ដោយៈ សរិទ្ធ / តាកែវៈ កម្លាំងនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ សហការជាមួយនគរបាល ស្រុកឈូក ខេត្តកំពត បានឃាត់ខ្លួនជនជាតិថៃ បីនាក់ ពាក់ព័ន្ធករណីលួចឡានបុរស ជនជាតិខ្មែរម្នាក់។

បើការបញ្ជាក់ពីជនរងគ្រោះ ជាម្ចាស់ឡាន ឈ្មោះ ព្រឿង វុធ ភេទប្រុស អាយុ ៤៤ ឆ្នាំ មានលំនៅ នៅភូមិលេខ១ សង្កាត់លេខ១ ខេត្តព្រះសីហនុ មុខរបរ រត់តាក់ស៊ី ដែលដឹក ជនជាតិថៃ បីនាក់ ខាងលើនេះ បានឱ្យដឹងថាៈ គាត់បានដឹកជនជាតិថៃ បីនាក់ ចេញមកពី ផ្ទះសំណាក់កាស៊ីណូដំរី២ (ជ្រៃធំ) ខេត្តកណ្ដាល យកទៅដាក់ខេត្តព្រះសីហនុ តាមការជួល​ ក្នុងគ្រុបវីឆាត តម្លៃ ៧០ ដុល្លារអាម៉េរិក។ លុះធ្វើដំណើរ មកដល់ចំណុចខាងលើ គាត់ (តៃកុងរថយន្ត) បានឈប់ជុះនោម ដោយពុំដកសោររថយន្តទេ ។ ខណៈនោះ ជនសង្ស័យ ទាំងបីនាក់ ក៏បានបើករថយន្តនោះ យកទៅបាត់ តាមផ្លូវជាតិលេខ៣ ទៅទិសខាងលិច ។ ភ្លាមៗនោះដែរ គាត់ក៏បានប្ដឹងសមត្ថកិច្ច ជួយអន្តរាគមន៍ ឃាត់បានទាំងរថយន្ត ទាំងមនុស្ស បានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថាៈ ក្រោយទទួល បានពាក្យបណ្ដឹង របស់ជនរងគ្រោះថា មានជនបរទេស លួចបើកយករថយន្តខ្លួន រត់គេចខ្លួន ភ្លាមៗនោះ កម្លាំងនគរបាលស្រុកត្រាំកក់ បានសហការជាមួយ នគរបាលស្រុកឈូក ខេត្តកំពត ពួនស្ទាក់ឃាត់ឡាន ដូចភិនភាគ ដែលបានរាយការណ៍ក្នុងពាក្យបណ្ដឹង បាននៅចំណុចឃុំបានាវ ស្រុកឈូក ខេត្តកំពត និងឃាត់ខ្លួនជនសង្ស័យ បីនាក់ មានៈ
១-ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ ២៩ ឆ្នាំ នៅស្រុកអាំផូវ៉ា ខេត្តសាមុតសាខន ចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ តាមច្រកប៉ោយប៉ែត តាមរយៈមេខ្យល់ខ្មែរ មកធ្វើការ​ ក្នុងកាស៊ីណូ ប៉ោយប៉ែត (ហ្គែមអនឡាញ) ។ ២-ឈ្មោះ ប៉ាក ឡាំសាភីត ភេទប្រុស អាយុ ២០ ឆ្នាំ នៅបាងកក (ក្រុងថេប) ប្រទេសថៃ ចូលមកកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅច្រកប៉ោយប៉ែត តាមរយៈបងប្អូន ធ្វើការប័ណ្ណភាគហ៊ុនកាស៊ីណូ ប៉ោយប៉ែត។ ៣-ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ ភេទប្រុស អាយុ ២៧ ឆ្នាំ នៅស្រុកកោស៊ីឆាង ខេត្តឈុនបូរី ប្រទេសថៃ ចូលមកកម្ពុជា ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត មកធ្វើការអនឡាញ ក្នុងកាស៊ីណូ។

លោកអធិការនគរបាល ស្រុកត្រាំកក់ បានឱ្យដឹងថាៈ តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំងបីនាក់ បានសារភាពថា ពួកគេបានចូលមកប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត (តាមរយៈមេខ្យល់ មកធ្វើការអនឡាញ ក្នុងកាស៊ីណូ) ហើយក្នុងការធ្វើការនេះ ខាងកាស៊ីណូ បានចល័តទីកន្លែង ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ទៅជ្រៃធំ ខេត្តកណ្ដាល ដោយពុំមានប្រាក់ខែទេ។ លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ខាងកាស៊ីណូជ្រៃធំ បានឱ្យរថយន្ត មកដឹកពួកគេ មកខេត្តព្រះសីហនុវិញ តែដោយពួកគេ​ ពុំចង់ទៅធ្វើការ ក្នុងកាស៊ីណូនោះទៀតទេ។ លុះធ្វើដំណើរ មកដល់ចំណុច កើតហេតុ ខាងលើ ពួកគេ ក៏បានលួចយករថយន្ត ខាងលើ ដើម្បីរត់គេចខ្លួន ពីម្ចាស់កាស៊ីណូ ដោយពុំមានបំណងលួចរថយន្ត យកទៅលក់នោះទេ តែត្រូវបានសម្ថកិច្ច ឃាត់ចាប់បាន តែម្ដង។

លោកអធិការនគរបាល ស្រុកត្រាំកក់ បានបញ្ជាក់ថាៈ នៅពេលឃាត់ខ្លួនជនជាតិថៃទាំងបីនាក់ នេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន រថយន្ត១គ្រឿង ម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកមាស សេរីឆ្នាំ២០០១ ពាក់ផ្លាកលេខ ព្រះសីហនុ 2A 2789 ទូរស័ព្ទដៃ ៤គ្រឿង កាតាបដាក់ខោអាវ មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី៕/V-PC