​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កំពូល​ព្រឹត្តិការណ៍​ប្រដាល់ “​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​” ដែល​កើតឡើង ដោយ​ការ​សហការគ្នា រវាង​ភេសជ្ជៈ​គោ​ជល់​និង World Fight ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​កីឡា SEA GAMES ២០២៣ ក្រោម​គោល​គំនិត “​កីឡា​រស់ក្នុង​សន្តិភាព​” ។

​ក្នុងឱកាស​ប្រកាស​បើក​សង្វៀន ខាងលើនេះ មានការ​ចូលរួម​ពី​សំណាក់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​កីឡា SEA GAMES ២០២៣ និង​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា និង​លោក មាន សំអុល នាយក​ចាត់ការ​ទូទៅ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ ។

​លោក មាន សំអុល បាន​ឲ្យ​ដឹងថា​: គោ​ជល់ រីករាយ​ក្រៃលែង បាន​ក្លាយជា​ផ្នែក​មួយ នៃ​កំពូល​ព្រឹត្តិការណ៍​ប្រដាល់ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក នេះ​។ យើង​យល់ឃើញថា គោ​ជល់ និង World Fight មាន​ទិសដៅ​ស្របគ្នា ពោលគឺ ចង់​ផ្សព្វផ្សាយ​គុន​ខ្មែរ និង​លើកទឹកចិត្ត​កីឡាករ​ប្រដាល់​គុន​ខ្មែរ ឲ្យ​ត្រៀមខ្លួន​បានល្អ សម្រាប់​ព្រឹត្តិការណ៍​កីឡា SEA GAMES ២០២៣ ខាងមុខនេះ​។ ហើយ​កាន់តែ​កក្រើក​ទៀត​នោះ​គឺ ក្នុង​ព្រឹត្តិការណ៍​លើក​ទី​១ នឹងមាន​ការប្រកួត Super Fight ដ៏​ពិសេស រវាង​កំពូល​កីឡាករ​ថៃ ប៊ួ​ខាវ ទល់នឹង វ៉ា​រ៉ា​ត ជា​កីឡាករ​ជើង​ខ្លាំង មកពី​ប្រទេស​បេឡា​រុស រួមជាមួយ​គូ​ពិសេសៗ​ជាច្រើន​ទៀត រវាង​កំពូល​កីឡាករ​គុន​ខ្មែរ​កម្ពុជា ដែល​ទើប​ឈ្នះ​មេដាយ ពី​ព្រឹត្តិការណ៍ SEA GAMES ជាមួយនឹង​កីឡាករ​ជើង​ខ្លាំង​អន្តរជាតិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​មានប្រសាសន៍ថា​: យុទ្ធនាការ​ប្រដាល់ កំពូល​ព្រឹត្តិការណ៍​ប្រដាល់​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ក្នុង​គោលបំណង​ពង្រីក​សក្តានុពល និង​ធនធាន​គុន​ខ្មែរ ព្រមទាំង​ស្វែងរក​ជើង​ខ្លាំង សម្រាប់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​ផ្សព្វផ្សាយ​គុន​ខ្មែរ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជា​ផ្លូវការ​។ យើង​រីករាយ​ក្នុងការ​ចូលរួមចំណែក​ផ្សព្វផ្សាយ​គុន​ខ្មែរ ទូទាំង​ពិភពលោក​ទាំ​មូល ឲ្យ​គេ​បានដឹង​ពី​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​របស់​កម្ពុជា​។

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា វិស័យ​កីឡា​ត្រូវការ​វិស័យ​ឯកជន​គាំទ្រ ព្រោះ​វិស័យ​កីឡា គឺជា​សកម្មភាព​សង្គម មិនមែន​ធ្វើឡើង ដើម្បី​ប្រយោជន៍​មនុស្ស​ម្នាក់ គឺ​ធ្វើ​ដើម្បី​ប្រយោជន៍​រួម សម្រាប់​កីឡាករ​កីឡាការិនី អ្វីដែល​ជាការ​ចូលរួម​វិស័យ​ឯកជន ជា​គន្លឹះ​សម្ព័ន្ធមិត្ត​ថ្នាក់ដឹកនាំ និង​កីឡាករ​-​កីឡាការិនី​។​
​សកម្មភាព​មួយ​នេះ ជាការ​បើក​ទំព័រ​ដ៏​សំខាន់​មួយ​បង្ហាញ និង​ផ្ញើ​សារ​វិស័យ​ឯកជន​ធំ សូម​ចូលរួម​គាំទ្រ​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GAMES ឆ្នាំ​២០២៣ ៕/V​.mara