ដោយៈ យោធិន / ភ្នំពេញៈ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​សេនា ជូន​ដល់​នាយទាហាន​បារាំង​មួយរូប ដែលជា​ទីប្រឹក្សា ប្រចាំ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព (NPMEC) ជា​កិច្ច​ឆ្លើយតប​ទៅនឹង​សមិទ្ធផល​ស្នាដៃ​ការងារ រួមចំណែក​លើ​វិស័យ​រក្សា​សន្តិភាព រយៈពេល​បី​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​ពិធី​បំពាក់​មេដាយ ថ្នាក់​សេនា​ជូន​ដល់​លោក វរៈសេនីយ៍ត្រី ARTHUR DAVOUT D’AUERSTEDT​ប្រធាន​គម្រោង​ប្រតិបត្តិ​ការរក្សា​សន្តិភាព នៃ​បេសកកម្ម សហប្រតិបត្តិការ និង​ការពារ​បារាំង នៃ​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់ នូវ​រាល់​កិច្ចប្រឹងប្រែង និង​ជួយ​ជ្រោមជ្រែង នូវ​រាល់​កិច្ចការ​របស់ មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព និង​ពង្រឹងពង្រីក កិច្ច​សហ​ប្រតិ​ប​ត្កិ​ការ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​បារាំង បាន​និ​ឹ​ង​កាន់តែ​ឈានឡើង ល្អប្រសើរ​។​

​លោក​វរៈសេនីយ៍ត្រី ARTHUR DAVOUT D’AUERSTEDT បាន​សំដែង​នូវ ការដឹងគុណ​ចំពោះ ការយកចិត្តទុកដាក់ ជួយឧបត្ថម្ភ​នូវ​រាល់​មធ្យោបាយ ទាំង​ផ្នែក​ស្មារតី និង​សម្ភារៈ ក្នុងអំឡុងពេល​បំពេញបេសកកម្ម នៅ​កម្ពុជា រយៈពេល​បី​ឆ្នាំ កន្លងទៅនេះ ។​

​ក្នុងឱកាស​ជួប​សំដែង​ការគួរសម និង​ជម្រាបលា ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​នេះ លោក​វរៈសេនីយ៍ត្រី ARTHUR DAVOUT D’AUERSTEDT បានបង្ហាញ វត្តមាន​ទីប្រឹក្សា​ថ្មី ប្រចាំ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បន្ត​បេសកកម្ម​ការងារ បន្ទាប់ពី​លោក បានបញ្ចប់​បេសកកម្ម នៅ​កម្ពុជា​។​

​លោក​វរៈសេនីយ៍ត្រី Cyprien Martin ទីប្រឹក្សា​ចូលកាន់​តំណែង​ថ្មី​ប្រចាំ​មជ្ឈមណ្ឌល ជាតិ​រក្សា​សន្តិភាព បានលើកឡើង​ថាៈ លោក​នឹង​បន្ត​បេសកកម្ម លើ​វិស័យ​កិច្ច​សហប្រតិបត្តិ ការ រវាង​ប្រទេស​ទាំងពីរ និង​លើ​វិស័យ​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ ឲ្យ​កាន់តែ មានដំណើរ​ការ ឈាន​ឡើងជា​លំដាប់​៕/V​