ដោយៈ តាកែវ / តាកែវៈ នៅរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកិច្ចប្រជុំ ដើម្បីណែនាំ និងចាត់វិធានការ បន្ទាន់ ជាមួយកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគណៈគ្រប់គ្រងសាលាទាំងអស់ នៅទូទាំងក្រុងដូនកែវ លើបញ្ហាបារីអេឡិចត្រូនិក (e-cigarette) ដែលកំពុងចរាចរប្រើប្រាស់ និងជួញដូរយ៉ាងច្រើន នៅក្នុងក្រុង ពិសេស នៅតាមរង្គសាល មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន តំបន់ទេសចរណ៍ និងសាសារៀន ទាំងរដ្ឋ និងឯកជន។
ក្នុងកិច្ចប្រជុំនោះ បានធ្វើឡើង ក្រោយពីមានសេចក្តីណែនាំ ពីក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិក ដែលកំពុងជះឥទ្ធិពលខ្លាំងនៅក្នុងសង្គម បច្ចុប្បន្ន ធ្វើឱ្យយុវវ័យ និងមនុស្សពេញវ័យ មួយចំនួន នាំគ្នាប្រើប្រាស់ ទាំងមិនបានគិត ពីផលប៉ះពាល់ ដល់សុខភាព ទៅថ្ងៃមុខ ស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក ដែលហៅថា E-cigarette/Vape និងផលិតផល HTPs នោះ។
ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលក្រុងដូនកែវ បានជំរុញឱ្យសមត្ថកិច្ច និងគណៈគ្រប់គ្រង សាលាទាំងអស់ ត្រូវកំណត់មុខសញ្ញាអ្នកប្រើប្រាស់ រួចធ្វើការដកហូតសំភារៈ និងហៅមកធ្វើ កិច្ចសន្យាអប់រំ ជាលើកដំបូង ព្រមទាំងបន្តស្វែងរកមុខសញ្ញាពាក់ព័ន្ធ និងទីតាំងលក់សំភារៈ បារីអេឡិចត្រូនិកនេះ ៕/V