ប្រែសម្រួលៈបំណង(ST)៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ(Joko Widodo)ហៅ “ចូកូវី” កាលពីថ្ងៃពុធទី២៩មិថុនា បានសុំពាំនាំសារអ្វីមួយពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីព្យាយាមជំរុញក្តីសង្ឃឹមអំពីសន្តិភាព។
លោកចូកូ វីដូដូ ស្វាគមន៍លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក្នុងអំឡុងជំនួបរបស់អ្នកទាំងពីរនៅទីក្រុងគៀវកាលពីថ្ងៃ២៩មិថុនា
វាមិនទាន់ដឹងច្បាស់ថាតើលោកហ្សេឡេនស្គីបានឆ្លើយតបនឹងសំណើនេះយ៉ាងណាក្នុងអំឡុងពេលពួកលោកបានជួបគ្នានៅទីក្រុងគៀវ ឬក៏ថាតើមេដឹកនាំអ៊ុយក្រែនមានសារអ្វីមួយដែលលោកចង់ផ្ញើទៅកាន់លោកពូទីន។
លោក វីដូដូ ជាប្រធានអង្គការប្រទេសមានឧស្សាហកម្មជឿនលឿនទាំងម្ភៃ(G-20)និងជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំប្រាំមួយនាក់ដែលអង្គការសហប្រជាជាតិបានតែងតាំងជាប្រធាន”ក្រុមឆ្លើយតបវិបត្តិសកល”មួយសំរាប់ដោះស្រាយការគំរាមអំពីការអត់ឃ្លាននិងស្ថានការណ៍ធ្លាក់ចុះដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។
លោកវីដូដូ ត្រូវទៅដល់ទីក្រុងមូស្គូ ដើម្បីជួបលោកពូទីននៅថ្ងៃព្រហស្បតិ៍ទី៣០មិថុនា និងបាននិយាយថាលោកបានទទូចសុំប្រធានាធិបតីរុស្ស៊ីអោយយល់ព្រមលើបទឈប់បាញ់គ្នាមួយ។
កិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលទីក្រុងមូស្គូនិងទីក្រុងគៀវ បានជាបគាំង ដោយសារភាគីម្ខាងៗបន្ទោសគ្នា។
ក្រោយជួបពិភាក្សាជាមួយលោកហ្សេឡេនស្គី លោកវីដូដូ បាននិយាយថា« ទោះជាវាពិបាកនឹងសំរេចបាន ខ្ញុំបានសម្តែងអំពីសារសំខាន់នៃដំណោះស្រាយស្វែងរកសន្តិភាពមួយ។ខ្ញុំបានសុំនាំសារពីប្រធានាធិបតីហ្សេឡេនស្គី ទៅកាន់លោកប្រធានាធិបតី ពូទីន ដែលខ្ញុំនឹងជួបពិភាក្សាក្នុងពេលឆាប់ៗ»។
ប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយថា លោកប្តេជ្ញាដោះស្រាយកំណើនថ្លៃស្បៀងនិងថាមពល ព្រមទាំងកង្វះខាតទំនិញទាំងពីរចាប់តាំងពីពេលផ្ទុះសង្រ្គាមនៅអ៊ុយក្រែន។លោកថា«កិច្ចខិតខំគ្រប់យ៉ាងគឺដើម្បីធានាថា អ៊ុយក្រែនអាចបន្តការនាំចេញគ្រាប់ធញ្ញជាតិ»។
លោកវីដូដូ ដែលបានទៅដល់ទីក្រុងគៀវ ជាមួយភរិយាលោកស្រីអ៊ីរីយ៉ាណា ចូកូ វីដូដូ(Iriana Joko Widodo)ក្នុងដំណើរចេញពីប៉ូឡូញតាមរថភ្លើងមួយកាលពីព្រឹកម្សិលមិញ បានបញ្ជាក់អំពីការអញ្ជើញហ្សេឡេនស្គី អោយចូលរួមជំនួបកំពូលG-20នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីនៅខែវិច្ឆិកា។
ប្តីប្រពន្ធទាំងពីរបានធ្វើដំណើរកាត់ទីប្រជុំជនអៀពីន(Irpin)ដែលត្រូវបំផ្លាញខ្ទេចខ្ទីរដោយសង្គ្រាមនៅចម្ងាយ២១គីឡូម៉ែត្រពីរដ្ឋធានីគៀវ។លោកបានសម្លឹងមើលអាគារដែលរងការបំផ្លាញដោយសង្គ្រាម និងបានទៅមន្ទីរពេទ្យមួយនៅទីក្រុងគៀវដើម្បីចែកជំនួយ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌូនេស៊ី កើតឡើងនៅពេលកងកម្លាំងរុស្ស៊ីបង្កើនការវាយប្រហារនៅគ្រប់ខ្សែត្រៀមជួរមុខហើយអង្គការណាតូចាត់ទុករុស្ស៊ីជាការគំរាមផ្ទាល់បំផុតចំពោះសន្តិសុខរបស់សម្ពន្ធភាពយោធាលោកខាងលិច។
សម្ពន្ធភាពយោធានេះបានប្តេជ្ញាធ្វើទំនើបកម្មយោធាអ៊ុយក្រែន និងថាខ្លួនឈរនៅជាមួយរដ្ឋាភិបាលទីក្រុងគៀវក្នុងការការពារប្រទេសរបស់គេ៕