​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា ប្រទេស​ថៃ​មានបំណង​ដំឡើងរថយន្ត​អគ្គិសនី (EV)​ក្នុងស្រុក​ក្នុង​រយៈពេល​មួយ​ឆ្នាំ​លឿន​​ជាង​គោលដៅ​គ្រោងទុក​នៅ​ឆ្នាំ ២០២៤​។​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មិថុនា ដែល​រៀបចំ​ដោយ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) លោក​ឧត្តមសេនីយ៍ប្រា​យុទ្ធបា​ននិយាយថា​រដ្ឋាភិបាល​កំពុង​ពន្លឿ​ន​ការលើកកម្ពស់​​ការ​ដំឡើងរថយន្ត EV នៅក្នុង​ប្រទេស​ថៃ ហើយ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។​

​លោក​បាន​និយាយថា គ្រឿងបន្លាស់​សំខាន់ៗ​ដូចជា​អាគុយ ម៉ូទ័​រអូស សេវា​គ្រប់គ្រង​អាគុយ ឧបករណ៍​បំប្លែង AC/DC អាំង​វឺ​ត​ទ័រ ឧបករណ៍​បញ្ចូលភ្លើង EV ចល័ត ឧបករណ៍​បំបែក​សៀគ្វី​អគ្គិសនី និង​ប្រព័ន្ធ​សាក​អាគុយ​ឆ្លាត​វៃ EV ក៏​គួរតែ​ផលិត​នៅក្នុង​ប្រទេស​នា​ពេលខាងមុខ​ផងដែរ​។​

​យោង​តាម​លោក​ប្រា​យុទ្ធ បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​របស់លោក​ជាមួយ​លោក យ៉ុង លីវ (Young Liu) នាយក​ប្រតិបត្តិ​និង​ជា​ប្រធាន​ក្រុមហ៊ុន Foxconn Technology Group ក្រុមហ៊ុន​បានប្រកាស​ពី​ផែនការ​ចាប់ផ្តើម​ការដំឡើង​រថយន្ត EV នៅក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។​

​កាលពី​ឆ្នាំមុន ក្រុមហ៊ុន Foxconn បាន​យល់ព្រម​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​ជាតិ PTT Plc​ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ត EV ដែល​មាន​តម្លៃ​ពី ១ ទៅ ២​ពាន់​លាន​ដុល្លារ​​អាម៉េរិក​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត​។​

​រោងចក្រ​រថយន្ត EV ត្រូវ​គេ​រំពឹងថា​នឹង​បម្រើ​ប្រតិបត្តិការ​ចប់សព្វគ្រប់​តែម្តង ដែល​គ្របដណ្តប់​លើ​ការ​រចនា ការផលិត និង​ការដំឡើង​រថយន្ត EV ព្រមទាំង​ការផលិត​គ្រឿងបន្លាស់​សំខាន់ៗ​។​

​គោលដៅ​ផលិតកម្ម​ដំបូង​ត្រូវបាន​កំណត់​នៅ​ចំនួន ៥០.០០០ គ្រឿង​ក្នុង​មួយឆ្នាំ​។ យោង​តាម​ក្រុមហ៊ុន​បានឱ្យដឹងថា បរិមាណ​នេះ​នឹង​កើនឡើង​ដល់ ១៥០.០០០ ក្នុង​មួយឆ្នាំ​នៅ​ដំណាក់កាល​បន្ទាប់​។​

​លោក​ឧត្តមសេនីយ៍ប្រា​យុទ្ធបា​ននិយាយថា ការអភិវឌ្ឍ​ឧស្សាហកម្ម​រថយន្ត EV​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​កំពុង​បន្ត​របស់​រដ្ឋាភិបាល​ក្នុង​ការរៀបចំរ​ចនាស​ម្ព​ន្ធ​សេដ្ឋកិច្ច​របស់​ប្រ​​ទេស​ថៃ​ឱ្យ​ក្លាយជា​បច្ចេកវិជ្ជា​ខ្ពស់ ដោយ​ផ្តោត​ជាពិសេស​លើ​ឧស្សាហកម្ម S-curve ថ្មី គំរូ​សេដ្ឋកិច្ច​បៃតង សុខភាព ទេសចរណ៍ និង អំណាច​ទន់​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ក៏បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​វិស័យ​ឯកជន​ផងដែរ​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ ខណៈ​ការរំពឹងទុក​នៃ​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​មាន​ភាពផុយស្រួយ ដោយសារ​តែ​ជម្លោះ​អូស​បន្លាយពេល​យូរ​នៅ​អឺរ៉ុប​ខាងកើត និង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​។​

​លោក​បាន​បន្តថា “​ប្រសិនបើ​គ្រប់ភាគី​រួមដៃគ្នា សេដ្ឋកិច្ច​ថៃ​អាច​ងើប​ឡើងវិញ​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំក្រោយ​”​។​

“​យើង​បានឃើញ​ការ​ស្ទុះ​ងើប​ឡើងវិញ​បន្តិច​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ជាមួយ​នឹង​ចំនួន​អ្នកទេសចរ​បរទេស​ដែល​មកដល់នឹង​កើនឡើង​ដល់ ១០ លាន​នាក់​នៅ​ឆ្នាំ​នេះ​បន្ទាប់ពី​ការបើក​ដំណើរការ​ឡើងវិញ​ពេញលេញ​”៕

​លោក​ប្រា​យុទ្ធ​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មិថុនា ដែល​រៀបចំ​ដោយ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