​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ ទី​២៩ មិថុនា​ថា​យានអវកាស​ចិន​ដែល​គ្មាន​មនុស្ស​បើក​បាន​ទទួល​ទិន្នន័យ​រូបភាព​គ្របដណ្តប់​លើ​ភព​​ព្រះ​អង្គារ​ទាំងមូល រួមទាំង​រូប​ភាព​នៃ​ប៉ូល​ខាងត្បូង​របស់​ភព​ផងដែរ បន្ទាប់​ពី​ហោះ​វិល​ជុំវិញ​ភព​ក្រហម​នេះ​ជាង ១.៣០០ ដង​ចាប់តាំងពី​ដើម​ឆ្នាំ​មុន​។​

​យាន Tianwen-1 របស់​ចិន​បាន​ទៅ​ដល់​ភព​ក្រហម​ដោយ​ជោគជ័យ​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ ក្នុង​បេសកកម្ម​បើកឆាក​ដំបូង​របស់​ប្រទេស​នេះ​នៅ​ទីនោះ​។ ចាប់តាំងពី​ពេលនោះ​មក​យាន​រ៉ូ​បូតរុក​​រក​មួយ​គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​លើ​ផ្ទៃ​ភព​ព្រះ​អង្គារ ខណៈ​យាន​គោចរ​មួយ​ស្ទង់​មើល​ភព​នេះ​ពី​លំហ​។​

​ក្នុងចំណោម​រូបភាព​ដែល​ថត​ចេញពី​លំហ គឺ រូបថត​ដំបូង​របស់​ចិន​អំពី​ប៉ូល​ខាងត្បូង​របស់​ភព​ព្រះ​អង្គារ ជា​ទី​ដែល​ធនធានទឹក​ស្ទើរតែ​ទាំងអស់​របស់​ភព​នេះ​ត្រូវ​ជាប់គាំង​នៅ​ក្រោម​ដី​។​

​ក្នុង​ឆ្នាំ ២០១៨ យានអវកាស​ដែល​ដំណើរការ​ដោយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បាន​រកឃើញ​ទឹក​នៅ​ក្រោម​ទឹកកក​នៃ​ប៉ូល​ខាងត្បូង​របស់​ភព​ព្រះ​អង្គារ​។​

​ការរកឃើញ​ទីតាំង​ទឹក​ក្រោម​ដី​គឺជា​គន្លឹះ​ក្នុង​ការកំណត់​សក្តានុពល​ជីវិត​លើ​ភព​ក្រហម​នេះ​ក៏ដូចជា​ការផ្តល់​ធនធាន​អចិន្ត្រៃយ៍​សម្រាប់​ការរុករក​របស់​មនុស្ស​នៅ​ទីនោះ​ផងដែរ​។​

​រូបភាព​របស់​យាន Tianwen-1 ផ្សេង​ទៀត​រួម​មាន​រូបថត​នៃ​ជ្រលង វ៉ាល់​ឡេស ម៉ា​រី​នឺរី​ស (Valles Marineris)​ប្រវែង ៤.០០០ គីឡូម៉ែត្រ​និង​រណ្ដៅ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នៃ​ភព​​ព្រះ​អង្គារ ដែល​គេ​ស្គាល់​ថា អា​រ៉ា​បៀ ថេ​រ៉ា (Arabia Terra)​។​

​យាន Tianwen-1 ក៏​បាន​បញ្ជូន​ត្រឡប់​មក​ផែនដី​វិញ​នូវ​រូបភាព​ច្បាស់​គុណភាព​ខ្ពស់​នៃ​គែម​រណ្ដៅ​ភ្នំភ្លើង​មូន​ឌឺ (Maunder) ដ៏​ធំ​ក៏ដូចជា​ទិដ្ឋភាព​ពីលើ​ចុះ​ក្រោម​នៃ​ភ្នំភ្លើង អា​ស្ក្រូស​ម៉ុន (Ascraeus Mons) កម្ពស់ ១៨.០០០ ម៉ែត្រ ដែល​រកឃើញ​ដំបូង​ដោយ​យាន Mariner 9​របស់​អង្គការ​ណា​សា​កាលពី​ជាង​ប្រាំ​ទសវត្សរ៍​មុន​ផងដែរ​៕

​រូបភាព​មួយ​នៃ​ភព​ព្រះ​អង្គារ​ថត​បាន​ដោយ​យាន Tianwen-1