​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការតម្រង់ទិស​អាទិភាព​គោលនយោបាយ សម្រាប់​ការស្តារ និង​ពង្រឹង​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ក្នុង​គន្លង​នៃ​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២៣ និង​ឆ្នាំ​បន្តបន្ទាប់ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី ២៨ ខែ មិថុនា ក្រោម​អធិបតីភាព​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​, ដៃគូ​អភិវឌ្ឍន៍​, វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ី​វី​ល ព្រមទាំង​ស្ថាប័ន​សិក្សា​ជ្រាវ​ជ្រាវ និង​អ្នកជំនាញការ​ជាតិ​-​អន្តរជាតិ​ផងដែរ​។​

​លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ដើម្បី ពិភាក្សា​បញ្ហា​ប្រឈម និង​សម្រួច​អាទិភាព​គោលនយោបាយ ចំពោះ​វិស័យ​សំខាន់ៗ ដែល​រួមមាន​៖ ឡូ​ជី​ស្ទីក​, កសិកម្ម​, អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ការ​គាំពារ​សង្គម ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការរៀបចំ​ថវិកា​ឆ្នាំ​២០២៣ ក៏ដូចជា​ការបោះ​ចំណោល​សម្រាប់​រៀបចំ​ថវិកា​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ក្នុង​គោលដៅ​តម្រង់ទិស​នៃ​ការប្រើប្រាស់​ធនធាន​ដែលមាន​កម្រិត​របស់​យើង​ឱ្យ​កាន់តែ​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព ដើម្បី​ម្ខាង​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​ម្ខាង​ទៀត​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច ក្នុង​គោលដៅ​បង្កើន​ពិពិធ​កម្ម បង្កើន​ផលិតភាព និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង ព្រមទាំង​កសាង​ភាព​ធន់​នៃ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។

​លោក វ​ង្សី វិស្សុត បាន​បន្ត​លើកឡើងថា កម្ពុជា​ក្លាយជា​ប្រទេស​ដែល​អាច​គ្រប់គ្រង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ និង​បាន​បើក​ប្រទេស ឡើងវិញ​មុនគេ​។ ប្រការនេះ​បានធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​បាន​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ក្នុង​សន្ទុះ​មួយ​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ ក្នុងពេល​សេដ្ឋកិច្ច​យើង​ចាប់ផ្តើម​ងើបឡើង​វិញ​, កម្ពុជា​ក៏​កំពុងតែ​ទទួល​ការគំរាមកំហែង​ថ្មី​មួយទៀត ដែល​អាចជា​វិបត្តិ ទី​២ កើតចេញ​អំពី​ស្ថាន​ភាពមិន​អំណោយផល​នៃ​សេដ្ឋកិច្ចពិភពលោក ដោយសារ​ការ​ថមថយ​កំណើន ជាពិសេស​បញ្ហា​អតិផរណា​តែម្តង​។

​លោក​បាន​បន្តថា មែនទែនទៅ អតិផរណា​បានចាប់ផ្តើម​កើនឡើង​តាំងពី​មុនពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ មកម្ល៉េះ ហើយ​វា​កាន់តែ​កើនឡើង​ខ្លាំង​ថែមទៀត ក្នុងពេល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ប្រទេស​ធំៗ​បាន​ចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តាមរយៈ ការខ្ចី ក៏ដូចជា​វិធានការ​រូបិយវត្ថុ​ផ្សេងទៀត ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​-​សង្គម​របស់ខ្លួន ជាពិសេស​ដើម្បី​ជួយ​ដល់​អ្នក​អត់​ការងារ​ធ្វើ អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការបិទ​ខ្ទប់ និង​ក្រុមហ៊ុន​ដែល​រង​ផលប៉ះពាល់​។ ដូច្នេះ កត្តា​ដែល​ធ្វើឱ្យមាន​បញ្ហា​អតិផរណា គឺ​មិនមែន​សង្គ្រាម​អ៊ុយ​ក្រែ​ន​ទាំងស្រុង​ទេ ក៏ប៉ុន្តែ​សង្គ្រាម​នេះ​បាន​សង្កត់​បន្ថែម និង​បង្កើនល្បឿន​ហក់​ឡើង​នៃ​អតិផរណា​សាយភាយ​ពេញ​ពិភពលោក តាមរយៈ​ការឡើង​ថ្លៃ​ប្រេង និង​ថ្លៃ​ម្ហូបអាហារ ដែល​ទំនិញ​ទាំងពីរ​មុខ​នេះ ជាហេតុ​ធ្វើឱ្យ​ថ្លៃទំនិញ​សព្វសារពើ​ឡើងថ្លៃ​។ យើង​អាច​និយាយបានថា អតិផរណា​ពេលនេះ​ខុសពី​ធម្មតា ដោយសារ​មូលហេតុ​ទាំង​ផ្នែក​ផ្គត់ផ្គង់ (Supply side) និង​ទាំង​ផ្នែក​តម្រូវការ (Demand side) ទាំងសងខាង​។

