​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ពុធ​ទី​២៩​មិថុនា កងកម្លាំង​រុស្ស៊ី​បាន​ប្រយុទ្ធ​ដើម្បី​ឡោមព័ទ្ធ​ទីតាំង​រឹងមាំ​ចុងក្រោយ​របស់​យោធា​អ៊ុយ​ក្រែន​នៅ​ខេត្ត​ភាគ​ខាងកើត​ខណៈ​គ្រប់គ្នា​​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​ពី​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ទៅលើ​ផ្សារ​ទំនើប ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៨ នាក់​នៅ​កណ្តាល​ប្រទេស​កាលពី​ពីរ​ថ្ងៃមុន​។​

​ការប្រយុទ្ធ​របស់​ទីក្រុង​មូ​ស្គូ​ដើម្បី​ដណ្តើមយក​តំបន់​ដុន​បាស​ទាំងមូល​ពី​អ៊ុយ​ក្រែន​បានឃើញ​កងកម្លាំង​រុស្ស៊ី​រុល​ឆ្ពោះទៅ​ភូមិ​ចំនួន​ពីរ​នៅ​ភាគខាងត្បូង​ទីក្រុង​លី​ស៊ី​ចាន់ (Lysychansk)​ខណៈ​កង​​ទ័ព​អ៊ុយ​ក្រែន​ព្យាយាម​ប្រយុទ្ធ​ដើម្បី​ទប់​ស្កាត់​ការឡោមព័ទ្ធ​របស់​ពួកគេ​។​

​ក្រសួង​ការពារជាតិរ​បស់​ចក្រភព​អង់គ្លេស​បាន​និយាយថា កងកម្លាំង​រុស្ស៊ី​កំពុង “​រុលទៅមុខ​បន្ថែម​” នៅក្នុង​ការវាយលុករ​បស់​ពួកគេ​ដើម្បី​ដណ្តើមយក​ទីក្រុង​លី​ស៊ី​ចាន់​ដែល​ជា​ទីក្រុង​ចុងក្រោយ​នៅ​​ក្នុង​ខេត្ត​លូ​ហា​នស​ខ៍ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុ​យក្រែន បន្ទាប់​ពី​ការដកថយ​របស់​កង​កម្លាំង​អ៊ុយ​ក្រែន​ពី​ទីក្រុង​ស៊ីវី​រ៉ូ​ដូណិត​ស​ខ៍ (Sievierodonetsk) នៅ​ជិតខាង​។​

​កងទ័ព​រុស្ស៊ី​និង​សម្ពន្ធមិត្ត​ក្រុម​បំបែក​ខ្លួន​របស់​ពួកគេ​បាន​គ្រប់គ្រង ៩៥ ភាគរយ​នៃ​ខេត្ត​លូ​ហាន​សខ៍និង​ប្រហែល​ពាក់កណ្តាល​នៃ​ខេត្ត​ដូណិត​ស​ខ៍ ដែល​ខេត្ត​ទាំង​ពីរ​បង្កើតបានជា​តំបន់​ដុន​បាស ដែល​មាន​អ្នក​និយាយ​ភាសា​រុស្ស៊ី​ភាគច្រើន​រស់នៅ​។​

​ការវាយតម្លៃ​ចុងក្រោយ​ដោយ​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​លើកឡើង​ថា អ៊ុយ​ក្រែន​ទំនងជា​ប្រើ​យុទ្ធសាស្ត្រ​ដកថយ​ដើម្បី​ស្វែងរក​ទីតាំង​ការពារ​ខ្លួន​បន្ថែម​ទៀត ខណៈ​កំពុង​ធ្វើឱ្យ​រុស្ស៊ី​ចំណាយ​កម្លាំង​មនុស្ស​និង​ធនធាន​កាន់តែច្រើន​។​

​លោក អាវ​រី​ល ហេ​នស៍ (Avril Haines) នាយក​ផ្នែក​ចារ​កម្ម​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក បាន​និយាយថា រុស្ស៊ី “​ប្រហែល​ជា​គិតថា​ពេលវេលា​វាយ​ឈ្នះ​កំពុង​នៅ​ខាង​ពួកគេ​”​ដោយសារតែ​ការ​កើន​​ឡើង​ការចំណាយ​កាន់តែ​ច្រើន​ដោយ​លោកខាងលិច និង​ការ​អស់កម្លាំង​ដោយសារ​សង្គ្រាម​អូសបន្លាយ​ពេល​កាន់តែ​យូរ​។ លោក​ហេន​ស៍បាន​និយាយ​ថា​សេណា​រី​យ៉ូ​ដែល​ទំនង​បំផុត​ដែល​បាន​ព្យាករណ៍​​ដោយ​ចារកម្ម​អាម៉េរិក​គឺ​នឹងមាន “​ការតស៊ូ​ដ៏​លំបាក​” ដែល​ក្នុងនោះ​រុស្ស៊ី​នឹង​ពង្រឹង​បាន​ការកាន់កាប់​របស់​ខ្លួន​លើ​ភាគខាងត្បូង​អ៊ុយ​ក្រែន​នៅ​ត្រឹមរដូវ​ស្លឹកឈើ​ជ្រុះ​៕

​អ្នក​សង្គ្រោះ​កំពុង​រុំ​របួស​ឱ្យ​ជនរងគ្រោះ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ក្នុង​ទីក្រុង​មី​កូឡាអ៊ីវ កាលពី​ថ្ងៃ​ពុធ​ទី​២៩​មិថុនា ឆ្នាំ​២០២២

ទាហានអ៊ុយក្រែនរងរបួសពីការបាញ់ផ្លោងរបស់រុស្ស៊ី