ដោយៈចាន់តូ / ភ្នំពេញៈ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានចុះបង្ក្រាបផ្ទះបនស្រី ជ្រកក្រោមស្លាកកោសជប់ និងម៉ាស្សា យីហោ ៦៦៦ ស្ថិតនៅផ្ទះលេខ ០៧A ផ្លូវជាតិលេខ៥ ក្នុងក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងបានឃាត់ខ្លួនថៅកែ ពីរនាក់ ប្តីប្រពន្ធ និងនាំខ្លួនស្រ្តី ម៉ាស្សា ចំនួនបីនាក់ ទៅសាកសួរ កាលពីវេលាម៉ោងប្រមាណ ៩និង៣០នាទី យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

ការឆែកឆេរ និងបង្ក្រាបផ្ទះម៉ាស្សានេះ ធ្វើឡើង​ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួល ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ​ ព្រមទាំងមានការចូលរួម សហការ ពីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ និងនគរបាលមូលដ្ឋាន ផងដែរ។

ថៅកែហាង ពីរនាក់ ប្តីប្រពន្ធ ដែលបានឃាត់ខ្លួន ត្រូវបានសមត្ថកិច្ច ប្រាប់ឱ្យដឹងថាៈ ឈ្មោះ ចូច ជឿន អាយុ ២៩ ឆ្នាំ ជាប្តី និងឈ្មោះ ហន សុភានី អាយុ​ ៤​១ ឆ្នាំ ជាប្រពន្ធ។ អ្នកទាំងពីរ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ ។

បើតាមនគរបាល បានឱ្យដឹងថាៈ ផ្ទះខាងលើ បានបើកដំណើរការ កោសជប់ និងម៉ាស្សា ហើយលួចបម្រើសេវាផ្លូវភេទ ដោយមានការស្រាវជ្រាវ ពីកម្លាំងនគរបាលជំនាញ សមត្ថកិច្ច ក៍បានសុំគោលការណ៍ពីព្រះរាជអាជ្ញា ចុះឆែកឆេរ និងបង្ក្រាបតែម្តង ។

ប្រភពដដែល បានដឹងថាៈ បន្ទប់ចំនួន៤ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ឆែកឆេរ រកឃើញវត្ថុតាង មានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើជាច្រើន ។ បន្ទាប់ពីបញ្ចប់ការឆែកឆេរ សមត្ថកិច្ច បានឃាត់ខ្លួន ថៅកែហាង ពីរនាក់ ប្តីប្រពន្ធ និងនាំខ្លួន ស្រ្តីកោសជប់បម្រើសេវាកម្មផ្លូវភេទ ចំនួនបីនាក់ និងដកហូតវត្ថុតាង មួយចំនួន បញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់។ ដោយឡែក ផ្ទះខាងលើ ត្រូវបានគណៈកម្មការចម្រុះ បិទជាបណ្តោះអាសន្ន៕/V-PC