​ដោយ​: ទេ​ពក​ង្រី​/ កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​៣០ មិថុនា ២០២២ នៅ​សាលា​ពលទាហាន​យោធភូមិភាគ​ពិសេស​ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​ប្រារព្វ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ ឆមាស​ទី​១ នឹង​បើក​វគ្គ​បំប៉ន​ជំនាញ ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២២​។

​ពិធី​នេះ​ធ្វើឡើង ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពូ​សា​ប៊ុត​ឌី មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ពិសេស តំណាង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​មានការ​ចូលរួម ពី​មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ពិសេស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ូ វណ្ណៈ នាយក​សាលា​ពលទាហាន មេបញ្ជាការ មេបញ្ជាការរង​ប្រតិបត្តិការ​សឹក​រង​ខេត្ត អង្គភាព​ចំណុះ​យោធភូមិភាគ​ពិសេស រួម​និង​សិក្ខាកាម ចំនួន ១៦៨ នាក់ ។

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក ឯម ច័ន្ទ​សាខា នាយសេនាធិការរង យោធភូមិភាគ​ពិសេស បាន​ឡើង​អាន​របាយការណ៍​បូកសរុប​លទ្ធផល​ហ្វឹកហ្វឺន​ប្រចាំឆមាស​ទី​១ និង​បើក​វគ្គ​បំប៉ន​ជំនាញ ប្រចាំឆមាស​ទី​២ ដែល​ក្នុងនោះ លោក​បាន​គូសបញ្ជាក់​ពី​ការហ្វឹកហ្វឺន​ជំនាញ​វិស្វកម្ម និង​និង​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បើកបរ​ដៃចង្កូត​រថយន្ត​ធំ នឹង​ប្រកាស​បើក​វគ្គ​បំប៉ន​ជំនាញ​ការងារ​យោធា​តំបន់ បំប៉ន​ជំនាញ​ស្រាវជ្រាវ ផ្ដល់ព័ត៌មាន និង​បំប៉ន​ជំនាញ​កាំភ្លើង​ធំ ឆ្នាំ​២០២២ នៅ​សាលា​ពលទាហាន​យោធភូមិភាគ​ពិសេស ។

​ក្រោយពី​ស្តាប់​របាយការណ៍​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ពូ​សា​ប៊ុត​ឌី បាន​មានប្រសាសន៍ថា​: ក្រោម​ការយកចិត្តទុកដាក់​លើ​វិស័យ​ការពារ​ប្រទេសជាតិ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ បានដាក់​ចេញ​នូវ​កម្មវិធី​ជាច្រើន ដើម្បី​ពង្រឹងសមត្ថភាព​កងក​ម្លាំ​ង​យោធា តាមរយ​:​ការហ្វឹកហ្វឺន បណ្ដុះបណ្ដាល បច្ចេកទេស​ជំនាញ លើ​មុខវិជ្ជា​វិស្វកម្ម បំប៉ន​ជំនាញ​ការងារ​យោធា ស្រាវជ្រាវ​ផ្ដល់ព័ត៌មាន និង​បំប៉ន​ជំនាញ​កាំភ្លើង​ធំ ដោយ​ធ្វើយ៉ាងណា ឱ្យមាន​គុណភាព​ខ្ពស់ លើ​វិស័យ​យោធា ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិភាគ​ពិសេស បាន​ផ្តាំផ្ញើ​ដល់​សិក្ខា​ម​លើ​ការហ្វឹកហ្វឺន និង​នាយក​សាលា ត្រូវ​យកចិត្តទុកដាក់ លើ​ការងារ​គ្រប់គ្រង​សិក្ខាកាម ឲ្យ​បានល្អ និង​មាន​ឯកសារ​ច្បាស់លាស់ និង​សម្ភារៈ​ដល់​ការងារ​ហ្វឹកហ្វឺន និង​កន្លែង​ស្នាក់នៅ ឲ្យ​បាន​សមរម្យ សម្រាប់​សិក្ខាកាម ពិសេស​ការថែទាំ​សុខភាព កុំឱ្យ​មានការ​ឆ្លង​ជំងឺ​កូ​វិដ​១៩ ហើយ​ការងារ​ហ្វឹ​ល​ហ្វឺ​ន​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​វិស័យ​កងយោធពល​ខេមរភូមិន្ទ ។

​នៅ​បញ្ចប់​ពិធី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពូ​សា​ប៊ុត​ឌី បានប្រគល់​បណ្ណ​សរសើ​រ និង​លិខិត​សរសើរ ដល់​សិក្ខាកាម​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​វិស្វកម្ម និង​វគ្គ​បំប៉ន​ជំនាញ​បើកបរ​ដៃចង្កូត​រថយន្ត​ធំ ហើយ​លោក ក៏បាន​ប្រកាស​បើក​វគ្គ​បន្ត​បំប៉ន​ជំនាញ​ស្រាវជ្រាវ ផ្ដល់ព័ត៌មាន និង​បំប៉ន​ជំនាញ​កាំភ្លើង​ធំ ឆ្នាំ​២០២២ ចាប់ពីពេលនេះ​តទៅ​និង​បានប្រគល់​ថវិកា​មួយចំនួន សម្រាប់​ការផ្គត់ផ្គង់​ដល់​សាលា​ពលទាហាន​យោធភូមិភាក​ពិសេស​ផងដែរ​៕/V​.mara