ដោយៈ សុខុម / ស្ទឹងត្រែងៈ រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង បុកជាមួយម៉ូតូ បណ្ដាលឱ្យ អ្នកបើកបរម៉ូតូ សណ្ដោងរ៉ឺម៉កម្នាក់ ស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀត រងរបួសធ្ងន់។ ហេតុការណ៍នោះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២២។

សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ យឹម សង្ហា ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរ មានទីលំនៅបច្ចុប្បន្ន ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ​អ្នករួមដំណើរជាមួយម៉ូតូ សណ្ដោងរ៉ឺម៉ក ឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ ១៥ ឆ្នាំ ក៏ជាបុគ្គលិកក្រុមហ៊ុនស្រាបៀរ មានទីលំនៅ បច្ចុប្បន្ន ជាមួយគ្នានឹងអ្នកស្លាប់។

សមត្ថកិច្ច បានឲ្យដឹងទៀតថាៈ មុនពេលកើតហេតុ អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរពីទិសខាងជើង ទៅទិសខាងត្បូង រួចបត់ទៅទិសខាងកើត ហើយ នៅពេលនោះ ស្រាប់តែបានរេចង្កូត ជ្រុលទៅបុកជាមួយ រថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ ព្រះសីហនុ 3A1198 បើកបរពីទិសខាងត្បូង ទៅទិសខាងជើង បុក ពេញទំហឹងតែម្តង។ ភ្លាមនោះ អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានយកវត្ថុតាងមាន ម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ត ធុនធំ មករក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង អនុវត្ត បន្តតាមនីតិវិធី។

យោងតាមការពិនិត្យជាក់ស្តែង នៅនឹងកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ បានអះអាង និងសន្និដ្ឋានថា អ្នកបើកបរម៉ូតូ ពិតជាបានល្មើសច្បាប់ចរាចរណ៍ ដោយបើកបរខ្វះ ការប្រុងប្រយ័ត្ន និងលក្ខណៈបច្ចេកទេស មិនគ្រប់គ្រាន់។ រីឯអ្នកបើកបររថយន្ត មិនស្គាល់អត្តអត្តសញ្ញាណ ដោយបើកបរ ក្នុងល្បឿនលឿន ហើយបានគេចខ្លួន ដោយទុករថយន្តចោល៕/V-PC