​លោក​បាន​បន្តថា ប្រការនេះ​បាននិងកំពុង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ថមថយ ហើយ​អាច​នាំទៅដល់​វិបត្តិ​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច (Recession)​។ ទន្ទឹមនេះ ក្រៅពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​, បញ្ហា​ទំនាស់​ភូមិសាស្ត្រ​នយោបាយ​ក៏​កាន់តែ​តឹងតែង ជាពិសេស​ទំនាស់​រវាង​ចិន​និង​អាម៉េរិក និង​ប្លុក​នយោបាយ​ដទៃទៀត ក៏​ជា​កង្វល់​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ និង​អាច​បង្កឱ្យមាន​ការរាំងស្ទះ​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ពិភពលោក ដែល​ប្រការនេះ​នឹង​កាន់តែ​ធ្វើឱ្យមាន​សម្ពាធ​កាន់តែខ្លាំង​ថែមទៀត​ទៅលើ​អតិផរណា និង​កំណើន​សេដ្ឋកិច្ចពិភពលោក​។ ឯកឧត្តម​ក៏បាន​បន្តថា អ្វីដែល​ចម្លែក​មួយទៀត ក្នុង​ពេលនេះ គឺ​នៅត្រង់ថា​៖ មុនពេល​វិបត្តិ​សេដ្ឋកិច្ច​ម្តងៗ គឺ​ប្លុក​សេដ្ឋកិច្ច​ធំៗ តែងមាន​មួយ​ធ្លាក់ចុះ ហើយ​មួយទៀត​នៅ​រឹងមាំ​។ ឧទាហរណ៍​ដូច​ពេល​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ កន្លងទៅ គឺ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​អាម៉េរិក​បាន​រាលដាល​ដល់​តំបន់​អឺរ៉ុប ប៉ុន្តែ​សេដ្ឋកិច្ច​ចិន​ពេលនោះ​រឹងមាំ និង​ជា​កម្លាំង​អូសទាញ​សេដ្ឋកិច្ចពិភពលោក​។ ប៉ុន្តែ​ពេលនេះ ប្លុក​សេដ្ឋកិច្ច​ធំៗ​ទាំងអស់ មិន​ថា​អាម៉េរិក អឺរ៉ុប មិន​ថា​ចិន ឬ​មិន​ថា​ជប៉ុន​នោះទេ ពោលគឺ​ធ្លាក់ចុះ​ទាំងអស់​។​

