​ដោយៈ ដេប៉ូ​/​ភ្នំពេញៈ ឧ​ឡាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម​ភ្នំ​គូលែន​គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ និង ក៏​ជា​ភ្នំ​សក្ការបូជា​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅ​ទីតាំង​ដ៏​ពិសិដ្ឋ​មួយ​នេះ​បាន​បន្សល់ទុក​នូវ​ប្រាសាទបុរាណ និង​ស្ថានីយ៍​បុរាណ​ជាច្រើន​កន្លែង​។​ក្រៅពីនេះ​ក៏មាន​តំបន់​ទឹកធ្លាក់​គួរ​ជាទី​កម្សាន្ត​មនោ​រម្យ​ជាច្រើន​កន្លែង​ទៀត​។​

​តាមរយៈ​សក្តានុពល​ពី​តំបន់​ប្រវត្តិសាស្ត្រ ក៏ដូចជា​អេកូ​ទេសចរណ៍ធម្មជាតិ​នេះដែរ​ធ្វើឱ្យ​ប្រជា​សហគមន៍​ជាច្រើន​នៅលើ​ខ្នងភ្នំ​គូលែន​ដែល​កាលពី​មុននេះ​អាស្រ័យ​ពឹងពាក់​លើ​ធនធានធម្មជាតិ​ដូចជា​កាប់​ព្រៃឈើ និង​បរបាញ់​សត្វ​បាន​ងាក​មក ថែរក្សា​និង​ទាញ​ប្រយោជន៍​ពី​ធនធានធម្មជាតិ​ទាំងនេះ​វិញ​។​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៃ​ការអនុវត្ត​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» ទៅកាន់​ឧឡា​ន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម​ភ្នំ​គូលែន​និង​បឹង​ទន្លេសាប​ចាប់ពី​ថ្ងៃទី​២៨-៣០ ខែមិថុនា ឆ្នាំ​២០២២ លោក ឃិន ម៉េង​ឃាង ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​នៅ​ឧ​ឡាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម​ភ្នំ​គូលែន​នេះ​មាន​សហគមន៍​ចំនួន ៥​ដែល​កំពុង​ទទួលផល​ប្រយោជន៍​ពី​គម្រោង​ខាងលើនេះ​។​

​លោក​បាន​មានប្រសាសន៍ថា​គម្រោង​មួយ​នេះ​គឺ​បាន​សិក្សា​ទៅលើ​ផ្លូវ​ត​ភ្ជាប់ ដែលមាន​ទាំង​ក្នុង​សហគមន៍ និង​ផ្លូវ​ដើរ​ព្រៃ​។ ក្រៅពីនេះ​គេ​កំពុង​សិក្សា​ទៅលើ​ផ្ទាំង​ដែន​ទេសភាព ដើម្បី​កំណត់ថា​តំបន់​ណា​ដែលជា​កន្លែង​មាន​សក្តានុពល​សម្រាប់​រៀ​ប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ឱ្យ​វិស័យ​ឯកជន​ចូលមក​វិនិយោគ ពិសេស​គម្រោង​អេកូ​ទេសចរណ៍​ខ្នាតតូច​។​

​លោក ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​បានឱ្យដឹង​ដែរ​ថា តាមរយៈ​គម្រោង​នេះ​យើង​នឹង​ពិនិត្យមើល​ទៅលើ​ទឹកស្អាត អនាម័យ​។ ជាមួយគ្នា​យើង​នឹង​គាំទ្រ​ដល់​សហគមន៍​នានា​ដើម្បី​រៀបចំ​អេកូ​ទេសចរណ៍​កម្រិត​សហគមន៍ ដើម្បី​សំដៅ​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន មាន​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៥ ដូចជា «​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ​» ស្ថិត​ក្នុងភូមិ​អន្លង់​ធំ «​សហគមន៍​ព្រៃធំ​ពពេល​» ដែល​សហគមន៍​ទាំងពីរ​នេះ​ទទួលបាន​អនុវត្ត​គម្រោង “«​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» ដោយ​ទទួលបាន​ប្រយោជន៍​ដោយផ្ទាល់​។ ចំណែក សហគមន៍​បី​ទៀត​គឺ «​សហគមន៍​ព្រៃភ្នំ​ក្ដួច​» «​សហគមន៍​ព្រៃភ្នំ​ម្នាស់​» និង «​សហគមន៍​ជប់​តា​សុខ​» បូករួម​នឹង «​ចម្ការ​អភិរក្ស​ដើម​គ្រញូង​» បានទទួល​ផលប្រយោជន៍​ដោយ​ប្រយោល​។

​លោក ផាន់ ផុន ប្រធាន​សហគមន៍​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់​ធំ បានបញ្ជាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​ទេសចរណ៍​ថា ៖​ពេលនេះ​ពលរដ្ឋ​បានរួម​គ្នា​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​សត្វព្រៃ តំបន់​ប្រសាទ​ដើម្បី​បម្រើ​លើ​វិស័យ​ទេសចរណ៍​។​ពួកគាត់​បាន​អាស្រ័យ​ផល​ទៅលើ​វិស័យនេះ​ដូចជា ការ​ចិ​ញ្ចឹ​សត្វ មាន់​ទា ជ្រូក និង​ពិសេស​ដាំ​ដំណាំ​កសិកម្ម​សម្រាប់​ទុក​លក់​ដល់​ភ្ញៀវ​ទេសចរណ៍​។​

​លោក​បានលើកឡើង​ដោយ​ពន្យល់ថា​៖ «​ពេលនេះ​ប្រជា​សហគមន៍​មួយចំនួនធំ​បាន​ងាក​មក​ចិញ្ចឹម​មាន់ ជ្រូក​កណ្តុរ និង​ពិសេស​ដាំ​ដំណាំ​កសិកម្ម​សម្រាប់​ទុក​លក់​ដល់​ភ្ញៀវ​ទេសចរណ៍​។​ពេលខ្លះ​ការចិញ្ចឹម​របស់គាត់​មិន​គ្រប់​តម្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​នោះឡើយ​»​។​

​លោក ប្រធាន​សហគមន៍​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់​ធំ​បានឱ្យដឹង​បន្ថែមថា «​ឥឡូវ​គាត់​ការពារ​ព្រៃ​ដើម្បី​រក​ចំណូល​ម្ដង ប្រែ​ខុសពី​មុន​! ព្រោះ​ពីមុន កាប់​ព្រៃ​រក​ចំណូល ឥឡូវ​គាត់​ការពារ​ព្រៃ ដើម្បី​រក​ចំណូល​វិញ​។

​គួរ​បញ្ជាក់ថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា បាន​គាំទ្រ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ​គឺ​សហគមន៍​ព្រៃធំ​ពពេល និង​សហគមន៍​ព្រៃធំ​អន្លង់​ធំ​នៅលើ​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ដោយ​គម្រោង​បាន​យកចិត្តទុកដាក់​ពង្រឹង​លើ​ផ្នែក​ទេសចរណ៍ធម្មជាតិ មាន​ទាំង​កិច្ចការងារ​បដិសណ្ឋារកិច្ច ការនាំ​ភ្ញៀវ​និង​ការអភិរក្ស​ជាដើម​។​លើសពីនេះ​គម្រោង​ក៏​ជួយ​ឲ្យ​មាន​កំណើន​ជីវភាព​ប្រជា​សហគមន៍​តាមរយ​:​ការ​ចិ​ញ្វឹ​ម​សត្វ​ជ្រូក​កណ្តុរ ការចិញ្ចឹម មាន់​និង​ឃ្មុំ​ព្រៃ​ផងដែរ​៕