ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ក្មេងប្រុស​ស្រី ពីរ​នាក់ លង់ទឹក​ស្លាប់ ពេល​ចេញពី​សាលារៀន ហើយ​បាន​ឆៀង​ទៅ​ចុះ​ងូត​ទឹកស្រះ​លេង ។ ករណីនេះ បាន​បង្ក​ការភ្ញាក់ផ្អើល នៅ​អំឡុង​វេលា ម៉ោងជាង ៧ ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ត្រង់ចំណុច​ស្រះ​ទឹក ឋិត​ក្នុង​ក្រុមទី​១ ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ សាកសព​កុមារ​រងគ្រោះ ឈ្មោះ ចាន់ ចាវ​មាន ភេទ​ស្រី អាយុ ១២ ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ចាន់ ច​ន្នី ភេទ​ប្រុស អាយុ ១០ ឆ្នាំ ទាំងពីរ​នាក់ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

​ពលរដ្ឋ​នៅក្បែរ​ទីតាំង​កើតហេតុ បានបញ្ជាក់​ថាៈ មុនពេល​កើតហេតុ កុមារ​រងគ្រោះ បាន​វិលត្រឡប់​មកពី​សាលារៀន​វិញ ហើយ​សង្ស័យ​បបួលគ្នា ចុះ​ងូត​ទឹកស្រះ​លេង ទាំង​ខ្លួន​មិនចេះ​ហែល​ទឹក​ផង​នោះ ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់ ទាំងពីរ​នាក់​តែម្តង​។

​ក្រោយ​ហេតុការណ៍​នេះ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ពិនិត្យ​សាកសព បង្ហាញថា ក្មេងរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ឈ្លក់ទឹក ពិតប្រាកដ​មែន ហើយ​បានប្រគល់ ជូន​ដល់​ឳ​ពុក​ម្តាយ សាច់ញាតិ ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​៕/V​