ឆ្នាំជូត
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំកណ្តុរនៅ ខែ មិថុនានេះដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើន ពិសេសស្ត្រីតែងជួបនូវបញ្ហាសុខភាព ប្រាក់កាស និងបញ្ហាផ្ទាល់ខ្លួនជាដើម។ការប្រកបការងារក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្ត ធ្វើកិច្ចសន្យា ចរចាទំនាក់ទំនងការងារ ឬផ្លាស់ប្តូរការងារអ្វីមួយពីព្រោះថាផលតែងឆ្លើយតបដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ការប្រកបការងារលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់ និងលើកសរសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំខាល
រាសីស្រុតចុះ។ក្នុងថ្ងៃនេះយីអ៊ុនលោកអ្នកពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។ការប្រកបការងារលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរហោង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ការរស់នៅជួបនូវបញ្ហាស្មុគ្រស្មាញច្រើន ហើយងាយមានទំនាស់ជាមួយអ្នកដទៃថែមទៀត។ការប្រកបការងារលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយមិនត្រូវបង្កការថ្នាំងថ្នាក់ជាមួយអ្នកដទៃបើពុំនោះទេពិតជាជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើង ហើយពិសេសការប្រកបរបររយះពេលមធ្យមទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ដោយសារតែការយកភាពប្រចែប្រច័ណ្ឌចំពោះគ្នាច្រើន៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានចុះកិច្ចសន្យា ឬធ្វើអ្វីមួយត្រូវចេះមើលឱ្យគ្រប់ជ្រុងជ្រោយបើពុំនោះនឹងជួបនូវផលលំបាកនាក្រោយវិញជាក់ជាពុំខាន ។ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់បើហាងថ្មីឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំពិសេសស្ត្រីមិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចចាត់ចែងការងារចាស់ថ្មីនិងការធ្វើអ្វីមួយមានការភ្លាំងភ្លាត់តិចតួចថែមទៀត។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។
គូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមិនមានការជឿនលឿនដូចការរំពឹងទុកនោះឡើយ។ការប្រកបការងារត្រូវយកចិត្តទុកដាក់គ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះងាយនូវរឿងរាវចំពោះមុខជាងសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួន ហើយបាត់បង់ចំណូលឥតអំពើ។
រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចារសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីទាំងខ្លួនឯង និង អ្នកដទៃ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកជួបបញ្ហារកាំចិត្ត ម្ល៉ោះហើយគប្បីចេះទប់ចិត្តសង្កត់អារម្មណ៍ទើបគ្មានបញ្ហាជម្លោះវិវាទណាមួយកើតឡើង។ការបំពេញការងារឃើញថាមានការជឿនលឿនតិចតួច ហើយបើខូចខាតនោះច្រើនបន្តិចគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្ត។
សេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ឧបទ្រពចង្រៃមិនមកយាយីនាំជួបការលំបាកទេ ហើយដំណើរជីវិតក៏មានភាពរលូនល្អគួរសមឡើងវិញ។ការប្រកបការងារឃើញថាបើលោកអ្នកចង់ជួបចរចាឬនិយាយអ្វីមួយដែលជារឿងសំខាន់ជាមួយចៅហ្វាយនាយឬធ្វើអ្វីមួយតែងហុចផលល្អជាងអាក្រក់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវធ្វើក្នុងកម្រិតមធ្យមមិនត្រូវលោភលន់ឡើយពីព្រោះថាផលអាក្រក់ងាយនឹងកើតមកវិញនៅពេលក្រោយណាស់។ការប្រកបការងារលោកអ្នកត្រូវធ្វើសន្សឹមៗហើយរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរហោង។ការធ្វើជំនួញ វិញលោកអ្នកមិនត្រូវសង្ឃឹមឬប្រាថ្នាខ្ពស់ពេកប្រយ័ត្នធ្លាក់ចុះមកវិញត្រូវឈឺខ្លួនឯងដោយឥតបានប្រយោជន៍អ្វី។
រីឯបញ្ហាសេចក្តីស្នេហាវិញមានការលូតលាស់យឺតតែការថយក្រោយនោះលឿនណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរបំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកតែងជួបនូវឧបសគ្គរារាំងមុខ ដូចនេះបើចង់ធ្វើអ្វីមួយក៏ពុំផ្តល់ផលល្អទ្បើយ តែងមានបញ្ហាយាយីនៅពេលក្រោយវិញ។សម្រាប់ការប្រកបការងារចូរប្ររយ័ត្នចៅហ្វាយនាយ ឬ ក្រុមមនុស្សថាស្តីឱ្យ ឬ បង្កទំនាស់អ្វីមួយកើតឡើងផង។លោកអ្នកមានអារម្មណ៍តប់ប្រម៉ល់ច្រើន ដូចនេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃ។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