ដោយៈ សៅ​វ៉ាន់ឌី / ព្រះវិហារ​: មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ បាន​ប្រជុំ​បូកសរុប​លទ្ធផល សកម្មភាព​ការងារ ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២២ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នេះ ក្រោម​វត្តមាន​លោកស្រី ហែម សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ ។​

​លោកស្រី ហែម សុ​គុណ​ពិសី បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ​មន្ត្រី នៃ​ការិយាល័យ​ទាំង ៥ របស់​មន្ទីរ ដែល​ក្នុង​រយៈពេល​កន្លងមក​នេះ បាន​ខិតខំ ប្រឹងប្រែង ក្នុងការ​បំពេញការងា​រ តាម​ជំនាញ​របស់ខ្លួន យ៉ាង​យកចិត្តទុកដាក់ និង​ទទួលខុស ត្រូវ​ខ្ពស់ តាម​ការិយាល័យ​នីមួយៗ​។​

​ជាមួយគ្នានេះ​ផងដែរ លោកស្រី ប្រធាន​មន្ទីរ ក៏បាន​ជំរុញ​បន្ថែម ដល់​មន្ត្រី​ជំនាញ​ទាំងអស់ បន្ត​យកចិត្តទុកដាក់ បង្កើន​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន ក្នុង​វិស័យ​ព័ត៌មាន ឲ្យ​បាន​កាន់តែ​ប្រសើរ ជាង​មុន​បន្ថែមទៀត ត្រូវ​សហការ និង​ទំនាក់ទំនង​គ្នា ឲ្យ​បានល្អ ក្នុង​ការផលិត​ព័ត៌មាន ឲ្យ​បាន​ច្រើន ជាពិសេស​ត្រូវ​រក​ដំណោះស្រាយ រាល់​បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​នូវ​រាល់​សកម្មភាព​ការងារ​។​

​ក្នុងនោះដែរ លោកស្រី​ប្រធាន​មន្ទីរ បានលើកឡើង​ថាៈ បើទោះបី​សកម្មភាព​មួយចំនួន កន្លងមក មាន​ភាពយឺតយ៉ាវ​ក្ដី ប៉ុន្ដែ​លទ្ធផល​ការងារ​របស់​យើង សម្រេចបាន​ទៅមុខ​ជានិច្ច និង​ត្រូវ​ដោះស្រាយ​កែលម្អ និង​បំពេញ​នូវ​ចំណុច​ខ្វះខាត គឺ​ធ្វើយ៉ាងណា រួមគ្នា​សម្រេចបាន​នូវ លទ្ធផល​ការងារ ឱ្យមាន​ភាពល្អប្រសើរ និង​មាន​សាមគ្គីភាព​បន្ថែមទៀត សម្រាប់​ខែ​ខាងមុខៗ ។​

​លោកស្រី បាន​សំណូមពរ និង​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន​ទាំងអស់ ត្រូវ​អនុវត្តន៍​ឲ្យ បាន​ខ្ជាប់ខ្ជួន​ពី​វិធានការ ការពារ​របស់ ក្រសួងសុខាភិបាល ៣​ការពារ ៣​កុំ ដើម្បី​ការពារ​ជំងឺ កូ​វីដ​-១៩ ជាពិសេស​ការរីក​រាល​ដាល​ឡើងវិញ នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ សារជាថ្មី​៕/V​