ប្រែសម្រួលៈបំណង(ST)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធទី២៩មិថុនាថា រុស្ស៊ីនឹងឆ្លើយអោយស៊ីគ្នា បើសិនជាអង្គការណាតូបញ្ជូននិងដាក់ទាហានព្រមទាំងហេដ្ឋារចនាសម្ពន្ធយោធានៅក្នុងប្រទេសហ្វាំងឡង់និងស៊ុយអែតក្រោយប្រទេសក្បែរខាងរុស្ស៊ីទាំងពីរចូលរួមក្នុងសម្ពន្ធភាពយោធាដឹកនាំដោយអាម៉េរិកមួយនេះ។
ក្រោយជួបពិភាក្សាជាមួយក្រុមមេដឹកនាំតំបន់នៅក្នុងប្រទេសទឺកមេននីស្ថាននៅអាស៊ីកណ្តាលមក លោកពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីមួយថា «ជាមួយស៊ុយអែតនិងហ្វាំងឡង់ យើងមិនមានបញ្ហាដូចដែលយើងមានជាមួយអ៊ុយក្រែនទេ។ពួកគេចង់ចូលក្នុងអង្គការណាតូ ចូលចុះ ។តែពួកគេត្រូវដឹងថាពីមុននិងឥឡូវមិនមានការគំរាមទេ។បើកងទាហាននិងហេដ្ឋារចនាសម្ពន្ធណាតូត្រូវបានបញ្ជូនទៅទីនោះ យើងនឹងឆ្លើយតបស៊ីគ្នា ក្នុងរូបភាពដូចគ្នានិងបង្កើតការគំរាមដូចគ្នាសំរាប់ដែនដីដែលបង្កការគំរាមដល់យើង»។
លោកថា វាជៀសមិនផុតទេដែលទំនាក់ទំនងរបស់រដ្ឋាភិបាលទីក្រុងមូស្គូជាមួយរដ្ឋាភិបាលទីក្រុង ហែលស៊ីនគីនិងស្តុកខុល(Stockholm)នឹងប្រែទៅជាជូរចត់ដោយសារតែសមាជិកភាពណាតូរបស់គេ។
លោកបាននិយាយថា« គ្រប់យ៉ាងបានល្អទេរវាងពួកយើង តែឥឡូវអាចមានភាពតានតឹងខ្លះ នឹងប្រាកដជាតានតឹង។វាជៀសមិនផុតទេ បើមានការគំរាមចំពោះយើង»។
លោកពូទីនបាននិយាយដូច្នេះនៅមួយថ្ងៃក្រោយសមាជិកណាតូមួយ គឺតួកគីបានដកចេញការវ៉េតូប្រឆាំងការសុំចូលរបស់ហ្វាំងឡង់និងស៊ុយអែតក្នុងសម្ពន្ធភាពយោធាលោកខាងលិចដឹកនាំដោយអាម៉េរិកមួយនេះ ក្រោយពីប្រទេសទាំងបីយល់ព្រមការពារសន្តិសុខផងគ្នា។
ចំណាត់ការនេះមានន័យថា រដ្ឋាភិបាលទីក្រុងហែលស៊ីនគីនិងស្តុកខុលអាចដំណើរការការសុំចូលក្នុងអង្គការណាតូរបស់គេ ដែលជាការផ្លាស់ប្តូរធំមួយនៅក្នុងសន្តិសុខអឺរ៉ុបនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
ពូទីនបានបន្ថែមថា គោលដៅនៃអ្វីដែលរដ្ឋាភិបាលទីក្រុងមូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស»នៅអ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរនិងថាគោលដៅរបស់វាគឺរំដោះតំបន់ដុនបាសនៅអ៊ុយក្រែខាងកើតនិងបង្កើតលក្ខខណ្ឌសំរាប់ធានាសន្តិសុខរបស់រុស្ស៊ី។
លោកថា ទាហានរុស្ស៊ីបានវាយចូលអ៊ុយក្រែន ហើយអន្តរាគមន៍យោធាបានប្រព្រឹត្តទៅតាមផែនការ និងគ្មានត្រូវការកំណត់កាលបរិច្ឆេទបញ្ចប់យុទ្ធនាការនេះទេ៕
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ព្រមានហ្វាំងឡង់និងស៊ុយអែតថា បើពួកគេស្វាគមន៍ទាហានណាតូនិងហេដ្ឋារចនាសម្ពន្ធយោធាលើទឹកដីរបស់គេ រុស្ស៊ីនឹងឆ្លើយតបក្នុងរូបភាពដូចគ្នា