ដោយ​បាយ័ន​/​សៀមរាបៈ ថ្មភក់​រាង​បួន​ជ្រុង ទំហំ​៥៣​សង់ទីម៉ែត្រ គុណ​និង ៥៣​សង់ទីម៉ែត្រ និង​កម្រាស់ ១២​សង់ទីម៉ែត្រ ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា «​ថ្ម​បញ្ចុះសីមា​» ត្រូវបាន​រកឃើញ​ទើ​នៅលើ​ខ្លោងទ្វារ​ពេល​រុះរើ​ផ្នែក​ខាងលើ​នៃ​រចនា​សម្ពន្ធ​សំណង់​ខ្លោងទ្វារ​តា​កាវ​ដើម្បី​ជួសជុល​។

នៅលើ​ថ្ម​បញ្ចុះ​មាន​រន្ធ​ជាច្រើន ដែល​រន្ធ​រាង​មូល​ធំ​មួយ​នៅ​ចំ​កណ្តាល​នៃ​ផ្ទៃ​ថ្ម​ព័ទ្ធជុំវិញ​ដោយ​រន្ធ​រាង​បួន​ជ្រុង​ស្មើ​នៅតាម​ទិស​ទាំង​៨ និង​នៅ​ជ្រុង​ឦសាន​ដែលជា​ទិស​សំខាន់​នៅក្នុង​ជំនឿ​ខ្មែរ​តាំងពី​បុរាណកាល​រហូតដល់​បច្ចុប្បន្ន ត្រូវបាន​គេ​ដាប់​រន្ធ​បួន​ជ្រុង​បន្ថែម​មួយទៀត​នៅ​ចន្លោះ​រន្ធ​មូល​កណ្តាល និង​រន្ធ​បួន​ជ្រុង​នៅ​ទិសឦសាន​។​

រន្ធ​ទាំងអស់​ព័ទ្ធ​ពី​ក្រៅ​ដោយ​ជញ្ជាំង​ថ្មភក់ ដែល​ជញ្ជាំង​នេះ​ត្រូវបាន​កាត់​ផ្តាច់ចេញ​ជា​៤​ជ្រុង​ដោយ​ចង្អូរ​នៅតាម​អ័ក្ស​សំខាន់​ទាំង​បួន​។ នៅ​ពីលើ​ផ្នែក​ខ្ពស់​មាន​រន្ធ​តូចៗ រាង​បួន​ជ្រុង​ចំនួន​៣៤ ដែល​គេ​ដាប់​រាក់​ល្មម​ចំនួន​១០​នៅ​ជ្រុង​ឦសាន ៩​នៅ​ជ្រុង​អាគ្នេយ៍ ៧​នៅ​ជ្រុង​និរតី និង​៨​នៅ​ជ្រុង​ពាយ័ព្យ​។

លោក​គឹម សុ​ធិ​ន អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា ថ្ម​បញ្ចុះសីមា​ភាគច្រើន​ប្រទះឃើញ​នៅ​កណ្ដាល​បាត​ប្រាសាទ ប៉ុន្តែ វា​ច្រើន​មាន​កម្រាស់​ក្រាស់ និង​ដោយនៅ​ផ្នែក​ខាងលើ​កំពូល​គឺ​ស្ដើង​ដូច​ថ្ម​ដែល​បាន​រកឃើញ​។

លោក​បាន​ប្រៀបធៀប​ជំនឿ និង​ទំនៀមទម្លាប់​នៃ​ការបញ្ចុះ​ថ្ម​សីមា ទៅ​និង​សំណង់ផ្ទះ​លំនៅដ្ឋាន​ខ្មែរ​ជាមួយនឹង​ការចង​ក្រណាត់​ពណ៌​ក្រហម​(​យ័ន្ត​)​នៅ​ចំ​កណ្តាល​មេដំបូល​ដែល​ទើបតែ​សាងសង់​ថ្មី​ដើម្បី​ការពារ​ផ្ទះ​ផងដែរ​។

លោក​បាន​លើកឡើងថា ថ្ម​បញ្ចុះ​ដែល​រកឃើញ​នៅពេល​ជួសជុល​ត្រូវបាន​បញ្ចុះ​កាលដើមឡើយ​នៅលើ​កំពូល​ប្រាង្គ​កណ្តាល ប៉ុន្តែ វា​បាន​រលុះ​ធ្លាក់​មក​ទើរ​នៅ​ពាក់កណ្តាល​នៃ​ខ្លោងទ្វារ​។ ក្រៅពី​ការបញ្ចុះ​ថ្ម​ដែលមាន​រន្ធ​ច្រើន​នៅ​កំពូល​ប្រាសាទ គេ​បានឃើញ​ថ្ម​បញ្ចុះ​ស្រដៀង​គ្នា​នៅក្នុង​គ្រឹះ​ប្រាសាទ​មួយចំនួន​នៅ​តំបន់​អង្គរ​។ ការបញ្ចុះ​ថ្ម​ទាំងអស់​មិនថាតែ​នៅក្នុង​គ្រឹះ និង​លើ​កំពូល​ប្រាសាទ គឺ​នឹង​ធ្វើឱ្យ​សំណង់​ដែល​កំពុង​សាងសង់​មាន​ភាពរឹងមាំ ព្រមទាំង​នាំមក​នូវ​សេចក្តីសុខ និង​សេចក្តីចម្រើន​ដល់​សំណង់​។​

