​ដោយ​: ភ្នំ​សន្ទុក​/​កំពង់ធំ​: លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​បាន​ថ្លែងអោយដឹងថា ឆ្នាំនេះ​ផ្លែ​ទុរេន​របស់​ប្រជាកសិករ​នៅ​ស្រុក​សណ្តាន់​មានការ​ប្រមូល​ផល​ល្អ​គួរអោយគត់សំគាល់​ខ្លាំងណាស់ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ គឺមាន​ការកើនឡើង​ជា​បន្តបន្ទាប់ ហើយ​រស់ជាតិ ឆ្ងាញ់​ផ្អែម មិន​ចាញ់​តាម​បណ្តាល​ខេត្ត​ផ្សេងៗ​ឡើយ ចំណែក​តម្លៃ​វិញ​នេះ​ក៏​មិន​ខុសគ្នា​ដែរ ។​

​ប្រជាកសិករ លោក​ប៉ាល់ អាត ជា​ម្ចាស់​ចំការ ទុរេន មាន​ទីតាំង​ស្ថិតនៅ ភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ប្រាប់ថា ចំការ​ទុរេន របស់គាត់​ដាំ​ក្នុង​ផ្ទៃដី​ប្រមាណ ៥​ហិកតា សម្រាប់​ទិន្នផល​ឆ្នាំនេះ​គឺ​ទទួលបាន​ផល​ច្រើន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​គឺ​កើន រហូតដល់​ទៅ ៥​ដង ។ ដោយឡែក​សម្រាប់​តម្លៃ​ក្នុង​ទីផ្សារ​វិញ​ឆ្នាំមុន តម្លៃ​រាយ​គាត់​លក់បាន​១​គីឡូក្រាម ២៧.០០០​រៀល ទៅ ៣០.០០០​រៀល និង​តម្លៃ​បោះ​ឲ្យ​ម៉ូយ បាន ២៥.០០០​រៀល ទៅ ២៧.០០០​រៀល ក្នុង​១​គី​ក្រាម​។ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ដល់​ខែ​ទទួលផល ទុរេន ពួកគាត់​លក់បាន​ត្រឹមតែ ១៨.០០០​រៀល ទៅ ២០.០០០​រៀល ជា​តម្លៃ​លក់រាយ ក្នុង​១​គីឡូក្រាម និង​តម្លៃ​បោះ​ដុំ​បាន ១៦.០០០​រៀល ឬ ១៧.០០០​រៀល​តែប៉ុណ្ណោះ​។ ការបោះ​ដុំ និង​លក់រាយ​ក្នុង​ទីផ្សារ​ក្បែរ​ចំការ ទុរេន របស់​ពួកគាត់​ក៏មាន​កា​រក​ម្ម៉​ង់​ទិញ​នៅតាម​បណ្ដា​ខេត្ត​ដូចជា ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប រាជធានី​ភ្នំពេញ ខេត្តតាកែវ ជាពិសេស​ភាគច្រើន​គឺ​ក្នុង​ខេត្តកំពង់ធំ​តែម្ដង​។​

​ប្រជាកសិករ ពូ​ហេង សុខ បាន​ប្រាប់ថា រាល់ថ្ងៃនេះ​គាត់​បាន​ដាំ​ទុរេន​នេះ​មាន​ចំនួន​២៥០​ដើម ក្នុង​១​ថ្ងៃ ប្រមូល​ជា​មធ្យម​បាន ២៥០​គីឡូក្រាម បច្ចុប្បន្ននេះ ទុរេន​គាត់ លក់រាយ​បាន​តម្លៃ​២០.០០០​រៀល លក់ដុំ​តម្លៃ​១៥.០០០​រៀល ហើយ​ចំការ​របស់គាត់​ពុំមាន​លាយ​ផ្សំ​សា​ធាតុគីមី​ឡើយ គឺ​ប្រើប្រាស់​តែ​ជីធម្មជាតិ​ពិត​ពិត ហើយ​ការទិញ​ទៅ​ទទួលទាន ក៏​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។​

​ជាមួយគ្នានេះដែរ លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថ្ងៃទី​៣០ ខែមិថុនា​នេះ​ថា ទុរេន​នៅ​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ ក៏​ជា​ទុរេន​ជាប់​លំដាប់​ល្អ​ជាងគេ​មួយ​ដែរ ក្នុងចំណោម​ទុរេន​ល្បីៗ ពី​កំពត និង កំពង់ចាម ឬក៏​តំបន់ ផ្សេងទៀត​។

​លោក ឱ្យដឹងទៀតថា​ទុរេន​ស្រុក​សណ្ដាន់ លក់​ក្នុងស្រុក ហើយ ជាទូទៅ​ភ្ញៀវ​ទៅ​ទិញ​ដល់​ចម្ការ​តែម្តង និង ម៉ៅ ឲ្យ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។​

​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​លើកទឹកចិត្ត​ដល់​ការបង្កបង្កើន​ដំណាំ​លក្ខណៈ​ធម្មជាតិ​របស់​ក​សិ​ករ​ខ្មែរ ដែល​ប្រកបដោយ​លក្ខណៈ​ធម្មជាតិ និង​ទទួលទាន​ដោយ​សុវត្ថិភាព ចំពោះ​សុខភាព ប្រសើរ​ជាង​ការទទួល​ទាន​ទុរេន​នាំចូល​៕