ឆ្នាំជូត
រាសីល្អជាមធ្យម។ ថ្ងៃនេះចូរកុំប្រមាថស្ថានការណ៍ព្រោះថាងាយឱ្យលោកអ្នកជួបនូវវិបត្តិកើតឡើងដោយងាយណាស់។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើចង់ពឹងពាក់នរណាឬចង់ដោះស្រាយអ្វីមួយអាចយកថ្ងៃនេះក៏ប្រសើរដែរ ។បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នា៕
ឆ្នាំខាល
រាសីស្រុតចុះ។លោកអ្នកតោងតែចងចាំថាភាពតស៊ូអត់ធ្មត់តែងទទួលមកវិញនូវជោគជ័យ។ហេតុនេះបើអំឡុងពេលនេះជួបបញ្ហាអ្វីចេះតស៊ូដោះស្រាយតែងទទួលជោគជ័យមកវិញពុំខាន។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុត ម្ល៉ោះហើយបើចង់ធ្វើការពឹងនរណាម្នាក់ក៏តែងមិនឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់បើបន្តិចវិញ ហើយបើលោកអ្នកចង់ជួញទីជិតឆ្ងាយទៀតសោតក៏តែងសមដូចប្រកបដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។
រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែមផងដែរ៕
ឆ្នាំរោង
រាសីស្រុតចុះ។ទាំងស្ត្រីបុរសនាពេលនេះងាយឈ្លក់វង្វេងនឹងអ្វីមួយដែលជាគ្រឿងស្រវឹងឬល្បែងស៊ីសង ណាស់ប្រយ័ត្នជាប់ផុងខ្លួនហើយក្រែងដកពុំរួច។ការប្រកបការងារបើលោកអ្នកជួបបញ្ហាអ្វីត្រូវចេះទប់ទល់ឱ្យបានល្អទើបគ្មានបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ និងធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។នាពេលនេះបើមានបញ្ហាអ្វីលោកអ្នកចេះក្រោកឡើងតស៊ូដោះស្រាយឃើញថារឿងធំនឹងរួមជាតូចមកវិញ។ការប្រកបការងារមិនសូវសមដូចប្រកបទេ អ្នកខ្លះអាចនាំភាពជូរចត់មកវិញថែមទៀត។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ ពិសេសជម្លោះវិវាទព្រោះតែសម្តីមិនចេះទប់របស់ខ្លួន។
សម្ព័ន្ធស្នេហាកំលោះក្រមុំងាយកើតនូវទំនាស់ណាស់ហេតុនេះត្រូវចេះអត់ឱនឱ្យគ្នាបន្តិចទើបប្រសើរ៕
ឆ្នាំមមី
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើចង់ធ្វើអ្វីមួយក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនអាចឈានជើងចូលរួច។ថ្ងៃនេះដែរបើមានការប្រកបការងារគឺមិនសូវចុះសម្រុងជាមួយក្រុមការងារនិងងាយកើតរឿងរាវថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសឥតសូវសប្បាយចិត្តសប្បាយកាយនោះឡើយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ការរស់នៅក្នុងផ្ទះសម្បែងស្ត្រីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីនាំមានរឿងរាវមិនចេះចប់ មិនចេះហើយ ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ ឬបើប្រកបការងារខាងក្រៅព្រោះតែងតែងរាំងស្ទះ និងពិសេសងាយបាត់បង់ប្រាក់កាសថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេ ដូចនេះបើចង់ធ្វើអ្វីមួយក៏ពុំផ្តល់ផលល្អទ្បើយ តែងមានបញ្ហាយាយីនៅពេលក្រោយវិញ។សម្រាប់ការប្រកបការងារចូរប្ររយ័ត្នចៅហ្វាយនាយ ឬ ក្រុមមនុស្សថាស្តីឱ្យ ឬ បង្កទំនាស់អ្វីមួយកើតឡើងផង។លោកអ្នកមានអារម្មណ៍តប់ប្រម៉ល់ច្រើន ដូចនេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃ។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយនិងខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាកិច្ចការងារតែងជួបនូវភាពជោគជ័យច្រើន។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយទេ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ការរស់នៅចូរចេះអត់ធ្មត់ផលលំបាកចំពោះមុខបន្តិចពីព្រោះថាលោកអ្នកពិបាកពេលនេះពិតមែន តែថ្ងៃខាងមុខល្អប្រសើរវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរលោកអ្នកកុំគប្បីសេពគប់គ្រឿងស្រវឹងពីព្រោះពុំមានសុវត្តិភាពប៉ុន្មានទេពិសេសឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។ការប្រកបការងារមានរលូនល្អ ពុំទទួលការរាំងស្ទះនាំជួបការលំបាកច្រើនឡើយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខមកវិញ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវយកចិត្តទុកដាក់ថែទាំផ្ទះសម្បែង កូនចៅ ឬសូម្បីតែសាច់ញាតិព្រោះនោះសុទ្ធសឹងនាំមកនូវក្តីចម្រុងចម្រើន និងសេចក្តីសុខរបស់យើងទាំងអស់។ក្នុងថ្ងៃនេះដែរដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសល្អហើយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