ដោយ ៖ ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​/ភ្នំពេញ៖​នៅ​ចន្លោះ​ពីថ្ងៃ​ទី​១៧ ដល់ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម រួមមាន ឡុង ដា​នី​, សុខ វណ្ណៈ​, គាត ស្រី​ឡែ​ន និង ឈុំ រ៉ា បាន​ចុះទៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​រៀបចំ​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​។

​ក្រុមការងារ​បាន​ជួប​មេភូមិ​រំចេក​ឈ្មោះ ឯក សាត​។ បន្ទាប់ពី​បាន​ណែនាំ​ខ្លួន និង​គោលបំណង​របស់​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​ដែល​ចុះមក​សម្ភាសន៍​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​រួចមក លោក​មេភូមិ​រំចេក​បាន​ប្រាប់​ក្រុមការងារ​ថា សព្វថ្ងៃ​ភូមិ​រំចេក​មាន​ប្រជាជន​ចំនួន​២៩០​គ្រួសារ និង​មាន​ប្រជាជន​សរុប​ចំនួន​១២០១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៥៩៨ នាក់​។

​នៅក្នុង​ឱកាស​នោះ​លោក​មេភូមិ​រំចេក បានផ្តល់​យោបល់​ដល់​ក្រុមការងារ​ចុះទៅ​ជួប និង​សម្ភាសន៍​ជាមួយ​ចាស់ទុំ​ដែលមាន​បទពិសោធន៍​ធ្ល​ង​កាត់​សម័យ​សង្គ្រាម និង​របប​ខ្មែរក្រហម​នៅក្នុង​ភូមិ​រំចេក ដូចតទៅ៖ ១. ប្រាក់ តាំង, ២.ប្រាក់ សយ ,៣.សាន ស៊ីម , ៤. មែន សុខា , ៥. អ៊ុន ម៉ន ,៦. ទូច ឡៃ ,៧. គុជ ស៊ី​ថេ​ង, ៨. ស្រី សោភា ,៩. ប៉ោ ថេ​ង ,១០. ប៉ោ ភា ,១១. ជាម វ័ន ,១២. ឆែម ហម ,១៣. ជី កុក, ១៤. កែវ ឆោម ,១៥. ដោក ដន ,១៦. រស់ អឿន និង ១៧. គុយ ម៉ុ​យ ។

​ភូមិ​រំចេក​ជា​ភូមិ​មួយ ក្នុងចំណោម​ភូមិ​ទាំង​១៣ នៃ​ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ភូមិ​រំចេក​ស្ថិតនៅ​ខាងជើង​ឈៀង​ខាងលិច​នៃ​ឃុំ​រំចេក និង​ទីរួមស្រុក​មេមត់​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ដោយ​ធ្វើដំណើរ​ចេញពី​ស្រុក​មេមត់​តាមផ្លូវ​ក្រាល​កៅស៊ូ​ទៅ​ឃុំ​មេ​មង​និង​បន្ត​តាមផ្លូវ​កៅស៊ូ​លេខ ៣៧៣C បន្ទាប់មក​បត់​ស្តាំ​ចូល​តាម​ខ្លោងទ្វា​វត្ត​រំចេក​ប្រមាណ​៣​គីឡូម៉ែត្រ​។

​បើតាម​ចាស់ៗ​ដំណាល់​មក​ថា កាលពី​ដើមឡើយ​មាន​ដើម​រំចេក​ដុះ​ច្រើន​នៅតាម​វាល​ក្នុង​តំបន់​នេះ​។ បន្ទាប់ពី​ប្រជាជន​មកពី​តំបន់​ឆ្ងាយៗ​បានមក​រាន​ព្រៃ​ធ្វើ​ចម្ការ​នៅ​តំបន់​រំចេក​កាន់តែច្រើន​ទៅៗ ក៏​បង្កើត​ទៅជា​ភូមិ​ដោយ​ដាក់ឈ្មោះថា ភូមិ​រំចេក​រហូតមកដល់​ស​ព្វ​ថ្ងៃ​។ កាលពី​សម័យ​អាណានិគមនិយម​បារាំង ភូមិ​រំចេក​គឺជា​ភូមិ​ដាច់ស្រយាល​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​២០​គ្រួសារ និង​មាន​ប្រជាជន​សរុប​ចំនួន​ប្រមាណ​១០០​នាក់​តែប៉ុណ្ណោះ​។ នៅ ជុំវិញ​ភូមិ​រំចេក គឺ​ហ៊ុំព័ទ្ធ​ដោយ​ព្រៃ ដើមឈើ​ធំៗ និង​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ​។ ចំណែក​អ្នកភូមិ​រំចេក​បាន​ប្រក​បរបរ​ធ្វើ​ចម្ការ និង​ដាំ​ស្រូវ​។ ក្រៅពី​ធ្វើ​ចម្ការ​ប្រជាជន​រក​អនុផល​ព្រៃ​យកទៅលក់​នៅ​ផ្សារ​ឆ្លូង​ដើម្បី​យកប្រាក់​ទិញ​អំបិល ប្រហុក ផ្អក និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​។

