ បន្ទាប់ពី​សវនាការ​ជាង​៥​ម៉ោង​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២​នេះ ។

​នៅក្នុង​សវនាការ​ព្រះរាជអាជ្ញា​បាន​ស្នើឱ្យមាន​ការចាប់ខ្លួន លោក កឹម សុខា យកទៅ​ឃុំ​ឡើងវិញ បន្ទាប់ពី​បានធ្វើ​សកម្មភាព​នយោបាយ​មួយចំនួន​បំពាន​បម្រាម​របស់​ត​លា​ការ ។

​លោក​ប្លង់ សុផល បាន​បញ្ជាក់ថា “​ការព្រមាន​លោក កឹម សុខា ត្រូវបាន​ធ្វើឡើង​នៅក្នុងពេល​សវនាការ​តែម្តង និង​ចុះ​ក្នុង​កំណត់ហេតុ​សវនាការ​ផងដែរ និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​បែបនេះ​តទៅទៀត​ទេ ប្រសិនបើ​នៅតែ​បន្ត​នឹង​អនុវត្តតាម​ផ្លូវច្បាប់​” ។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​១៨ ខែមិថុនា​កន្លងទៅនេះ ក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ​នៅ​ខេត្តសៀមរាប លោក កឹម សុខា បានប្រកាស​ប្រាប់​ពួកគេ​ថា លោក និង​លោក សម រ​ង្ស៉ី បានបញ្ចប់​សម្ព័ន្ធភាព​ជាមួយគ្នា​ហើយ ដោយ​លោក សម រ​ង្ស៉ី បាន​ចាក​ចេញទៅ​ចូលរួម​គណបក្ស​ភ្លើងទៀន ហើយ​បាន​វាយប្រហារ​មកលើ​រូបលោក​ថែមទៀត​។ សំឡេង​របស់ លោក កឹម សុខា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​វិទ្យុ​អាស៊ីសេរីនៅ​យប់​ថ្ងៃទី​២១ ខែមិថុនា​។ សកម្មភាព​របស់លោក កឹម សុខា នៅ​ខេត្តសៀមរាប ជា​សកម្មភាព​បំពាន​លើ​បម្រាម​របស់​តុលាការ​។​
​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ជាមួយនឹង​លក្ខខណ្ឌ​ចំនួន​៣ រួមមាន​៖ ១៖ មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ២៖ មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង​៣៖ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕​សរន