​ប្រែ​សម្រួលៈ​បំណង​(ST)៖ ក្រុម​មេដឹកនាំ​អាម៉េរិក ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​យល់ស្រប​គ្នា​ថា ការជំរុញ​កិច្ចសហប្រតិបត្តិការ​ត្រី​ភាគី​មាន​សារសំខាន់​ស្លាប់​រស់​នៅក្នុង​ការដោះស្រាយ​បញ្ហា​តំបន់​រួម​មាន​​ការ​គំរាម​ខ្លាំង​ឡើង​ពី​ការពង្រីក​សមត្ថភាព​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េខាងជើង​។​

​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន​ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា និង​ប្រធានាធិបតី​កូរ៉េខាងត្បូង យូ​ន ស៊ុក​-​យ៉ូល​នៅក្រៅ​ជំនួប​កំ​ពូលណា​តូ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​កាលពី​ថ្ងៃ​ពុធ​

​ពួក​លោក​ក៏​បាន​សង្កត់ធ្ងន់​អំពី​តំរូវការ​បង្កើន​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​ត្រីភាគី​និង​ពង្រីកសម​ត្ថភាព​រារាំង​សត្រូវ​របស់​អាម៉េរិក​សំរាប់​សម្ពន្ធមិត្ត​ទាំងពីរ​។​

​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន​ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា និង​ប្រធានាធិបតី​កូរ៉េខាងត្បូង យូ​ន ស៊ុក​-​យ៉ូល​នៅក្រៅ​ជំនួប​កំ​ពូលណា​តូ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​កាលពី​ថ្ងៃ​ពុធ​។​វា​ជា​ជំនួប​កំ​​ពូ​ល​ត្រីភាគី​លើកដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ និង​ក៏​ជា​លើកដំបូង​ផងដែរ​ដែល​អ្នក​ទាំង​បី​ជួបជុំគ្នា​ក្នុង​កិច្ចខិតខំ​ស្ថាបនា​ទំនាក់ទំនង​ឡើងវិញ​។​

​អ្នក​កាន់​តំណែង​ពី​មុន​របស់​ពួកលោក បាន​ជួបជុំគ្នា​នៅ​ក្រុង​ញូវយ៉ក​ក្នុងអំឡុង​ជំនួប​កំពូល​ឆ្នាំ​២០១៧ តែ​បន្ទាប់​ពី​ពេលនោះ​មក​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មិនបាន​យកចិត្តទុកដាក់​កិច្ចការ​ទូត​នៅ​​ពេល​ការបែកបាក់​កាន់តែ​រីកធំ​ឡើង​រវាង​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​និង​សេ​អ៊ូ​ល ដោយសារ​តែ​ជម្លោះ​មួយ​ស្តីពី​ពលកម្ម​បែប​បង្ខំ​កាលពី​សម័យ​សង្គ្រាម​។​

​ប្រធានាធិបតី​យូ​ន ដែលទើប​ចូលកាន់​តំណែង​កាលពី​ខែ​មុន បាន​បង្ហាញ​បំណង​សហការ​ជាមួយ​អាម៉េរិក​ខ្លាំង​ឡើង និងចង់​ផ្សះផ្សារ​ទំនាក់ទំនង​ជាមួយ​ជប៉ុន​ផងដែរ​។​

​កាលពី​ថ្ងៃ​ពុធ លោក​បាន​បញ្ជាក់​អំពី​«​តំរូវការ​បន្ទាន់​»​សំរាប់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន តូ​ក្យូ​និង​សេ​អ៊ូ​ល​រួម​គ្នា​ឆ្លើយតប​នឹង​ការ​បង្ករឿង​កាន់តែខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​សាកល្បង​កាំ​ជ្រួច​យ៉ាងតិច​១៨​លើក​គិត​ចាប់តាំងពី​ខែ​មករា​មក និង​រំពឹងថា​នឹង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​នៅពេល​ណា​មួយ​។​

​លោក​យូ​ន​បាន​និយាយថា​«​ការ​គំរាម​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េខាងជើង​បន្ត​វិវត្ត ហើយ​ទិដ្ឋភាព​សកល​កំពុង​ប្រឈម​ភាពមិនប្រាកដប្រជា​ខ្លាំង​ឡើង ដូច្នេះ​ការជំរុញ​ភាព​ជា​ដៃគូ​ត្រី​ភាគី​របស់​យើង​វា​​កាន់តែ​មាន​សារសំខាន់​។​ខ្ញុំ​សង្ឃឹមថា​ជំនួប​របស់​យើង​នឹងដាក់​ភាពជា​ដៃគូ​របស់​យើង​ជា​សសរ​កណ្តាល​មួយទៀត​សំរាប់​សន្តិភាព​និង​ស្ថិរភាព​សកល​»​។​

​ចំណែក​ប្រធានាធិបតីបៃដិ​ន បាន​បញ្ជាក់​អំពី​«​ការប្តេជ្ញា​ចិត្ត​មិន​រង្គុះរង្គើ​»​របស់​អាម៉េរិក​ដើម្បី​ការពារ​ទាំង​ជប៉ុន​និង​កូរ៉េខាងត្បូង និង​ថា​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​«​មាន​សារសំខាន់​ក្នុង​ការសំរេច​​គោលដៅ​រួម​គ្នា​របស់​យើង រួម​មាន​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ​មួយ​»​។​

​ក្នុងពេល​ជាមួយគ្នា លោក​គី​ស៊ី​ដា បាន​សម្តែង​ក្តីសង្ឃឹម​ថា ប្រទេស​ទាំង​បី​អាច​ឆ្លើយតប​នឹង​ការ​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែល​គេ​រំពឹងទុក​នោះ ក្នុង​«​កំរិត​ត្រីភាគី រួម​មាន​សមយុទ្ធ​រួម​​គ្នា​ផង​»​។​​លោក​ក៏​យល់ព្រម​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​នាំ​កូរ៉េខាងជើង​អោយ​វិល​មក​កាន់​តុ​ចរចា​វិញ​ផងដែរ​។​

​សូម​រំលឹក​ថា កិច្ចចរចា​ស្តីពី​ការរំសាយ​នុយក្លេអ៊ែរ​បាន​ជាប់គាំង​ចាប់តាំងពី​ឆ្នាំ​២០១៩​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​អតីត​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ដោយសារ​តែ​ការខ្វែងគំនិត​គ្នា​អំពី​ការ​​បន្ធូរបន្ថយ​ទណ្ឌកម្ម​និង​ជំហាន​នៃ​ការរំសាយ​នុយក្លេអ៊ែរ​ចោល​៕