​នៅក្នុង​សម័យ​អាណានិគម​បារាំង មាន​ចលនា​ខ្មែរ​ឥស្សរ​ចូលមក​រស់នៅ​និង​ធ្វើ​សកម្មភាព​តស៊ូ​ប្រឆាំងនឹង​បារាំង​នៅក្នុង​ព្រៃ​ក្បែរ​ភូមិ​រំចេក និង​ភូមិ​ចំនួន​ទៀត​។ ទាហាន​បារាំង​បាន​ចាប់ខ្លួន​មេដឹកនាំ​ចលនា​ខ្មែរ​ឥស្សរ​ម្នាក់​ឈ្មោះ ពាំង សេនា និង​បាន​បាញ់​សម្លាប់ចោល​នៅក្បែរ​ភូមិ​រំចេក​។ បន្ទាប់មក​បារាំង​បាន​កៀរ​ប្រជាជន​នៅ​ភូមិ​រំចេក និង​ភូមិ​មួយចំនួនទៀត​ឲ្យ​ទៅ​រស់នៅ​ក្នុងភូមិ​កំពង់​រាំង​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​វិញ​។ អ្នកភូមិ​រំចេក​បានរស់នៅ​ក្នុងភូមិ​កំពង់​រាំង​ប្រមាណ​ជិត​៣​ឆ្នាំ រហូតដល់​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣ ទើប​នាំគ្នា​ត្រឡប់មក​រស់នៅ​ក្នុងភូមិ​រំចេក​វិញ​។

​បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ចលនា​រំដោះ​ខ្មែរក្រហម​បាន​ចូលមក​ដល់​ភូមិ​រំចេក​។ ខ្មែរក្រហម​បានចាប់ផ្តើម​រៀបចំ​ប្រជាជន​ជា​ក្រុម ជា​កង និង​បាន​ចាត់តាំង​កម្មាភិបាល​រប​ស់​ខ្លួន​ឲ្យ​ធ្វើ​ប្រធានភូមិ​ដើម្បី​ឃោសនា​ប្រជាជន​ឲ្យ​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​។ បន្ទាប់មក​ប្រជាជន​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើ​ការងារ​ពលកម្ម​ជា​ក្រុម​ប្រវាស់ដៃ និង​ជួយ​ធ្វើ​ការងារ​ស្រែចម្ការ​គ្នា​ទៅវិញទៅមក​នៅតាម​ក្រុម​នីមួយៗ​។ មេដឹកនាំ​តំបន់​២១ ភូមិភាគ​បូព៌ា មាន​ស្រុកកំណើត​នៅក្នុង​ឃុំ​រំចេក​ឈ្មោះ មាស សេង ហុង ហៅ ចាន់ តែងតែ​មក​ធ្វើការ​ជាមួយ​កម្មាភិបាល​ខ្មែរក្រហម​ផ្សេងៗ​ទៀត​នៅក្នុង​ភូមិ​រំចេក​។

​នៅពេល​យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​លើ​របប លន់ នល់ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ មាន​ប្រជាជន​ថ្មី​ប្រមាណ​ជាង​១០០​គ្រួសារ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ពី​ទីក្រុង​ភ្នំពេញ​ឲ្យ​មក​រស់នៅ​ភូមិ​រំចេក​។ ខ្មែរក្រហម​បាន​ឃោសនា​ឲ្យ​ប្រជាជន​ថ្មី​ដែលជា​អតីត​ទាហាន និង​មន្ត្រី​រដ្ឋការ​ទៅ​ចុះឈ្មោះ​ដើម្បី​ចូលធ្វើការ​វិញ​។ នៅពេលនោះ​មាន​ប្រជាជន​ថ្មី​ប្រមាណ​៤០​នាក់​បាន​ទៅ​ចុះឈ្មោះ​ជាមួយ​ខ្មែរក្រហម​។ បន្ទាប់មក​យោធា​ខ្មែរក្រហម​បាន​យក​ប្រជាជន​ថ្មី​ទាំង​៤០​នាក់​ទៅ​សម្លាប់​នៅ​ទីតាំង​អណ្តូង​វៀត​កុង​ធ្លាប់បាន​ជីក នៅក្នុង​ឆ្នាំ​១៩៧០ និង​មាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ភូមិ​រំចេក​។ សព្វថ្ងៃ​អ្នកភូមិ​រំចេក​ហៅ​ទីតាំង​សម្លាប់​នោះ​ថា អណ្តូង​៤០​។ ចំណែក​ប្រជាជន​ថ្មី​ប្រមាណ​១០០​នាក់​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ និង​អត់​អាហារ ត្រូវបាន​ខ្មែរក្រហម​យកទៅ​កប់​នៅក្បែរ​វត្ត​រំចេក​។

​នៅ​ឆ្នាំ​១៩៧៨ ពេលដែល​កងទ័ព​មជ្ឈិម​បាន​ចូលមក​ដល់​ឃុំ​រំចេក កងទ័ព​មជ្ឈិម​ទាំង​នោះបាន​ចាប់ខ្លួន​កម្មាភិបាល​ខ្មែរក្រហម​ដែលជា​គណៈ​ភូមិ ប្រធាន​ក្រុម នៅក្នុង​ភូមិ​រំចេក​ទាំងអស់​យកទៅ​សម្លាប់ចោល​នៅក្នុង​ព្រៃ​ក្បែរ​ភូមិ​។ ប្រជាជន​នៅក្នុង​ភូមិ​រំចេក​មានការ​ភ័យខ្លាច​កងទ័ព​ខ្មែរក្រហម​យកទៅ​សម្លាប់​បន្តទៀត ក៏​នាំគ្នារ​ត់ទៅ​ចូលក្នុង​ព្រៃ​រយៈពេល​ប្រហែល​១​ខែ​ទើប​កងទ័ព​០៩ និង​កងទ័ព​វៀតណាម​បានមក​ជួប និង​នាំយកទៅ​ខ្នង​ក្រពើ ក្នុងស្រុក​មេមត់ និង​បញ្ជូន​បន្តទៅ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ខេត្ត​តៃ​នី​ញ ប្រទេស​វៀតណាម ៕សរន