ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកនឹងបន្ថែមកម្លាំងការពាររបស់អឺរ៉ុបជាមួយនឹងការបញ្ជូននិងដាក់ពង្រាយទ័ពថ្មីមួយ នេះបើតាមប្រធានាធិបតីអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធទី២៩មិថុនា នៅពេលកាំជ្រួចរបស់រុស្ស៊ីបុកចូលបណ្តាទីក្រុងអ៊ុយក្រែន។
ព័ត៌មានអំពីផែនការអាម៉េរិកនេះកើតឡើងចំពេលពួកមេដឹកនាំអង្គការណាតូជួបប្រជុំគ្នាដើម្បីស្វាគមន៍ស៊ុយអែតនិងហ្វាំងឡង់ជាបេក្ខជនដើម្បីចូលរួមក្នុងបក្ខសម្ពន្ធយោធារបស់ខ្លួនដែលវាជាការវាយសំពងទ្វេដងលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងកិច្ចខិតខំរបស់លោកដើម្បីគូសផែនទីសន្តិសុខអឺរ៉ុបជាថ្មី។
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន
លោកបៃដិនបានអួតថា ការប្រកាសរបស់អាម៉េរិកគឺជាអ្វីដែលពូទីន«មិនចង់បាន»និងរដ្ឋាភិបាលទីក្រុងមូស្គូបានប្រតិកម្មទាំងកំហឹងដោយបានថ្កោលទោសផែនការពង្រីកណាតូនេះថាជា«ទង្វើធ្វើអោយបាត់បង់ស្ថិរភាព»ហើយចោទប្រកាន់ណាតូថាស្វះស្វែងទប់រុស្ស៊ីមិនអោយងើបរួច។
នៅពេលក្រុមមេដឹកនាំលោកខាងលិចជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីត នៅអ៊ុយក្រែនពួកមន្ត្រីបានត្អូញត្អែរថា កាំជ្រួចរបស់រុស្ស៊ីបានធ្លាក់ចំផ្ទះជនស៊ីវិលនិងហាងលក់ដូរនៅក្នុងនិងជុំវិញទីក្រុង ឌីនីប្រូ( Dnipro) មីកូឡាអ៊ីវ(Mykolaiv)និងខាគីវ(Kharkiv) ដោយបណ្តាលអោយស្លាប់មនុស្សយ៉ាងតិច៧នាក់និងរបួស១៤នាក់។
នៅទីក្រុងក្រេមិនឈុក(Kremenchuk) កន្លែងដែលកាំជ្រួចរុស្ស៊ីបានបំផ្លាញផ្សារលក់ដូរមួយនិងសម្លាប់ជនស៊ីវិល១៨នាក់ ប្រតិបត្តិការបោសសម្អាតនៅបន្ត។
ក្រុមមេដឹកនាំលោកខាងលិចបានហៅការវាយប្រហារនៅក្រេមិនឈុកថាជាឧក្រិដ្ឋកម្មសង្គ្រាមមួយ ហើយប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គីបានទាមទារអោយក្រុមស៊ើបអង្កេតអន្តរជាតិចូលមកទស្សនា។រុស្ស៊ីបាននិយាយថា ខ្លួនវាយប្រហារតែលើឃ្លាំងស្តុកទុកអាវុធលោកខាងលិចមួយប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបង្កការខូចខាតធ្ងន់ធ្ងរលើទាហានអ៊ុយក្រែន ដែលការពារទីក្រុងលីស៊ីចាន់សខ៍(Lysychansk)នៅតំបន់ដុនបាសនិងថាការវាយប្រហារនៅក្រុងខាគីវ បានត្រូវចំមជ្ឈមណ្ឌលបញ្ជាការអ៊ុយក្រែននិងមូលដ្ឋានហ្វឹកហាត់មួយសំរាប់ទាហានស៊ីឈ្នួលបរទេស។
អាម៉េរិកបានប្រកាសថាក្រោយទទួលយកបេក្ខភាពរបស់ស៊ុយអែតនិងហ្វាំងសំរាប់ចូលជាសមាជិកអង្គការណាតូ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងរើទីបញ្ជាការរបស់កងពលទីប្រាំរបស់ខ្លួនមកកាន់ប៉ូឡូញ។កងកម្លាំងមួយកងពលតូចនឹងផ្លាស់ប្តូរគ្នាចេញចូលរ៉ូម៉ានី និងយន្តហោះប្រយុទ្ធF-35ពីរកងនឹងត្រូវបញ្ជូនទៅកាន់អង់គ្លេស ប្រព័ន្ធការពារដែនអាកាសនឹងបញ្ជូនទៅកាន់អាល្លឺម៉ង់និងអ៊ីតាលី ហើយកងនាវាពិឃាតនៅអេស្ប៉ាញនឹងបង្កើនពីបួនគ្រឿងដល់ប្រាំមួយគ្រឿង។
ចំណែកអគ្គលេខាអង្គការណាតូ លោក ជេន ស្តូលថិនប៊ឺក បាននិយាយថាការពង្រីករបស់ណាតូវាផ្ទុយពីអ្វីដែលពូទីនសង្ឃឹមចង់បាន និងថាក្រុមដឹកនាំក្នុងកិច្ចប្រជុំនេះបានបញ្ជាក់ច្បាស់ថា«រុស្ស៊ីបង្កការគំរាមផ្ទាល់មួយចំពោះសន្តិសុខរបស់យើង»៕
លោក ជេន ស្តូលថិនប៊ឺក បាននិយាយថាក្រុមដឹកនាំក្នុងកិច្ចប្រជុំនេះបានបញ្ជាក់ច្បាស់ថា«រុស្ស៊ីបង្កការគំរាមផ្ទាល់មួយចំពោះសន្តិសុខរបស់យើង»