ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញ: ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រមូលផ្ដុំគ្នា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងប្រយោជន៍ ដើម្បីតវ៉ានៅមុខមជ្ឈមណ្ឌល ព្រីនស៍ផ្លាស្សា ពាក់ព័ន្ធបញ្ហាទឹកលូ ហូរលើផ្លូវបេតុង ចូលលំនៅដ្ឋាន និងប៉ះពាល់ដល់ការរស់នៅ របស់ពួកគាត់ ។ ប្រជាពលរដ្ឋដែលតវ៉ា គឺស្ថិតនៅផ្លូវបេតុង ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ បានអះអាងថាៈ ការតវ៉ារបស់ប្រជាពលរដ្ឋ គឺទាមទារឲ្យមជ្ឈមណ្ឌល ព្រីនស៍ផ្លាស្សា ដោះស្រាយបញ្ហាទឹកលូ ហូរចូលលំនៅដ្ឋានរបស់ពួកគាត់ ពីព្រោះបញ្ហានេះ បានកើតមានជាយូរមកហើយ និងមិនមានការដោះស្រាយ ទើបពួកគាត់នាំគ្នាតវ៉ាតែម្តងទៅ។ “អ្នកនៅក្នុងភូមិដែលរងការប៉ះពាល់ បាននាំគ្នាមក មុខមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ដើម្បីធ្វើការតវ៉ា ស្នើសុំឱ្យម្ចាស់ទីតាំង ក៏ដូចជា អាជ្ញាធរ ធ្វើការដោះស្រាយបញ្ហានេះ ដែលធ្វើឲ្យប៉ះពាល់ ដល់បរិស្ថានស្អាត ទីក្រុងស្អាត ផាសុកភាព និងការរស់នៅរបស់ពួកគាត់ ប្រចាំថ្ងៃ ជាពិសេសក្មេងៗ និងចាស់ជរា ដែលបានធ្វើដំណើរឆ្លងកាត់ ប្រឈមគ្រោះថ្នាក់ ជាយថាហេតុ”។
បន្ទាប់ពីប្រជាពលរដ្ឋ ផ្ទុះការតវ៉ា គឺប្រធានភូមិ ចៅសង្កាត់ រដ្ឋបាលខណ្ឌ បានចុះសម្រប សម្រួល ជាមួយប្រជាពលរដ្ឋ និងបានសន្យាថា មិនឲ្យមានទឹកហូរ ធ្លាក់ចុះទៅក្រោយ ចូលផ្ទះប្រជាពលរដ្ឋ បន្តទៀតនោះទេ៕/V