ដោយ៖ ដេប៉ូ / សៀមរាប៖ ក្រសួងបរិស្ថាន បាននិងកំពុងអភិរក្ស ក៏ដូចជា ចូលរួមអភិវឌ្ឍន៍ តំបន់ប្រាសាទ តំបន់ធនធានធម្មជាតិ និងតំបន់ផ្សេងៗទៀត ដែលជាគោលដៅទេសចរណ៍ ដើម្បីធ្វើយ៉ាងណា ចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍ និងពិសេសការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន។

លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋាន ទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន បានថ្លែង ក្នុងពេលចុះបំពេញទស្សនកិច្ច នៃការអនុវត្តគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា” ទៅកាន់ឧឡានជាតិ ព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន និង បឹងទន្លេសាប ចាប់ពីថ្ងៃទី ២៨-៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថាៈ ឧឡានជាតិភ្នំគូលែន គឺជាគោលដៅដ៏ដំខាន់មួយ នៃតំបន់ទេសចរណ៍ ជាច្រើនទៀត នៅខេត្តសៀមរាប។ តំបន់មួយនេះ មានទាំងសម្បត្តិវប្បធម៌ បេតិកភណ្ឌ ដែលជាផ្នែកមួយ សម្រាប់ទាក់ទាញ ភ្ញៀវទេសចរ។

លោកបានបញ្ជាក់ថាៈ “ក្រសួងបរិស្ថាន មានគោលដៅសំខាន់ ចូលរួមអភិរក្សធនធានធម្មជាតិ ប៉ុន្តែទន្ទឹមជាមួយគ្នានេះ យើងក៏បានចូលរួមជួយ ផ្នែកថែរក្សា ការពារសម្បត្តិបេតិកភណ្ឌ ប្រាសាទ និងតំបន់ដទៃទៀត ដោយបានចូលរួមសហការជាមួយក្រសួងវប្បធម៌។ យើងបាន ចូលរួមជាមួយ ក្រសួងពាក់ព័ន្ធផ្សេងទៀត សំដៅធ្វើយ៉ាងណា រៀបចំតំបន់ទេសចរណ៍ ឱ្យសម្បូរបែប ពិសសភ្ញៀវទេសចរ ដែលមកកាន់ខេត្តសៀមរាប តែម្តង” ។

ទាក់ទិនទៅនឹងការអនុវត្តគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ដែលជាគម្រោងជំនួយហិរញ្ញប្បទាន របស់ធនាគារពិភពលោក នេះដែរ លោក ឃិន ម៉េងឃាង បានមានប្រសាសន៍ថាៈ ក្រសួងបរិស្ថានបានសិក្សាស្រាវជ្រាវរួចហើយ គឺមានទីតាំងគោលដៅ ថ្នាក់តំបន់ចំនួន ៣កន្លែង ទី១ នៅឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ទី២ នៅតំបន់ភ្នំឱរ៉ាល់ និងទី៣ នៅតំបន់តាតៃខេត្តកោះកុង ។

លោក ឃិន ម៉េងឃាង បានថ្លែងថាៈ សម្រាប់នៅឧឡានជាតិ ព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែននេះ មានសហគមន៍ចំនួន ៥ ដែលកំពុងទទួលផលប្រយោជន៍។ ចំពោះគម្រោង ” និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” គឺបានសិក្សាទៅលើផ្លូវតភ្ជាប់ ដែលមានទាំងក្នុងសហគមន៍ និងផ្លូវដើរព្រៃ។ ក្រៅពីនេះ យើងនឹងសិក្សាទៅលើផ្ទាំងដែន ទេសភាព ដើម្បីកំណត់ថា តំបន់ណាដែលជាកន្លែង មានសក្តានុពល សម្រាប់រៀបចំហេដ្ឋា រចនាសម្ព័ន្ធ សម្រាប់ឱ្យវិស័យឯកជន ចូលមកវិនិយោគ ពិសេសគម្រោងអេកូទេសចរណ៍ ខ្នាតតូច ។ ក្រៅពីនេះ យើងនឹងពិនិត្យមើលទៅលើទឹកស្អាត អនាម័យ។ ជាមួយគ្នា យើងនឹងគាំទ្រ ដល់សហគមន៍នានា ដើម្បីរៀបចំអេកូទេសចរណ៍កម្រិតសហគមន៍ ដើម្បីសំដៅលើកស្ទួយជីវភាពគ្រួសាររបស់ពួកគាត់ ឱ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត។

គួរបញ្ជាក់ថា សម្រាប់ការបំពេញទស្សនកិច្ច រយៈពេលបីថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី ២៨ ដល់ទី ៣០ ខែមិថុនា ឆ្នាំ២០២២ នៃការអនុវត្តគម្រោង ” និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា” មានគោលបំណងសំខាន់ៗ ដូចជាៈ (១) បង្ហាញពីវឌ្ឍនភាព និងផែនការ សកម្មភាពគម្រោង – (២) ពិនិត្យទិដ្ឋភាពជាក់ស្ដែង លើអនុសាសន៍នានា ដែលជាលទ្ធផល នៃការសិក្សារៀបចំចក្ខុវិស័យ និងផែនការវិនិយោគ អេកូទេសចរណ៍ (៣) បង្ហាញសក្តានុពល សម្រាប់ការវិនិយោគអេកូទេសចរណ៍ ប្រកបដោយនិរន្តរភាព និង (៤) ស្វែងយល់ពីជីវភាព រស់នៅរបស់ប្រជាសហគមន៍ នៅតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងបឹងទន្លេសាប ៕/V-PC

លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថាន