ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ បានរងរបួស បន្ទាប់ពីលោក បានបើករថយន្ត គេចពីរថយន្តដឹកប្រេង ហើយធ្លាក់ផ្លូវ ទៅបុកដើមអំពិល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១០នាទី ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៥៧-៥៨
សិ្ថតក្នុងភូមិពង្សធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ មានឈ្មោះ យឹម សុខុម ភេទប្រុស អាយុ ៧២ ឆ្នាំ ជាប្រធានក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ មានលំនៅ នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានជិះរថយន្ត ម៉ាកលិចស៊ីស ៤៧០ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2 C 6677 ដែលបើកបរដោយតៃកុង ឈ្មោះ ស៊ុន សុផា ភេទប្រុស អាយុ ២៧ ឆ្នាំ ធ្វើដំណើរពីទិសខាងកើត ទៅទិសខាងលិច។ លុះមកដល់ចំណុចកើតហេតុ ខាងលើ រថយន្តដែលលោក យឹម សុខុម ជិះនោះ បានបើកគេចរថយន្តដឹកប្រេង មិនស្គាល់ ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ក្នុងទិសដៅបញ្ច្រាសគ្នា ពីទិសខាងលិច ទៅទិសខាងកើត បណ្ដាលឱ្យរថយន្តលោកប្រធានក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ គេចមកខាងស្តាំដៃ ធ្លាក់ផ្លូវ ទៅបុក ដើមអំពិល ពេញទំហឹងតែម្តង ហើយបានបណ្តាលអ្នកជិក្នុងរថយន្ដ រងរបួសតែម្ដង។

ប្រភពបានបន្តថាៈ ក្រោយកើតហេតុ មន្ត្រីជំនាញ បានហៅរថយន្តសាមុយ របស់មន្ទីរពេទ្យ ដឹកជនរងគ្រោះ ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។ រីឯវត្ថុតាងរថយន្ត ត្រូវបានស្ទូចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC