​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ី បាន​សន្យាថា នឹង​ជួយ​ដល់​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា សម្រាប់​ដំណើរការ​រៀបចំ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

​លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បាន​ឲ្យ​ដឹងថា​: លោក ណា ណា​រីតា ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ​អាស៊ី និង​លោក ឆៃ ណា​រ៉ុង ប្រធាន​សហព័ន្ធ​កីឡា​ទូក​រ៉ូ​អ៊ីង​អាស៊ី បាន​ដឹកនាំ​ប្រតិភូ និង​មន្ដ្រី​ជំនាញ មក​ទស្សនកិច្ច និង​ពិនិត្យ​ទីលាន​ប្រកួត​នៅ​កម្ពុជា ហើយ​បាន​ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ ជាមួយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។
​លោក ស្រ៊ុន លាង បាន​ឲ្យ​ដឹង​ទៀតថា​: ដំណើរ​ទស្សនកិច្ច និង​កិច្ចប្រជុំ រវាង​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា និង​ប្រតិភូ​សហព័ន្ធ​អាស៊ី ខាងលើ បានបញ្ចប់​ប្រកបដោយ​ផ្លៃ​ផ្កា​ល្អប្រសើរ​។

​សហព័ន្ធ​អាស៊ី មកនេះ ដើម្បី​ជួយ​ជំរុញ​លើកទឹកចិត្ត និង​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​សម្ភារ ពេល​យើង​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ជា​សក្ខីភាព​ក្នុង​អង្គប្រជុំ គឺ​គាត់​ជួយឧបត្ថម្ភ ដូចជា​ការជួយ​រៀបចំ​ទីលាន​ប្រកួត​ជាដើម​។

​ចំណែក​ទូក សម្រាប់​បម្រើ​ឲ្យ​ការប្រកួត​វិញ ប្រទេស​នានា នៅ​ឆ្ងាយ ពិបាក​ដឹកជញ្ជូន​មក​ប្រកួត ហេតុនេះ​សហព័ន្ធ​អាស៊ី នឹង​យក​ទូក​មក ហើយ​អាច​ឲ្យ​ខ្ចី សម្រាប់​បម្រើ​ឲ្យ​ការប្រកួត​បាន ។

​ចំពោះ​កីឡាករ​-​កីឡាការិនី​កម្ពុជា​យើង​វិញ ដែល​ចង់ទៅ​ហ្វឹកហាត់​បន្ថែម រយៈពេល​ពី ៣ ទៅ ៦​ខែ ដូចជា​នៅ​ថៃ ឥណ្ឌូណេស៊ី សិង្ហ​បុរី វៀតណាម និង ថៃ គឺ​អនុញ្ញាត​ឲ្យ​កម្ពុជា​។ នេះ​មានន័យថា សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា អាច​បញ្ជូន​កីឡាករ​-​កីឡាការិនី ទៅ​ហ្វឹកហាត់​រយៈពេល​វែង​បាន​។

​ពាក់ព័ន្ធ​នឹង​ទីលាន​ប្រកួត​វិញ លោក​បាន​ពន្យល់ថា​ឆ្លងកាត់​ការត្រួតពិនិត្យ និង​វាយតម្លៃ​របស់​មន្ដ្រី​ជំនាញ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ី ក៏ដូចជា​គណៈកម្មការ​បច្ចេកទេស នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម បាន​អះអាងថា​: ទីលាន​ប្រកួត នៅ​ដងព្រែក​កំពត ខេត្តកំពត អាច​រៀបចំ​ការប្រកួត​បាន​។ ពិសេស​ទីតាំង​របស់​ទីលាន គឺមាន​សោភ័ណ​ភាពល្អ​ស្អាត ដែល​កម្ពុជា អាច​រៀបចំ​ការប្រកួត​កីឡា​លើទឹក​បាន ស្របទៅតាម​ការកំណត់​របស់​គណៈកម្មាធិការ​ជាតិ CAMSOC ក្នុងនោះ ទូក​រ៉ូ​អ៊ីង អាច​រៀបចំ​ការប្រកួត ក្នុង​បច្ចេកទេស​ចម្ងាយ​ខ្លី ១.០០០ ម៉ែត្រ ខណៈ​ទូក​កា​នូ និង​ទូក​ប្រពៃណី អាច​រៀបចំ​បាន​លើ​វិញ្ញាសា​ចម្ងាយ ១.០០០ ម៉ែត្រ ៨០០​ម៉ែត្រ ៥០០​ម៉ែត្រ និង ២០០​ម៉ែត្រ ជាដើម​។

​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះដែរ លោក វ៉ា​ត់ ចំរើន ក៏បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បន្ដ​ធ្វើការ​ជាមួយ​សហព័ន្ធ​អាស៊ី ទាំង​ទូក​កា​នូ និង​រ៉ូ​អ៊ីង ដើម្បី​ស្វែងរក​ការគាំទ្រ​បន្ថែម លើ​បច្ចេកទេស​ផ្សេងៗ​។ ពិសេស​បណ្ដា​ប្រទេស​ជា​មិត្ត ដើម្បី​ធានាបាន​នូវ​ការត្រៀមខ្លួន និង​រៀបចំ​ប្រកបដោយ​ភាពជោគជ័យ ក្នុង​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ដ្រ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​៕/V​.mara