ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នៅក្រោម​ផ្នែក​មួយ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន ដែល​បានអនុម័ត​ក្នុង​កិច្ចប្រជុំ​ប្រមុខ​ដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន និង លោក ឯក​ផាប់ ផាន់​ថាវ​ង្ស អគ្គលេខាធិការរង​អាស៊ាន​ទទួលបន្ទុក​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន (ASCC) ក្នុងនាម​ជា​តំណាង​របស់ លោក ដា​តុ លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន និង​អ្នកសម្របសម្រួល​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន (SG-AHAC) ព្រមទាំង ឯកឧត្តម ឆិ​ន ហៃ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​មី​យ៉ាន់​ម៉ា បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​អំណោយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​ចិន​ជូន​ដល់​អាស៊ាន​សម្រាប់​មី​យ៉ាន់​ម៉ា នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន​។​

​វ៉ាក់សាំង​ចំនួន​ពីរលាន​ដូ​ស​នឹងត្រូវ​ចាក់​ជូន​ប្រជាជន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស​នៅ​តំបន់​ដែល​ពិបាក​ទៅដល់ ក្រោម​យន្តការ ៥០:៥០ នៃ​ក្របខ័ណ្ឌ​ចាក់​វ៉ាក់សាំង​រួមគ្នា​របស់​ក្រសួងសុខាភិបាល និង​ដៃគូ ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​កម្ពុជា ព្រមទាំង​ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ដល់​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ភ្នំពេញ​។ សេចក្តីលម្អិត​នៃ​ការផ្តល់ និង​ការគ្រប់គ្រង​វ៉ាក់សាំង​នេះ​នឹងត្រូវ​បានកំណត់​នៅពេល​ក្រោយ ដោយ​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) លេខាធិការដ្ឋាន អាស៊ាន ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា រដ្ឋាភិបាល​ចិន និង​ដៃគូ​ពាក់ព័ន្ធ ដោយ​គ្មាន​ភាពលំអៀង ព្រម​ជាមួយនឹង​គោលបំណង​តែមួយគត់​គឺ «​មិន​ទុក​នរណាម្នាក់​នៅ​មី​យ៉ាន់​ម៉ា​ចោល​នោះទេ​»​។​

​នៅក្នុង​ពិធី​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើងថា «​ជំនួយ​មនុស្សធម៌​មិនគួរ​ត្រូវបាន​លាប​ពណ៌​អ្វី​ឡើយ​។ ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ដៃគូ​ខាងក្រៅ គួរតែ​ទុក​មួយ​ឡែក​នូវ​ការខ្វែងគំនិត​ផ្នែក​នយោបាយ ហើយ​ប្រមូល​ផ្តុំគ្នា​នៅក្រោម​ឆ័​ត្រ​មនុស្សធម៌ ដើម្បី​កែលម្អ​ស្ថានភាព​ជាក់ស្តែង​បន្តិច​ម្តងៗ​។ មិន​ថា​ផ្នែក​ណាមួយ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះទេ គឺ​សុទ្ធ​តែមាន​សារៈសំខាន់​ទាំងអស់ ហើយ​អ្វីដែល​សំខាន់បំផុត​ជាងគេ​នោះ​គឺថា ត្រូវតែ​បោះជំហាន​ដំបូង​ទៅមុខ​។​»

​ពិធី​ប្រគល់​ជំនួយ​ជា​វ៉ាក់សាំង​នេះ គឺជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​រួម​របស់​អាស៊ាន​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដោយមាន​ការគាំទ្រ​ពី​ដៃគូ​សន្ទនា ដូចជា​ប្រទេស​ចិន និង​ដៃគូ​ខាងក្រៅ​ដទៃទៀត ដើម្បី​លើកកម្ពស់​ម​ជ្ឈ​ភាព​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែលជា​កង្វល់​រួម​នៅក្នុង​តំបន់​៕​