​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក យឹម ឆៃលី សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ចាម បាន​ស្នើឱ្យ​ផ្សព្វផ្សាយ​សុន្ទរកថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​រំលឹក​ខួប​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​មួយ​នេះ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១-​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០២២​។​

​ការស្នើ​របស់​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស ដល់​ក្រុមការងារ​គណបក្ស គ្រប់​ថ្នាក់​នេះ បានធ្វើ​ឡើង នៅក្នុង​ឱកាស​ដែល​លោក និង​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើនរូប​ទៀត ព្រមទាំង​សមាជិក សមាជិកា សរុប​ប្រមាណ ១.៥០០ នាក់ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រៀបចំឡើង នៅ​សួន​គ្រញូង នៅ​ក្រុង​កំពង់ចាម នៅ​រសៀល​ថ្ងៃទី ២៨ មិថុនា ម្សិលមិញ​នេះ​។​

​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម បាន​ថ្លែងថាៈ ដើម្បី​ធានា​ភាព​ឈ្នះ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិ​កា​ទី​៧ ឆ្នាំ​២០២៣ ខាងមុខនេះ ត្រូវ​ជំរុញ​ការអនុវត្ត​គោលនយោបាយ របស់​គណបក្ស និង​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដោយ​សមាជិក សមាជិកា​បក្ស​ទាំងអស់ ដែលមាន​វត្តមាន​នាឱកាស​នេះ គឺ​ត្រូវ​យកចិត្តទុកដាក់ យក​ខ្លឹមសារ​ជា​សុន្ទរកថា ដែលមាន​កម្រាស់​ជាង ប្រាំ ទំព័រ របស់​សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​រំលឹក​ខួប​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជា​កម្ពុជា ដោយ​ផ្សព្វផ្សាយ​ដល់ ក្នុង​គណៈកម្មការ​បក្ស បក្ស​ក្រុង បក្ស​ស្រុក មន្ទីរ អង្គភាព ឃុំ​សង្កាត់ រួមទាំង​គ្រប់​សាខា​បក្ស ចំណុះ​ទាំងអស់ ដើម្បី​លើកកម្ពស់​ការយល់ដឹង ពី​ប្រវត្តិ​របស់​គណបក្ស ចងចាំ​គុណបំណាច់ និង​ស្នាដៃ​ប្រវត្តិសាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​បាន​បន្ថែមថាៈ ក្រុមការងារ​បក្ស ត្រូវធ្វើ​សកម្មភាព ឆ្ពោះទៅកាន់​មូលដ្ឋាន រក្សា​ឱ្យបាន​នូវ​សំឡេងគាំទ្រ​គណបក្ស ដែលមាន​នៅក្នុង​ការបោះ​ឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០២២ កន្លងទៅនេះ និង​ឈានទៅ​ការកសាង​កម្លាំង​គាំទ្រ​ថ្មី ជាពិសេស​ក្នុង​ស្រទាប់​យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត គឺ​ដើម្បី​ពង្រឹង​ជោគជ័យ ជ័យ​ជ​ន្នះ នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិ​កា​ទី​៧ ឆ្នាំ​២០២៣ ឱ្យ​កាន់តែ​ថ្លៃថ្លា​បន្ថែមទៀត​។​

​លោក​បាន​បន្តថាៈ គ្រប់​ថ្នាក់ ត្រូវ​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ពង្រឹង​សា​គ្គី​ភាព ក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់ របស់​បក្ស ដែល​ជាប់ឆ្នោត ក្នុង​អាណត្តិ​ថ្មី ខិតខំ​បម្រើប្រជាជន ដោះស្រាយ​បញ្ហា​អសកម្ម​ផ្សេងៗ ដែល​បង្ក​ភាព​ថ្នាំងថ្នាក់ ដល់​ទឹកចិត្ត​ប្រជាពលរដ្ឋ បាន​បោះឆ្នោត​គាំទ្រ​យើង គឺ​បម្រើសេវា​ជូន​ពួកគាត់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​៕/V​