​ដោយៈ សុផល / ភ្នំពេញៈ អនុប្រធាន​បេសកកម្ម ចក្រភព​អង់គ្លេស ប្រចាំ​អាស៊ាន លោកស្រី​បណ្ឌិត Sarah Bennett បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា រយៈពេល​បី​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់ ចក្រភព​អង់គ្លេស ជាមួយ​កម្ពុជា និង​ពិភាក្សា អំពី​អាស៊ាន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៌មាន របស់​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែមិថុនា នេះ​។​

​ចក្រភព​អង់គ្លេស មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ក្លាយជា​ដៃគូ​សន្ទនា​អាស៊ាន នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០២១ ហើយនឹង​ធ្វើឱ្យ​ទំនាក់ទំនង កាន់តែ​ស៊ីជម្រៅ​ជាមួយ​អាស៊ាន ដូចដែល​យើង​យល់ព្រម លើ​ផែនការ​សកម្មភាព​រួម​គ្នា សម្រាប់​រយៈពេល ប្រាំ​ឆ្នាំ​ខាងមុខ​។​

​ភាពជា​ដៃគូ នឹង​នាំទៅរក​កិច្ចសហប្រតិបត្តិការ កាន់តែ​ជិតស្និទ្ធ រវាង​ចក្រភព​អង់គ្លេស និង​តំបន់​លើ​បញ្ហា​ជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការប្រែប្រួល​អាកាសធាតុ បរិស្ថាន វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ការអប់រំ​។​

​ចក្រភព​អង់គ្លេស ប្តេជ្ញា​គាំទ្រ​ដល់​ការធ្វើជា ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​ធ្វើការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ មួយចំនួន ក្នុង​តំបន់ ចាប់ពី​ការកសាង​ឱ្យ​ប្រសើរឡើង ពី​ជំងឺ​កូ​វីដ​១៩ រហូតដល់​ការប្រែប្រួល​អាកាសធាតុ​។​

​អនុប្រធាន​បេសកកម្ម​ចក្រភព​អង់គ្លេស ប្រចាំ​អាស៊ាន លោកស្រី បណ្ឌិត Sarah Bennett បាន​មានប្រសាសន៍ថាៈ «​ខ្ញុំ​រីករាយ​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុងពេលដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន​។ កម្ពុជា គឺជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​ចក្រភព អង់គ្លេស ខណៈដែល​យើង​បង្កើន​ការចូលរួម​របស់​យើង ជាមួយ​តំបន់​ក្នុងនាម​ជា​ដៃគូ​សន្ទនា​ថ្មី របស់​អាស៊ាន​។​

«​ចក្រភព​អង់គ្លេស កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​មិត្ត​កម្ពុជា​របស់​យើង ដើម្បី​គាំទ្រ​ដល់​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​ពួកគេ ជំរុញ​សេដ្ឋកិច្ច​របស់​យើង តាមរយៈ​ពាណិជ្ជកម្ម និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា ដូចជា កូ​វីដ​១៩ និង​ការប្រែប្រួល​អាកាសធាតុ​» ។​

​អនុប្រធាន​បេសកកម្ម​របស់ ចក្រភព​អង់គ្លេស ប្រចាំ​អាស៊ាន បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់ អាស៊ាន និង​រដ្ឋ លេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួងពាណិជ្ជកម្ម ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​កម្ពុជា និង​សហគមន៍​ការទូត​៕/V​