ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ បានធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​នូវ​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៨ ខែ មិថុនា ឆ្នាំ​២០២២ របស់​អ្នករាយការណ៍​ពិសេស​ចំនួន​បី រូប ដែល​ធ្វើឱ្យ​មតិ​សាធារណជន យល់ច្រឡំ​អំពី​ការជំនុំជម្រះ​ក្ដី​នៅ​កម្ពុជា នៅពេល​ថ្មីៗ​នេះ និង​បាន​សម្តែង​នូវ​សោកស្ដាយ​យ៉ាងខ្លាំង ដែល​អ្នកជំនាញ​សិទ្ធិមនុស្ស​ខាងលើ ពុំបាន​វាយតម្លៃ​ព័ត៌មាន​ដែល​បានទទួល ឱ្យបាន​ហ្មត់ចត់ និង​មិន​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​។ ការអត្ថាធិប្បាយ​របស់​អ្នក​អ្នករាយការណ៍​ពិសេស ធ្វើឡើង​ដោយ​ជ្រើសរើស​តែមួយ​ជ្រុង និង​លម្អៀង​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែង​ការ​ណ័​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​។​

លោក អាន សុខឧឿនស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ(រូបថតឯកសារ)

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បានការ​បកស្រាយ​សំខាន់ៗ​មួយចំនួន ចំពោះ​ការអត្ថាធិប្បាយ​ខុសឆ្គង​ទាំងស្រុង​របស់​អ្នករាយការណ៍​ពិសេស​ទាំងនោះ ដូចខាងក្រោម​៖

​ទី​១៖ ការ​លើកឡើងថា សវនាការ​ធ្វើឡើង​ដោយ “​ហេតុផល​នយោបាយ​” គឺជា​ការចោទប្រកាន់​បែប​បុរេនិច្ឆ័យ និង​មិន​ផ្អែកលើ​ការពិត​។ មាន​ឧទាហរណ៍​យ៉ាងច្រើន​បង្ហាញថា បុគ្គល​ដែល​គាំទ្រ​គណបក្សកាន់អំណាច ក៏​ត្រូវបាន​តុលាការ​តែមួយ​នេះ កាត់សេចក្ដី​ឱ្យទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែរ​។ ប្រការនេះ​បញ្ជាក់​យ៉ាងច្បាស់​ពី​ការពិត​ដែលថា ការចូលរួម​ជាមួយ​គ​ណ​បក្សនយោបាយ​មួយ ពុំមែន​ជាការ​ផ្តល់​សិទ្ធិ​ឱ្យ​បុគ្គល​ណា​ម្នាក់ បំពាន​ច្បាប់​ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ ការចាត់ទុក​ការអនុវត្ត​ច្បាប់​ថា ជាការ​គាបសង្កត់​នយោបាយ គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ និង​ការអនុវត្ត​ស្មើភាព​គ្នា ចំពោះ​ពលរដ្ឋ​ទាំងអស់ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។

​ទី​២៖ ជាការ​គួរឱ្យ​សោកស្ដាយ​យ៉ាងខ្លាំង ដែល​អ្នកជំនាញ​សិទ្ធិមនុស្ស​ខាងលើ ពុំបាន​វាយតម្លៃ​ព័ត៌មាន​ដែល​បានទទួល ឱ្យបាន​ហ្មត់ចត់ និង​មិន​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​។ ការពិត​នោះ​គឺថា ការកាត់ក្ដី​នៅពេល​ថ្មីៗ​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​វិលត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩ ឬ “​ព្រឹត្តិការណ៍ ៩/១១” របស់​ទណ្ឌិត​សម រង្ស៊ី និង​បក្ខពួក ដែល​បាន​ញុះញង់​ឱ្យមាន​ការបះបោរ និង រៃអង្គាស​ប្រមូល​ថវិកា ដើម្បី​ចិញ្ចឹម​កម្លាំង​ខុសច្បាប់ ក្នុង​គោលដៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​ដែល​កំពុង​កាន់តំណែង​។ សកម្មភាព​ខុសច្បាប់​អស់ទាំង​នេះ ធ្វើឡើង​ក្រោមលេស​នៃ​ផែនការ​វិលត្រឡប់​ចូល​ប្រទេស ដែល​ធាតុពិត​គឺជា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា ដែល​ត្រូវបាន​ជួយ​រៀបចំ​តាក់តែងឡើង ដោយ​អ្នកជំនាញ​បច្ចេកទេស​ពី​ប្រទេស​លោកខាងលិច​។​

