ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាជ្ញាធរនិងនិយោជករបស់គាត់បាននិយាយកាលពីថ្ងៃពុធទី២៩មិថុនាថា អ្នកយកព័ត៌មានម៉ិកស៊ិកម្នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋព្រំដែនភាគខាងជើងពោរពេញអំពើហិង្សាបំផុតមួយរបស់ប្រទេសនេះ ដែលនេះជាការវាយប្រហារចុងក្រោយបំផុតនៅក្នុងប្រទេសដែលមានគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោកសម្រាប់អ្នកកាសែត។
លោក អង់តូនីញ៉ូ ដេ ឡា គ្រូស (Antonio de la Cruz) ជាអ្នកកាសែតសម្រាប់កាសែតក្នុងស្រុក Expreso ត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះរបស់គាត់ក្នុងទីក្រុងស៊ីវដាដ វីកតូរៀ (Ciudad Victoria) រដ្ឋតាមូលីប៉ាស (Tamaulipas) នេះយោងតាមកាសែតដែលគាត់ធ្វើការឱ្យ។
រដ្ឋតាមូលីប៉ាសគឺជារដ្ឋឈូងសមុទ្រ ដែលស្ថិតភាគខាងត្បូងនៃរដ្ឋតិចសាស់ជាកន្លែងដែលក្រុមជួញដូរគ្រឿងញៀនដ៏ឃោរឃៅប្រយុទ្ធគ្នាដណ្តើមផ្លូវរត់ពន្ធគ្រឿងញៀនដ៏កាក់កប។ អ្នកកាសែតក្នុងស្រុកដែលផ្ដោតលើឧក្រិដ្ឋកម្មនិងអំពើពុករលួយ គឺងាយរងគ្រោះណាស់។
ការស្លាប់របស់លោកគ្រូសកើតឡើងបន្ទាប់ពីបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិចប្រាំបីនាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងប្រទេសម៉ិកស៊ិកក្នុងឆ្នាំនេះ ដោយសារតែការរាយការណ៍ព័ត៌មានរបស់ពួកគេ នេះបើយោងតាមកម្មវិធីដែលមានឈ្មោះថា “មាត្រា ១៩” របស់អង្គការសិទ្ធិមនុស្ស។
លោក លីអូប៉ុលដូ ម៉ាល់ដូណាដូ (Leopoldo Maldonado) នាយកប្រចាំតំបន់នៃកម្មវិធីមាត្រា១៩ នៅម៉ិកស៊ិកនិងអាម៉េរិកកណ្តាលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា តម្រុយដំបូង”លើកឡើងថា ឃាតកម្មរបស់គាត់អាចជាប់ទាក់ទងនឹងការរិះគន់ខាងនយោបាយរបស់គាត់” ក្នុងនាមជាអ្នកកាសែត។
កូនស្រីរបស់អ្នកកាសែតរូបនេះបានរងរបួសក្នុងការវាយប្រហារ។ អភិបាលរដ្ឋតាមូលីប៉ាស លោក ហ្វ្រង់ស៊ីស្កូ ហ្គាសៀ ខាបេហ្សា ដេ វ៉ាកា (Francisco Garcia Cabeza de Vaca)បាននិយាយកាលពីរសៀលថ្ងៃពុធថា នាងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកអភិបាលបាននិយាយថា “យើងនឹងមិនឈប់ទេដរាបណាយើងរកឃើញអ្នកទទួលខុសត្រូវ ហើយយើងនឹងផ្តន្ទាទោសពួកគេដោយទម្ងន់ច្បាប់ពេញទំហឹង”។
ក្រុមហ៊ុនមេ La Razon របស់កាសែត Expreso បានទាមទារយុត្តិធម៌។
ការិយាល័យអគ្គរដ្ឋអាជ្ញារបស់រដ្ឋតាមូលីប៉ាសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើកការស៊ើបអង្កេត ហើយប៉ូលិសកំពុងប្រមូលភស្តុតាង និងតាមប្រមាញ់ជនវាយប្រហារ។លោកអភិបាលបាននិយាយថា ការិយាល័យនឹងផ្តល់បច្ចុប្បន្នភាពក្នុងរយៈពេលច្រើនម៉ោងទៀត៕
លោក អង់តូនីញ៉ូ ដេ ឡា គ្រូស គឺជាអ្នកកាសែតទី៩ហើយដែលគេសម្លាប់នៅម៉ិកស៊ិកក្នុងឆ្នាំ២០២២