ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតពាន AFC Cup នាវេលាម៉ោង ៨ យប់នេះ នៅទឹកដីប្រទេសឥណ្ឌូណេស៊ី ទោះបីក្រុមបាល់ទាត់វិសាខា ត្រឹមស្មើក្រុម Kedah ប៉ុណ្ណោះ ក៏បានឡើងទៅកាន់វគ្គបន្ទាប់ដែរ។
នេះជាលើកដំបូងហើយ ក្នុងនាមក្រុមតំណាងឲ្យកម្ពុជាសម្រាប់ពាន AFC Cup នេះ ហើយបើសិនក្រុមតំណាងឲ្យកម្ពុជាមួយនេះ បានឡើងទៅមែន នឹងបំបែកកំណត់ត្រាមួយថ្មីទៀត។
ជ័យជំនះ ឈ្នះ២ប្រកួតជាប់គ្នា នេះជាកំណត់ត្រាល្អមួយផងដែរ ដោយកន្លងមក ក្រុមតំណាងរបស់កម្ពុជា មិនធ្លាប់ធ្វើបានឡើយ នៅវគ្គនេះ។ ជាងនេះទៅទៀត បើសិន វិសាខា បានឡើងទៅកាន់ជុំបន្ទាប់ ឬ Knock out ទៀតនោះ ពួកគេនឹងបំបែកកំណត់ត្រាមួយទៀត គឺបានឡើងទៅដល់វគ្គ Knock out ជាលើកដំបូង សម្រាប់តំណាងឲ្យកម្ពុជា ក្នុងការលេងពាន AFC Cup។ បើមើលទៅលើភាគរយ នៃការឡើងទៅកាន់ជុំបន្ទាប់វិសាខា ហាក់មានភាគរយខ្ពស់ខ្លាំង។
លោក មាស ចាន់ណា គ្រូបង្វឹករបស់វិសាខា បាននិយាយ ក្នុងសន្និសីទកាសែតថា: «អ្វីដែលខ្ញុំសង្កេតឃើញ គឺកីឡាករយើង ពួកគាត់មានឆន្ទៈខ្ពស់ណាស់ គាត់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនេះ។ ទាំងកម្លាំងស្មារតី និងយុទ្ធសាស្ត្រ គឺយើងបានរៀបចំរួចហើយ…។ ខ្ញុំមើលឃើញថា ការប្រកួតនេះ ជាការប្រកួត ដែលក្រុមយើង នៅតែធ្វើបានល្អដដែល»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា: ជ័យជម្នះ ២ ប្រកួតកន្លងទៅនេះ មិនទាន់គ្រប់គ្រាន់ឡើយ។ ក្រុមរបស់លោក នៅតែបន្តយកចិត្តទុកដាក់ប្រឹងប្រែង និងត្រៀមខ្លួនឲ្យកាន់តែល្អ ព្រោះការប្រកួតនេះ លោកគិតថាសំខាន់ខ្លាំង។ អ្វីដែលលោកបានដាស់តឿន ដល់កីឡាករ គឺប្រសិនធ្វើបានល្អហើយ កុំទម្លាក់ដៃ ឬបន្ថយការខិតខំប្រឹងប្រែងឲ្យសោះ ពោលគឺ ត្រូវតែប្រឹងឲ្យបានកាន់តែខ្លាំង ជាងការប្រកួតមុនៗទៀត។
សូមរំលឹកថា កាលពី ពីរប្រកួតមុន ក្រុមបាល់ទាត់ វិសាខា បានយកឈ្នះ Bali ៥-២ និងឈ្នះក្រុម Kaya ២-១ ៕/V.mara