ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តុលាការ នឹង​ចេញ​ដីកា​កោះហៅ ជនសង្ស័យ​ឈ្មោះ សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ជា​លើក​ទី​២ ចំពោះមុខ​អយ្យការ បន្ទាប់ពី​លោក សុន ឆ័យ មិនបាន​ចូលខ្លួន​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នេះ​។​

​លោក សុន ឆ័យ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា តាំងពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​ការនិយាយ​ចោទប្រកាន់ ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា និង​បំភ្លៃ​ជុំវិញ​ដំណើរការ បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ ២០២២​។​

​តុលាការ បានចេញ​ដីកា​កោះហៅ​លោក សុន ឆ័យ ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នេះ ទៅលើ​បណ្តឹង​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្តឹង កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់ រស្មី​ម្ពុ​ជា នៅមុននេះ​បន្តិច​ថាៈ ” តំណាង​អយ្យការ នឹង​បន្ត​នីតិវិធី ក្នុងការ​កោះហៅ​ជា​លើក​ទី​២ ដើម្បី​ឲ្យ​ជនសង្ស័យ​ចូលខ្លួន ចំពោះមុខ​អយ្យការ ដើម្បី​ស្តាប់​ចម្លើយ​”​។​

ចំណែក​លោក ជូ​ង ជូ​ងី មេធាវី​លោក សុន ឆ័ន បានបញ្ជាក់​ថាៈ កូនក្តី​របស់ខ្លួន កំពុងមាន​ភារកិច្ច នៅក្រៅ​ប្រទេស មិនអាច​ចូល​បំភ្លឺ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ បានទេ​។ ហើយ​នៅ​ថ្ងៃទី​៣ ខែកក្កដា ទើប​វិលត្រឡប់​មកពី​បរទេស​វិញ និង​សុំ​ពន្យារពេល​ចូល​បំភ្លឺ ទៅក្រោយ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២២​។​

​សូមជម្រាបថា គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យ​ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ពាក់ព័ន្ធ​ការ​ចោទ និង​បំភ្លៃ​ជុំវិញ​ដំណើរការ បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ដោយ​ស្នើសុំ​ឲ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​លាន​រៀល ឬ​ស្មើនឹង ១​លាន​ដុល្លារ​អាមេរិក​។​

​នៅក្នុង​ពាក្យបណ្តឹង ដាក់​ចូលទៅ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ លោក គី តិច មេធាវី​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់ ដោយ​រំលេច​នូវ ពាក្យសម្តី​មួយចំនួន របស់លោក សុន ឆ័យ ក្នុង​បទសម្ភាសន៍ ជាមួយ​បណ្តាញ​ព័ត៌មាន មួយចំនួន​។ សម្តី​ក្នុង​បទសម្ភាសន៍​ទាំងនោះ ត្រូវបាន​លោក​មេធាវី ចាត់ទុកជា​អំពើ​ទុច្ចរិត​, បំភ្លៃ​ខុសពី​ការពិត​, ជាការ​ផ្តល់ព័ត៌មាន​ក្លែង ក្នុង​ចេតនា​ទម្លាក់កំហុស ដោយ​អ​សុទ្ធចិត្ត និង​មូល​បង្កាច់ នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស ឈ្នះឆ្នោត​។​

​ក្នុង​ពាក្យបណ្តឹង​នេះ លោក​មេធាវី គី តិច បានស្នើ​សុំឱ្យ​ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ពិនិត្យ​ចោទប្រកាន់ និង​ផ្តន្ទាទោស លើ​ឈ្មោះ សុន ឆ័យ តាម​បញ្ញត្តិ​ច្បាប់ និង​ទាមទារ​សង​សំណង​ជំងឺ​ចិត្ត នៃ​ការខូចខាត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ១​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​បរិហារ ចោទប្រកាន់​លើ​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ / សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ដាក់ពាក្យ​បណ្តឹង ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ស្នើ​ឲ្យ​ធ្វើលិខិត​សុំទោស ជា​សាធារណៈ​៕/V​