ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី២៩មិថុនាបានប្រកាសកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនហ្វាយហ្សឺ( Pfizer) និងបាយអូអ៊ិនតិច( BioNTech) ទិញនិងផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន ១០៥ លានដូសសម្រាប់ចាក់ជូនជនជាតិអាម៉េរិកនៅរដូវស្លឹកឈើជ្រុះនេះ។
កិច្ចសន្យាតម្លៃ ៣,២ ពាន់លានដុល្លារ ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុននិងក្រសួងសុខាភិបាលនិងក្រសួងការពារជាតិអាម៉េរិក គឺរួមមានវ៉ាក់សាំងសម្រាប់ទារក កុមារតូច ក្មេងជំទង់និងមនុស្សពេញវ័យ ហើយអាចរួមបញ្ចូលទាំងវ៉ាក់សាំងជាក់លាក់សម្រាប់មេរោគអូមីក្រុង ដែលក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលបានណែនាំកាលពីថ្ងៃអង្គារ។
ក្រុមហ៊ុនបាននិយាយថា ការចែកចាយនឹងចាប់ផ្តើមនៅចុងរដូវក្តៅ ហើយបន្តដល់ត្រីមាសទីបួន។ កិច្ចសន្យានេះផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវជម្រើសក្នុងការទិញវ៉ាក់សាំងរហូតដល់ ៣០០ លានដូស។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាមនុស្សជាតិ លោក សាវីយ៉េ បេសឺរ៉ា (Xavier Becerra)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”រដ្ឋបាលបៃដិន-ហារីសប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបន្តបង្កើតវ៉ាក់សាំងដោយឥតគិតថ្លៃនិងទូលំទូលាយសម្រាប់ប្រជាជនអាម៉េរិក ហើយនេះគឺជាជំហានដំបូងដ៏សំខាន់ក្នុងការរៀបចំខ្លួនពួកយើងសម្រាប់រដូវស្លឹកឈើជ្រុះ”។
រដ្ឋបាលរបស់ប្រធានាធិបតីចូ បៃដិនបានស្នើសុំសភាចំនួន ២៣,៥ ពាន់លានដុល្លារក្នុងការផ្តល់មូលនិធិកូវីដបន្ថែមទៀត ប៉ុន្តែសេចក្តីព្រាងច្បាប់មូលនិធិនេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។
មន្ត្រីសេតវិមានមុននេះបាននិយាយថា បើគ្មានមូលនិធិថ្មីទេ វ៉ាក់សាំងនាពេលអនាគតអាចនឹងផ្តល់ឱ្យដោយឥតគិតថ្លៃសម្រាប់តែអ្នកដែលមានហានិភ័យខ្ពស់បំផុតប៉ុណ្ណោះ៕
បើគ្មានមូលនិធិថ្មីទេ វ៉ាក់សាំងនាពេលអនាគតអាចនឹងផ្តល់ឱ្យដោយឥតគិតថ្លៃសម្រាប់តែអ្នកដែលមានហានិភ័យខ្ពស់បំផុតប៉ុណ្ណោះ