​ដោយៈ យោធិន / ភ្នំពេញៈ ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បានស្នើ​ដល់​ភាគី​កាណាដា ក្នុងការ​គាំទ្រ និង​ជួយ​បណ្តុះបណ្តាល លើ​ផ្នែក​ធនធានមនុស្ស សម្រាប់​វិស័យ​រក្សា​សន្តិភាព ដោយ​ផ្តោត​ជាពិសេស លើ​ផ្នែក​យេនឌ័រ សំដៅ​បង្កើន​កម្រិត សមត្ថភាព ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​នារី ឆ្លើយតប​តាម​តម្រូវការ របស់​អគ្គលេខាធិការ អង្គការសហប្រជាជាតិ​។​

​ការស្នើសុំ​បណ្តុះបណ្តាល​ជំនាញ ឲ្យ​ដល់​កង​យោធា​នារី​មួក​ខៀវ​កម្ពុជា សម្រាប់​បេសកកម្ម រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ខាងលើនេះ ធ្វើឡើង​ក្នុងឱកាស​គណៈប្រតិភូ កាណាដា ដឹកនាំ​ដោយ​លោកស្រី Vicky Singmin ភារធារី នៃ​បេសកកម្ម​កាណាដា ប្រចាំ​អាស៊ាន អមដំណើរ​ដោយ​លោក Jan Scazighino ភារធារី​ស្ថានទូត​កាណាដា ប្រចាំ​កម្ពុជា ស្តីពី​កិច្ចសហប្រតិបត្តិការ រក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​ក្នុងជំនួប​ពិភាក្សា ពាក់ព័ន្ធ​លើ​វិស័យ​រក្សា​សន្តិភាព នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ក៏បាន​លើកឡើង​បញ្ជាក់ថាៈ មកទល់នឹង​បច្ចុប្បន្ន នេះ គឺជា​ខួប​គម្រប់ ៣០ ឆ្នាំ ដែល​កាណាដា បាន​បញ្ជូន​កងកម្លាំង​ចូលរួម បេសកកម្ម​ស្វែងរក សន្តិភាព នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អ៊ុន តាក់ ខណៈដែល​កង​យោធា​មួក​ខៀវ​កាណាដា មួយរូប បាន​ពលី​ជីវិត​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា បានស្នើ ដល់​ភាគី​កាណាដា ក្នុង​កិច្ច​ឧបត្ថម្ភ​ចាត់ចែង វគ្គ​រក្សា​សន្តិភាព និង​កម្ទេច​កាកសំណល់​សង្គ្រាម (EOD)​។ រៀបចំ​វគ្គ​ហ្វឹកហ្វឺន​ឬ​សិក្ខាសាលា​ផ្តោតជាសំខាន់​លើ​នារី​រក្សា​សន្តិភាព​។ ជាមួយគ្នានេះដែរ ការស្នើ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច មួយឆ្នាំ​ម្តង ក៏ត្រូវ​បានលើកឡើង ផងដែរ​។​

​លោកស្រី Vicky Singmin បាន​កោត​សរសេ​ី​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កងទ័ព​មួក​ខៀវ កម្ពុជា ដែល​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ផ្នែក​ប្រតិបត្តិ​ការរក្សា​សន្តិភាព​បោសសម្អាត​មីន នៅ​កម្ពុជា និង​ការចូលរួម​ប្រតិបត្តិការ រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ លើ​បណ្តា ប្រទេស​មួយចំនួន មាន​ជម្លោះ ដោយសារ​សង្គ្រាម ហេ​ី​យ​លោកស្រី នឹង​បន្ត​គាំទ្រ​ដល់​ការងារ ហ្វឹកហ្វឺន បណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក​រក្សា​សន្តិភាព ព្រមទាំង​ពាំនាំ​នូវ​ការស្នើ​និង លទ្ធផល នៃ​ជំនួប​ពិភាគ្សា​ការងារ​នេះ ជម្រាប​ដល់​រដ្ឋាភិបាល​កាណាដា​ផងដែរ​៕/V​