ថ្ម​បញ្ចុះ គឺជា​ពាក្យ​ដែល​យើង​ប្រើ​បច្ចុប្បន្ន តែ​ពាក្យ​ដែល​ប្រើ​ដើម្បី​ហៅ​ថ្ម​សម្រាប់​បញ្ចុះ​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួន​បុរាណ​ហាក់ដូចជា​មិនទាន់​ប្រទះឃើញ​សរសេរ​នៅក្នុង​ឯកសារ​ណាមួយ​នៅឡើយ​។

លោក​បាន​មានប្រសាសន៍​ទាក់ទង​នឹង​រន្ធ​នៅលើ​ថ្ម​បញ្ចុះ​វិញ​ថា រន្ធ​តូចៗ​ប្រើ​សម្រាប់​ដាក់​សន្លឹក​មាស​ស្ដើង ហើយ​រន្ធ​មួយ​ធំ​នៅ​ចំ​កណ្ដាល​ប្រើ​សម្រាប់​ដាក់​ដង​បង្គោល​ត្រីសូល៍ ដូច​ឃើញ​មាននៅ​ចម្លាក់​ប្រាសាទ​បា​យ័ន្ត​ស្រាប់​។ យើង​ពិនិត្យឃើញថា កំពូល​ប្រាសាទ​បា​យ័ន្ត​បាន​បាត់​ត្រឹម​ផ្កាឈូក និង​មាន​សេស​ថ្ម​ខ្លះៗ​ដែលជា​ទម្រ​ឬ​សសី​មា​ប៉ុណ្ណោះ

លោក បាន​កត់សម្គាល់ថា ជាការ​រុះរើ​ដោយ​មនុស្សរ​ករប​ស់មា​ន​តម្លៃ​។ បច្ចុប្បន្ន យើង​បាន​លើកយក​ថ្ម​បញ្ចុះ​ទៅ​ដាក់​នៅលើ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ខ្លោងទ្វារ​តា​កាវ​វិញ​ក្រោយពី​បាន​ពង្រឹង​កន្លែង​ពុកផុយ និង​ជួសជុល​កន្លែង​ប្រេះ​បែក​រួចរាល់​។

ការរកឃើញ​ថ្ម​បញ្ចុះ​នៅ​កំពូល​ប្រាសាទ​នេះ​មិនមែនជា​លើកដំបូង​ទេ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​-​អង្គរ ព្រោះ​កាលពីពេល​កន្លងមក គេ​ធ្លាប់បាន​រកឃើញ​ថ្ម​បញ្ចុះ​ដែលមាន​ទម្រង់​ផ្សេងៗ ដែល​វិ​វ​ឌ្ឍ​ទៅតាម​សម័យកាល​នៅ​ប្រាសាទដំរីក្រាប​លើ​ភ្នំ​គូលែន ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយក្តី និង​ប្រាសាទទន្លេស្ងួត​ជាដើម​។ បច្ចុប្បន្ន យើង​បាន​លើកយក​ថ្ម​បញ្ចុះ​ទៅ​ដាក់​នៅលើ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ខ្លោងទ្វារ​តា​កាវ​វិញ​ក្រោយពី​បាន​ពង្រឹង​កន្លែង​ពុកផុយ និង​ជួសជុល​កន្លែង​ប្រេះ​បែក​រួចរាល់​។​

គួរបញ្ជាក់​ផងដែរ​ថា គម្រោង​ជួសជុល​ខ្លោងទ្វា​តា​កាវ​នេះ​ឧបត្ថម្ភ​ដោយ​លោកជំទាវ ឧ​ញ៉ា សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​។ លោកជំទាវ​តែងតែ​ចូលរួម​ឧ​ប​ត្ត​ម្ភ​ដល់​សកម្មភាព​ថែរក្សា និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ជាអាទិ៍ ការជួសជុល​រហាត់ទឹក ការជួសជុល​ប្រាសាទ​ស្រះស្រង់ និង​ការជួសជុល​ខ្លោងទ្វារ​តា​កាវ​នេះ​៕​.mara