ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុម​កីឡាករ​បាល់បោះ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដណ្តើមបាន​មេដាយមាស លើ​ប្រភេទ បាល់បោះ នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០២២ បន្ទាប់ពី​ក្រុម​នេះ បាន​យកឈ្នះ​ក្រុម​កីឡាករ​បាល់បោះ​វិទ្យាស្ថាន​ខេ​ម​អេ​ដ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​ក្នុងឱកាស​បិទ និង​ប្រគល់​មេដាយ ជូន​កីឡាករ​-​កីឡាការិនី ដោយ​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​លោក ហួត សេង​ទ្រី ប្រធាន​នាយក​គ្រប់គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​។

​សម្រាប់​វិញ្ញាសា​បាល់បោះ​បុរស​៖ មេដាយមាស បាន​ទៅលើ​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប មេដាយប្រាក់ បាន​ទៅលើ​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​មេដាយសំរិទ្ធ បាន ទៅលើ​ក្រុម​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​ចំណែក​វិញ្ញាសា​បាល់បោះ​នារី​៖ មេដាយមាស បាន​ទៅលើ​ក្រុម​វិទ្យាស្ថាន​ខេ​ម​អេ​ដ មេដាយប្រាក់ បាន​ទៅ លើ​ក្រុម​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​មេដាយសំរិទ្ធ បាន​ទៅលើ​ក្រុម​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕/V​.mara