ដោយ​: សុខុម / រតនគិរី​: សមត្ថកិច្ច​កងរាជអាវុធហត្ថ ក្រុង​បាន​លុង បាន​ចុះបង្ក្រាប និង​ឃាត់ ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន បាន​ចំនួន​ប្រាំ​នាក់ កាលពី រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ចែកចាយ រក្សាទុក និង​ជួញដូរ ដោយ​ខុស ច្បាប់ នូវ​សារធាតុ​ញៀន​នេះ បាន​អនុវត្តតាម​ចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី និង​ដោយ មានការ​សម្របសម្រួល ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ ជនសង្ស័យ​ចំនួន​ប្រាំ​នាក់ ដែល​បាន​ឃាត់ខ្លួន ជា​ជនជាតិខ្មែរ ទាំងអស់ មាន​ប្រុស​បួន​នាក់ និង​ស្រី​មួយ​នាក់ រួមមានៈ ១.​ឈ្មោះ អឿន មនោរម អាយុ ៣៣​ឆ្នាំ​, ២.​ឈ្មោះ ឡិច សេង​ហ៊ុយ អាយុ ៣៥​ឆ្នាំ​, ៣.​ឈ្មោះ ហេង សៀវ​ត្រា អាយុ ១៩​ឆ្នាំ ទាំងបី​នាក់ នេះ មានមុខ​របរ មិន​ពិតប្រាកដ និង​មាន​លំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ជ័យជំនះ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ជាមួយគ្នា​, ៤.​ឈ្មោះ តឹង ទឹម (​ហៅ ធំ​) អាយុ ៣៣​ឆ្នាំ ក៏មាន​មុខរបរ មិន​ពិតប្រាកដ​ដែរ និង ៥.​ឈ្មោះ ប៉ែន ស្រីមុំ ភេទ​ស្រី អាយុ ៣២ ឆ្នាំ មុខរបរ នៅផ្ទះ ទាំងពីរ នាក់​នេះ មាន​លំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង សារធាតុ​ញៀន មាន​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​២​កញ្ចប់ (​ធំ​តូច​) ទម្ងន់ ៥៤,៤៥​ក្រាម​, ទូរស័ព្ទដៃ ៤​គ្រឿង​, ម៉ូតូ ១​គ្រឿង​, ម៉ាស៊ីន​ថ្លឹង​ថ្នាំញៀន ១​គ្រឿង​, អត្តសញ្ញាណ​បណ្ណ ១​សន្លឹក​, បណ្ណ​បើកបរ ១​សន្លឹក​, កាត​វី​ង ១​សន្លឹក​, ប្រាក់​ខ្មែរ​ចំនួន ៥.០០០ រៀល ។​

​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង បាន​បញ្ជូន​ជនសង្ស័យ ទាំង​ប្រាំ​នាក់ និង​វត្ថុតាង ទៅ​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕/V-PC