ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វិស្វករនៅពីក្រោយផ្លូវទាំងនេះជឿលើពាក្យបុរាណពោលថា “បើមាននរណាម្នាក់ធ្វើគុណមកលើអ្នក អ្នកសមតែតបស្នងដល់គេវិញ”។
ផ្លូវបុរាណប៉ានឡុង (Panlong) ដែលទើបសាងសង់ថ្មីៗនេះ នៅភាគខាងលិចប្រទេសចិន មានចំណុចកោងជាង ២០០ ដែលវាបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍យ៉ាងឆាប់រហ័ស។
ផ្លូវអស្ចារ្យសម្រាប់ថតរូបនេះមានចំណុចបត់កោងចុះឡើងៗជាច្រើនតង់មុននឹងឈានដល់កំពូលភ្នំដែលគ្របដោយព្រិល។ វាជាឋានសួគ៌សម្រាប់អ្នកចូលចិត្តបើកបរ និងជាឋាននរកសម្រាប់អ្នកពុលឡាន។
មើលពីលើមេឃ ផ្លូវនេះមានរាងដូចនាគរាជ បង្កើតបានជាឈ្មោះរបស់វា។ ប៉ានឡុង (Panlong) គឺជានាគក្នុងទឹកក្នុងទេវកថាចិន។
ផ្លូវប្រវែង ៧៥ គីឡូម៉ែត្រ ដែលអ្នកស្រុកដាក់មានរហស្សនាមថា ផ្លូវខ្ពង់រាបមេឃា គឺស្ថិតនៅក្នុងតំបន់ស្វយ័តថាក់ក័រហ្គានតាជីក (Taxkorgan Tajik) ខេត្តស៊ីនជាំង។
គោលបំណងដើមរបស់វាគឺផ្តល់ផ្លូវឆ្លងកាត់តាមជួរភ្នំឃុនលុន (Kunlun) សម្រាប់កសិករ និងអ្នកចិញ្ចឹមសត្វក្នុងតំបន់។
ចាប់តាំងពីវាបានបើកដំណើរការក្នុងឆ្នាំ២០១៩មក ផ្លូវនេះត្រូវបានចែករំលែកដោយអ្នកលេង YouTube, Instagram និងអ្នកបញ្ជាដ្រូន ដែលអន្ទះអន្ទែងចង់ថតសម្រស់មិនគួរឱ្យជឿរបស់វា។
ផ្លូវនេះមានកម្ពស់រហូតដល់ ៤.២០០ ម៉ែត្រ ហើយមានមនុស្សរាប់រយនាក់បានបង្ហោះការវាយតម្លៃអំពីការធ្វើដំណើររបស់ពួកគេនៅតាមដងផ្លូវនេះ ដោយពណ៌នាការធ្វើដំណើររបស់ពួកគេថាជា “ការប្រឈមពោរពេញដោយភាពរំភើប” “មិនអាចប្រៀបផ្ទឹមបាន” និង “ស្រស់ស្អាតខ្លាំងណាស់”៕
ផ្លូវបុរាណបានឡុងល្អសម្រាប់អ្នកចូលចិត្តបើកបរ តែអាក្រក់សម្រាប់អ្នកពុលឡានព្រោះវាមានចំណុចបត់កោងរហូតដល់ទៅជាង ២០០