​ដោយៈ ស​រិ​ទ្ធ / កណ្តាល​៖ ជនសង្ស័យ​ម្នាក់ ដែល​សមត្ថកិច្ច អះអាងថា ធ្លាប់​ជាប់ ពន្ធនាគារ ៩​ខែ ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា បណ្តាលឱ្យ​មនុស្ស​ស្លាប់ ឥឡូវ ត្រូវបាន​កម្លាំង​នគរបាល ស្រុក​ពញាឮ ចាប់ខ្លួន​ជាថ្មី ក្រោយពី​បានធ្វើ​សកម្មភាព លួច​ម៉ូតូ​កញ្ចាស់ មួយគ្រឿង របស់​ជនរងគ្រោះ ។​

​អំពើ​លួច​ម៉ូតូ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ​នេះ នៅ​ចំណុច​ទំនប់​រាំង​កោង ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ប៊ុត ឃ្លី ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​រីឯ​ជនសង្ស័យ​ឈ្មោះ អេង ប៊ុនធឿន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ ជាមួយ​ជនរងគ្រោះ ។ ជនសង្ស័យ ធ្លាប់​ជាប់ពន្ធនាគារ រយៈពេល ៩​ខែ ពីបទ «​ហិង្សា​ដោយ​ចេតនា បណ្តាលឱ្យ ជនរងគ្រោះ​ស្លាប់​» និង​មាន​សារធាតុ​ញៀន ក្នុង​ទឹកនោម ។ បន្ទាប់ពី​ឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ច ដកហូត​បាន​ម៉ូតូ​មួយគ្រឿង ម៉ាក Honda Wave គុណភាព​ចាស់ គ្មាន​ផ្លាកលេខ ។

​សមត្ថកិច្ច បានឱ្យដឹង​ទៀតថាៈ នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ វេលា​ម៉ោង​ប្រមាណ ៦ ព្រឹក ជន​រង គ្រោះ ប៊ុត ឃ្លី បាន​ដើរ​ចេញពីផ្ទះ ដើម្បី​ទៅ​កាត់​ដើម​ត្រកួន នៅ​ចំណុច ចុង​ទំនប់​រាំង​កោង (​ចំណុចកើតហេតុ​) បន្ទាប់មក ឈ្មោះ ប៊ុត ពៅ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត របស់​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក Honda wave គុណភាព​ចាស់ គ្មាន​ផ្លាកលេខ មកជួយ​កាត់ ដើម​ត្រកួន ជាមួយ​ជនរងគ្រោះ​ដែរ ដោយ​ទុក​ម៉ូតូ នៅ​ចុង​ទំនប់​រាំង​កោង​។ នៅវេលា​ម៉ោង កើតហេតុ​ខាងលើ ខណៈ​ជនរងគ្រោះ ប៊ុត ឃ្លី កំពុង​កាត់​ដើម​ត្រកួន ក៏​បានឃើញ​ជនសង្ស័យ អេង ប៊ុនធឿន ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់ខ្លួន ហើយ​ជិះ​គេចខ្លួនបាត់​។ បន្ទាប់មក ជនរងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកតាទែន ។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​រួច កម្លាំង​ប៉ុស្តិ៍​បាន សហការ ជាមួយ​កម្លាំង​ជំនាញ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ និង​ចាប់យក​វត្ថុតាង ខាងលើ បញ្ជូនមក​អធិការដ្ឋាន​នគរបាល ស្រុក​ពញាឮ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕/V​-PC