​លោក​បាន​បន្ត​លើកឡើងថា បញ្ហា​ខាងលើនេះ បាននិងកំពុង​បង្កើន​សម្ពាធ​យ៉ាងខ្លាំង​មកលើ​អតិផរណា ដែលជា​បច្ច័យ​ធ្វើឱ្យ​យើង​ពិបាក​ប៉ាន់​ស្មានថា តើ​ផលវិបាក​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក​នឹងមាន​កម្រិត​ប៉ុនណា​ទៅ​ថ្ងៃមុខ​។ សភាពការណ៍​នេះ គឺ​មិនល្អ​ទេ សម្រាប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលមាន​សេដ្ឋកិច្ច​ទន់ខ្សោយ ហើយ​សមត្ថភាព​ថវិកា​នៅមានកម្រិត កំពុងតែ​ជួប​បញ្ហា​ធំ​។ ជាក់ស្តែង​ពេលនេះ ប្រទេស​ស្រីលង្កា និង​ប៉ា​គី​ស្ថាន កំពុងតែ​ជួប​បញ្ហា​នេះ និង​ចាប់ផ្តើម​មាន​ចលាចល​ហើយ​។ ដូច្នេះ ចំពោះមុខ​សភាពការណ៍​ខាងលើនេះ តម្រូវឱ្យ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន និង​គ្រប់គ្រង​សេដ្ឋកិច្ច​ឱ្យបាន​ល្អ ជាពិសេស​ការបែងចែក​ធនធាន​ថវិកា ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំក្រោយ ព្រោះ​យើង​មិនដឹងថា តើ​វិបត្តិ​ទី​២​នេះ នឹងមាន​ទំហំ ឬ​ជម្រៅ​ផលប៉ះពាល់​កម្រិតណា​ទេ ខណៈដែល​កម្ពុជា​ទើបតែ​ឆ្លង​ផុតពី​រលក​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយ​លំបាក ហើយ​ជំងឺ​កូ​វីដ​-១៩ នេះ​ទៀតសោត ក៏​នៅ​មិនទាន់​ចប់​ទាំងស្រុង​នៅឡើយ​ដែរ​។ ពិតណាស់ថា ដោយសារ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​អាចមាន​ការងារ​ធ្វើ​, អាច​ប្រកប​អាជីវកម្ម និង​មានឱកាស​រកប្រាក់​ចំណូល​បាន​ឡើងវិញ​ក្តី តែ​នៅពេល​អតិផរណា​កើនឡើង វា​នឹង​ជះឥទ្ធិពល​ទៅលើ​ជីវភាព​រស់នៅ​របស់​ពួកគាត់ ដោយសារ​ប្រាក់ចំណូល​ពិត (Real income/real wage) ធ្លាក់ចុះ ដែល​ធ្វើឱ្យ​កម្លាំង​ទិញ​ធ្លាក់ចុះ ជាពិសេស​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប​។ ក្នុងន័យនេះ ការគិតគូរ​របស់​រា​ជ​រដ្ឋាភិបាល សម្រាប់​ឆ្នាំ​២០២៣ គឺ​នឹង​ផ្តល់​អាទិភាព​ទី​១ ទៅលើ​មនុស្ស ដោយ​តម្រង់​ទៅលើ​ការរក្សា​លំនឹង​ជីវភាព​រស់នៅ ការងារ និង​ប្រាក់ចំណូល ជាពិសេស​ការបន្ត​ផ្តល់ជំនួយ​សង្គម​ដល់​អ្នកក្រីក្រ (​ក្រ​១ និង​ក្រ​២) ហើយ​អាច​នឹង​ពង្រីក​ទៅដល់​អ្នក​ក្បែរ​ក្រ (Near poor) ថែមទៀត ដើម្បី​ទប់ទល់ និង​សម្រាល​សម្ពាធ​នៃ​អតិផរណា​មកលើ​ពួកគាត់ ក្នុងពេល​មាន​វិបត្តិ​នេះ​។ រាជរដ្ឋាភិបាល​ក៏​នឹង​បន្ត​ផ្តោតលើ​សុខភាព និង​សុខុមាលភាព​ប្រជាជន តាមរយៈ​ការបន្ត​ទប់ស្កាត់ និង​គ្រប់គ្រង​សភាពការណ៍​កូ​វីដ​-១៩ នៅ​កម្ពុជា មិនឱ្យ​វិលត្រឡប់​ថយក្រោយ​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​ក៏​នឹង​ផ្តល់​អាទិភាព​បន្ទាប់ ឬ​ទី​២ ទៅលើ​ការ​ទ្រទ្រង់​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច ដែល​កំពុង​តែមាន​នេះ មិន​បានឱ្យ​បាត់បង់​ទៅវិញ​ផងដែរ តាមរយៈ​ការផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​, ការអភិវឌ្ឍ​ជំនាញ និង​ការ​លំអ​បរិយាកាស​វិនិយោគ​និង​ធុរកិច្ច ជាពិសេស​ការជំរុញ​អភិវឌ្ឍន៍ និង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​ឱ្យ​ខ្លាំងក្លា ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ម្ហូបអាហារ​កម្ពុជា​ខ្លួនឯង​ផង ក៏ដូចជា​ដើម្បី​ជំរុញ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផង ខណៈដែល​ពិភពលោក​អាច​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះ​ស្បៀងអាហារ​។

​លោក​បាន​បន្តថា នេះ​គឺជា​ស្លាប​ទាំងពីរ​ដ៏​សំខាន់​នៃ​គោលនយោបាយ​ថវិកា​ឆ្នាំ​២០២៣ ដែល​ប្រទាក់ក្រឡា​គ្នា ព្រោះថា ការផ្តល់​ជំនួយ​សង្គម​ដល់​អ្នកក្រ និង​អ្នក​ក្បែរ​ក្រ មិន​ត្រឹមតែ​ជាការ​ដោះស្រាយ​បញ្ហា​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជះឥទ្ធិពល​ដល់​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​វិញ​ដែរ​។ ដោយឡែក ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ក៏​នឹង​ជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាជន​វិញ​ផងដែរ​។ ទន្ទឹមនេះ ការជំរុញ​ផលិតភាព ក៏​នឹង​ជួយ​បន្ថយ​កម្លាំង និង​សម្រាល​ផលប៉ះពាល់​នៃ​អតិផរណា​មកលើ​សេដ្ឋកិច្ច​។​

​លោក វ​ង្សី វិស្សុត បាន​បន្ត​លើកឡើងថា ថវិកា​ឆ្នាំ​២០២៣ ជា​ថវិកា​វិត្ថារ​កម្ម (Expansionary budget) ដើម្បី​បង្កើន​ចំណាយ​តម្រង់​ទៅលើ​អាទិភាព​គោលនយោបាយ ដូច​បាន​គូសបញ្ជាក់​ខាងលើ​ផង ក៏ដូចជា​ការខិតខំ​ដោះ ស្រាយ​ឱ្យ​បានជា​សារវន្ត​នូវ​គោលដៅ​សំខាន់ៗ ជាពិសេស​ការសន្យា​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ឆ្នាំ​២០២៣ ដែលជា​ឆ្នាំ​ចុងក្រោយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ និង​ការ​ទ្រទ្រង់​ដល់​ការអនុវត្ត​បញ្ចប់​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ ផងដែរ​។ ក្រៅពីនេះ ថវិកា​ឆ្នាំ​២០២៣ ក៏​នឹងត្រូវ​ទ្រទ្រង់​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ និង​ការប្រកួត​កីឡា​ស៊ី​ហ្កេ​ម ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ ហើយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​៕