ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក​បាន​ជម្រុញ​អោយ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ចំណុះអោយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ត្រូវការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អប្រសើរ ពិសេស ការពារ​ទប់ស្កាត់​អោយបាន​នូវ បទល្មើស​លួច ឆក់ ប្លន់ នៅក្នុង​មូលដ្ឋាន ខណៈដែល​បទល្មើស​ទាំង​នេះ ហាក់​មានការ​កំ​រើ​កឡើ​ង​វិញ​។​

ការជំរុញ​បែបនេះ​របស់លោក ជា ពិសី បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៧​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក នា​ព្រឹក​ថ្ងៃទី​៣០ មិថុនា​ឆ្នាំ​២០២២​នេះ នៅ​សាលាខណ្ឌ​ទួលគោក ក្រោម​វត្តមាន​លោក​ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ,​សង្កាត់​ទាំង​១០ និង​មានការ​ចូលរួម​ពី​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត​។​

លោក​ជា ពិសី បាន​មានប្រសាសន៍ថា សម្រាប់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ,​គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១០ ត្រូវខិតខំ​អោយអស់​កម្លាំងកាយ​ចិត្ត ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ពិសេស ការពារ​ទប់ស្កាត់​អោយបាន​នូវ បទល្មើស​លួច ឆក់ ប្លន់ ដោយសារ​ថា បទល្មើស​ទាំងនេះ ហាក់​មានការ​កំ​រើ​កឡើ​ង​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។

លោក​ជា ពិសី មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ពិសេស ទប់ស្កាត់​អោយបាន​នូវ បទល្មើស​លួច ឆក់ ប្លន់ នេះ កងកម្លាំង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​យើង​ត្រូវតែ​ធ្វើអោយបាន​ជាប្រចាំ ដោយ​ត្រូវអនុវត្ត​អោយបាន​ដូច​យើង​ហូប​អាហារ​ប្រចាំថ្ងៃ​អញ្ចឹង​ដែរ ។ បន្ថែម​ពីនេះ អាជ្ញាធរ​ខណ្ឌ សង្កាត់​របស់​យើង​ក៏ត្រូវ​តែ​ចុះ​មើលផ្លូវ​ជាប្រចាំ​ផងដែរ ពោលគឺ​បើ​មាន​ផ្លូវ​ខូច​ត្រូវ​រាយការណ៍ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ ហើយ​ពេល​មេឃ​ភ្លៀង​ត្រូវ​នាំគ្នា​ចុះ​មើល​នៅ​តំបន់​ធ្លាប់​លិចលង់ កាយ​សម្រាម​ចេញពី​មាត់ លូ ប្រឡាយ ដើម្បី​រំដោះ​ការលិចលង់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ ។​ទង្វើរ បែបនេះ​របស់​យើង នឹង​ធ្វើអោយ​ប្រជាពលរដ្ឋ​ទទួលបាន​ភាពកក់ក្តៅ​និង​ជឿទុកចិត្ត​មកលើ​អាជ្ញាធរ​របស់​យើង​។​

បន្ថែម​ពីលើ​នេះ​ទៀត លោក​ជា ពិសី ក៏បាន​ជម្រុញ ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយបាន​លឿន ទៅតាម​អ្វីដែល​បាន​សន្យា ជាមួយ​ប្រជាពលរដ្ឋ​នៅ​មុនពេល​បោះឆ្នោត បើ​ដោះស្រាយ​មិនទាន់បាន​ត្រូវ​ប្រាប់​ពួកគាត់ ហើយក៏​ត្រូវ​រាយការណ៍​បន្ត​មក​ខណ្ឌ​ផងដែរ ដើម្បីអោយ​ខណ្ឌ​បន្ត​ដោះស្រាយ​ជូន​ពួកគាត់​បាន​លឿន​។​

ក្នុងឱកាស​នោះដែរ លោក​ជា ពិសី ក៏បាន​ជម្រុញ​អោយ មន្ត្រី​ខណ្ឌ សង្កាត់​ត្រូវ​បន្ត​ការផ្សព្វផ្សាយ​អោយបាន​ទូលំ ទូលាយ ដល់​ប្រជាពលរដ្ឋ​អោយ ទៅ​ទទួល​
​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ដុស​ជម្រុញ​អោយបាន​គ្រប់គ្នា ពិសេស​ដុស​ទី​៤​និង​ទី​៥ ដោយសារ​ជម្ងឺ​នេះ ហាក់​មានការ​កំ​រើ​កឡើ​ង​វិញ​ហើយ ដែល​ជម្រុញ​អោយ​យើង​គ្រប់គ្នា អនុវត្ត​អោយបាន ក្នុង​កិច្ចការពារ​ខ្លួន​ពិសេស​អនុវត្ត ៣​ការពារ ៣​កុំ និង​ការចាក់​វ៉ាក់សាំង​អោយបាន​គ្រប់​ដុស​៕​.mara