​ទី​៣៖ ការអត្ថាធិប្បាយ​របស់​អ្នកជំនាញ​ខាងលើ ធ្វើឡើង​ដោយ​ជ្រើសរើស​តែមួយ​ជ្រុង និង​លម្អៀង​។ អ្នករាយការណ៍​ពិសេស​ខាងលើ​ហាក់​ភ្លេច​ថា អតីត​សហការី​របស់ខ្លួន លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ក្នុង​វេទិកា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ឆ្នាំ​២០១៩ ចំពោះ​ការប្រើ​ភាសា​បំពាន​យ៉ាង​គឃ្លើន និង​ការ​ញុះញង់​ផ្ដួលរំលំ​រដ្ឋាភិបាល ដែល​ជ្រើសតាំង​ដោយ​ប្រជាជន តាមរយៈ​ការបោះឆ្នោត​។ បទល្មើស​ដូចគ្នា​នេះហើយ ដែល​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ត្រូវបាន​តុលាការ​រកឃើញថា មាន​ពិរុទ្ធ​។ ប្រការនេះ​សបញ្ជាក់​ថា តុលាការ​កម្ពុជា​ធ្វើការ​ជំនុំ​ជម្រះក្ដី មិន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​ទេ ប៉ុន្តែ​សម្អាង​លើ​ភស្តុតាង​រឹងមាំ​ជាក់ស្ដែង និង​ស្របតាម​នីតិវិធី​ត្រឹមត្រូវ​។

​ទី​៤៖ ការ​លើកឡើងថា ជនជាប់ចោទ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ក្នុង​សវនាការ​ដោយផ្ទាល់ និង​ពុំ​ទទួលបាន​ឯកសារ​សំណុំរឿង​ទាំងស្រុង គឺជា​ការចោទប្រកាន់​ដែល​គ្មាន​ការពិត​។ អ្វីដែល​ប្រាកដ គឺ ជនជាប់ចោទ​ខ្លះ​បានគេច​ខ្លួន មិន​ចូលរួម​នីតិវិធីតុលាកា​រ​។ ទោះជា​យ៉ាងណា ចុងចោទ​មានឱកាស​ពេញលេញ ទទួលបាន​នូវ​ការជំនុំជម្រះ រួមទាំង​សិទ្ធិ​មាន​មេធាវី ដើម្បី​បង្ហាញ​ទឡ្ហីករណ៍​និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ត្រឹមត្រូវ ស្របតាម រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា​។ ការ​ថ្លែង​អះអាងថា ការឃុំខ្លួន​បណ្តោះអាសន្ន មានការ​អូសបន្លាយរ​យៈ​ពេល​វែង បង្ហាញឱ្យឃើញ​កាន់តែច្បាស់​ថា អ្នកជំនាញ​ទាំងនោះ ហាក់​មានការ​យល់ដឹង​តិចតួច ឬ​ពុំមាន​ឆន្ទៈ ចង់​យល់​អំពី​នីតិវិធីតុលាការ​របស់​កម្ពុជា តែម្តង​។

​ជាមួយគ្នានេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ទទូច​ឲ្យ​អ្នករាយការណ៍​ពិសេស​ទាំងបី​រូប​ខាងលើ ខិតខំ​យកចិត្តទុកដាក់ ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋ​ជា​សមាជិក​ជាច្រើន ដែល​បានទាមទារ​ឱ្យ​អ្នករាយការណ៍​ពិសេស​ទាំងអស់ អនុវត្ត​តួនាទី​របស់ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់​តាម “​ក្រមសីលធម៌ សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវីធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​”​។ ឯករាជ្យភាព​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស ពុំ​អាច​កាត់ផ្តាច់​ចេញពី​ទំនួល​ខុសត្រូវ​បានឡើយ​៕ សរន