ដោយៈ មុនីរ័ត្ន / ភំ្នពេញ៖ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិក (E-Cigarette) ចំនួន១៥ទីតាំង និងបានឃាត់មនុស្សចំនួន ៣១នាក់ រួមទាំងវត្ថុតាងជាច្រើន។ ការបង្ក្រាបនេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។

បើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមិថុនានេះ បានឲ្យដឹងថា: កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ ដល់ ២៥ ខែមិថុនា បានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិក (E-Cigarette) ចំនួន៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិក ចំនួន ១២នាក់ (ស្រី៣នាក់) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិក ចំនួន ៨នាក់ (ស្រី១នាក់) មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក និងចាប់យកវត្ថុតាងរួមមាន: ១-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក Vape ចំនួន ១៩ ឈុត ។ ២-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក Yooz ចំនួន ២១៥ ឈុត ។ ៣-ទឹកថ្នាំបារីអេឡិចត្រូនិក Vape ចំនួន ១៤១៧ ដប ។ ៤-ទឹកថ្នាំបារីអេឡិចត្រូនិក Yooz ចំនួន ៩៨៥ ដប និង ៩២២ ប្រអប់ ។

ដោយឡែក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្ក្រាបទីតាំងលក់បារីអាឡិចត្រូនិក (E-Cigarette) ចំនួន៦ ទីតាំងផ្សេងគ្នា ជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិក ចំនួន ៨ នាក់ (ស្រី១នាក់) មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងចាប់យកវត្ថុតាងរួមមាន: ១-បារីអេឡិចត្រូនិចប្រភេទ Yooz និង Vape ចំនួន ៣៤០៩ ដើម ។ ២-បារីអេឡិចត្រូនិក ប្រភេទ Sisa ចំនួន ៣ ដើម ។ ៣-ទឹកថ្នាំបារីអេឡិចត្រូនិក ប្រភេទ Vape ចំនួន ៣៨៣ ដប ។ ៤-ក្បាលបារីអេឡិចត្រូនិក ប្រភេទ Yooz និង Vape ចំនួន ១.០៣៣ ឈុត។ ៥-ខ្សែសាកបារីអេឡិចត្រូនិក ចំនួន ៦ប្រអប់។

អ្នកលក់បារីអេឡិចត្រូនិក និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិក សរុបមានចំនួន ៣១នាក់ (ស្រី៤នាក់) មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងចាប់យកវត្ថុតាង សរុប រួមមាន: ១-បារីអេឡិចត្រូនិក Yooz និង Vape ចំនួន ៣.៤០៩ ដើម។ ២-បារីអេឡិចត្រូនិក Sisa ចំនួន ៣ ដើម។ ៣-ទឹកថ្នាំបារីអេឡិចត្រូនិក Yooz និង Vape ចំនួន ២.៧៨៥ ដប និង៩២២ ប្រអប់ ។ ៤-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក Yooz និង Vape ចំនួន ១.២៦៦ ឈុត និង ៥-ខ្សែសាកបារី អេឡិចត្រូនិក ចំនួន ៦ ប្រអប់៕/V