ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ជំនួយ​យោធា​បន្ថែម​ចំនួន​មួយ​ពាន់​លាន​ផោន​ទៀត​សម្រាប់​អ៊ុយ​ក្រែន​ដើម្បី​បង្កើន​ការគាំទ្ររ​បស់​ខ្លួន​យ៉ាង​ពេញទំហឹង​សម្រាប់​​ការការពារ​ប្រទេស​របស់​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ។​

​មូលនិធិ​ថ្មី​នេះ​គឺ​ស្មើ​នឹង​ការកើនឡើង ៧៧ ភាគរយ​លើ​ទឹកប្រាក់​ចំនួន ១,៣ ពាន់​លាន​ផោន​ដែល​បាន​ផ្តល់​រួចហើយ ខណៈ​លោក បូរី​ស ច​ន​សុន អះអាងថា ការគាំទ្រ​របស់​ចក្រភព​អង់គ្លេស​កំពុង “​ប្រែ​មុខមាត់​ការការពារ​របស់​អ៊ុ​យក្រែន​” ប្រឆាំង​នឹង​ការវាយលុក​របស់​រុស្ស៊ី​។​

​ការសន្យា​គាំទ្រ​ផ្នែក​យោធា​បន្ថែម​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែន​ជំរុញ​ឱ្យ​មេដឹកនាំ​ណា​តូ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជួយ​ប្រទេស​របស់​គាត់​ទប់ទល់​នឹង​ការ​លុកលុយ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​នៅ​ឯ​កិច្ចប្រជុំ​កំពូល​របស់​ណា​តូ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចក្រភព​អង់គ្លេស​បាន​សន្យា​ផ្តល់​មូលនិធិ​ឆ្ពោះទៅ​រក​សមត្ថភាព​ជា​ច្រើន​រួម​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប​ ដ្រូ​ន និង ឧបករណ៍​សង្គ្រាម​អេឡិចត្រូនិក​។​

​ក្រុមមន្ត្រី​អង់គ្លេស​បាន​និយាយថា គ្រឿង​បរិក្ខារ​សឹក​ទាំងនេះ​តំណាងឱ្យ​ជំហាន​ដំបូង​ក្នុង​ការជួយ​អ៊ុយ​ក្រែន​ប្រឹងទៅ​មុខ​ហួស​ពី​ការការពារ​ខ្លួន​និង​អនុវត្ត​ប្រតិបត្តិការ​វាយបក​វិញ​លើ​កងកម្លាំង​ជើងគោក​​រុស្ស៊ី​ក្នុង​គោលបំណង​ដើម្បី​ដណ្តើម​មកវិញ​នូវ​ទឹកដី​ដែល​បាត់បង់​។​

​លោក​ច​ន​សុន​បាន​និយាយថា “​អំពើ​ឃោរឃៅ​របស់​លោក​ពូ​ទីន​នៅតែ​បន្ត​ឆក់យក​ជីវិត​ជនជាតិ​អ៊ុយ​ក្រែ​ន​និង​គំរាមកំហែង​ដល់​សន្តិភា​ព​និង​សន្តិសុខ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​”​។​

“​ខណៈ​ដែល​លោកពូ​ទីន​ខកខាន​ក្នុង​ការទទួលបាន​ផល​ដែល​គាត់​រំពឹង​ទុក​និង​សង្ឃឹម​ទុក ហើយ​ភាព​ឥតប្រយោជន៍​នៃ​សង្គ្រាម​នេះ​មើលឃើញ​កាន់តែ​ច្បាស់​សម្រាប់​ទាំងអស់គ្នា ការវាយប្រហារ​របស់​គាត់​ប្រឆាំងនឹង​ប្រជាជន​អ៊ុយ​ក្រែន​គឺ​កាន់តែ​ព្រៃផ្សៃ​”​។​

“​អាវុធ បរិក្ខារ និង​ការ​ហ្វឹកហ្វឺន​របស់​ចក្រ​ភព​អង់គ្លេស​កំពុង​ប្រែ​ប្តូរ​មុខមាត់​ការការពារ​របស់​អ៊ុយ​ក្រែន​ប្រឆាំងនឹង​ការវាយលុ​កនេះ​។ ហើយ​យើង​នឹង​បន្ត​គាំទ្រ​ពី​ក្រោយ​ប្រជាជន​អ៊ុយ​ក្រែន​ដើម្បី​ធានា​ថា​លោកពូ​ទីន​បរាជ័យ​ក្នុងប្រទេស​អ៊ុ​យក្រែន​”៕

​លោក​ច​ន​សុន (​កណ្តាល​) ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​ណា​តូ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​កាលពី​ថ្ងៃ​ពុធ