​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ក្រុម​មន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មិថុនា​បាន​អនុម័ត​វ៉ាក់សាំង​កូវី​ដ​១៩​ផលិត​ក្នុងស្រុក​ជា​លើកដំបូង​របស់​ប្រទេស​សម្រាប់​មនុស្ស​ដែល​​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ដោយ​វា​បន្ថែម​ឧបករណ៍​សុខភាព​សាធារណៈ​មួយ​ផ្សេងទៀត​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ត្រាំត្រែង​មួយ​នេះ​។​

​នៅក្នុង​ការសាកល្បង​ព្យាបាល​ដែលមាន​អ្នកចូលរួម​ប្រហែល ៤.០០០ នាក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ចំនួន​ប្រាំ​ផ្សេងទៀត វ៉ាក់សាំង SKYCovione របប​ពីរ​ដូសរ​បស់​ក្រុមហ៊ុន SK Bioscience ហាក់​មាន​ប្រសិទ្ធភាព​ជាង​វ៉ាក់សាំង​ចាក់​យ៉ាង​ទូលំទូលាយ AstraZeneca ក្នុង​ការកសាង​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​នៅ​ក្រសួង​សុវត្ថិភាព​ចំណីអាហារ​និង​ឱសថ​របស់​កូរ៉េខាងត្បូង​។

​គេ​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​ក្រុមមន្ត្រី​នឹង​ចាក់​វ៉ាក់សាំង​ទើប​បង្កើត​ថ្មី​នេះ​ដោយ​របៀប​ណា ឬ​តើ​តួនាទី​របស់​វា​ធំ​ប៉ុនណា​នៅក្នុង​ដំណាក់កាល​បន្ទាប់​នៃ​ជំងឺ​រាតត្បាត​នោះទេ​។​វ៉ាក់សាំង​នេះ​ត្រូវបាន​រចនា​​ឡើង​សម្រាប់​កំណែ​ដើម​នៃ​មេរោគ​កូរ៉ូណា មិនមែន​សម្រាប់​មេរោគ​បំប្លែង​អូ​មី​ក្រុង ដែល​បង្ក​ការបំផ្លិចបំផ្លាញ​នៅក្នុង​ប្រទេស​កាលពី​ដើម​ឆ្នាំ​នេះ​នោះ​ទេ​។​

​ក្រុមហ៊ុន​វ៉ាក់សាំង​យក្ស​របស់​សហរដ្ឋ​អាម៉េរិក Pfizer និង Moderna កំពុង​ពន្លឿន​ការអភិវឌ្ឍដូ​ស​ជំរុញ ដែល​ផ្តោត​លើ​មេរោគ​អូ​មី​ក្រុង ហើយ​អ្នកជំនាញ​និយាយ​ថា​អូ​មី​ក្រុង​អាច​បំប្លែង​ម្តងទៀត​​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។​

​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ទ្រង់ទ្រាយ​ធំ​របស់​កូរ៉េ​ខាងត្បូង​គឺ​ពឹងផ្អែក​ជា​ចម្បង​លើ​វ៉ាក់សាំង mRNA របស់ Pfizer និង Moderna ។ ប៉ុន្តែ​ក្រុម​មន្ត្រី​និយាយថា វ៉ាក់សាំង​ប្រូតេអ៊ីន​ដូចជា SKYCovione ដែល​ស្រដៀង​នឹង​ថ្នាំ​បង្ការ​ដែល​ប្រើ​អស់​ជាច្រើន​ឆ្នាំ​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ​ធម្មតា​និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B​អាច​ទាក់ទាញ​អ្នក​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការប្រើប្រាស់​វ៉ាក់សាំង​ដែល​បង្កើតឡើង​ដោយ​​បច្ចេកវិជ្ជា​ថ្មីៗ​៕

​វ៉ាក់សាំង SKYCovione របប​ពីរ​ដូសរ​បស់​ក្រុមហ៊ុន SK Bioscience ហាក់​មាន​ប្រសិទ្ធភាព​ជាង​វ៉ាក់សាំង​ចាក់​យ៉ាង​ទូលំទូលាយ AstraZeneca ក្នុង​ការកសាង​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