ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ បុគ្គលិកសួនសត្វប្រមូលលាមកបានប្រហែល ៨០០ គីឡូក្រាមពីដំរីប្រាំក្បាលនៅក្នុងបរិវេណរបស់ពួកគេ។
កាលពីមុន លាមកត្រូវបានបោះចោលឬធ្វើជាជីរ។ ឥឡូវនេះ វាត្រូវបានកែច្នៃជាក្រដាស។
លោក ម៉ៃ ខាក់ ជុង ជុក (Mai Khac Trung Truc) នាយកសួនសត្វនិងសួនរុក្ខសាស្ត្រសៃហ្គន បាននិយាយថា សត្វដំរីភាគច្រើនស៊ីស្មៅនិងអំពៅ ដូច្នេះលាមករបស់វាមានជាតិសរសៃច្រើន ហើយមិនមានក្លិនស្អុយខ្លាំងពេកទេ។
លោកបានបន្តថា “លាមកវាអាចប្រើសម្រាប់ធ្វើក្រដាសបាន។ ប្រទេសមួយចំនួនបានធ្វើវារួចហើយ ហើយកំពុងផលិតក្រដាសដែលមានគុណភាពខ្ពស់”។
លោកជុកបាននិយាយថា ការកែច្នៃឡើងវិញបែបនេះនឹងជួយលើកកម្ពស់ការយល់ដឹងអំពីការការពារសត្វព្រៃនិងបង្រៀនកុមារឱ្យចេះសន្សំសំចៃធនធាននិងការពារបរិស្ថាន។
សួនសត្វបានចាប់ផ្តើមកែច្នៃលាមកដំរីតាំងពីខែកុម្ភៈមកម្ល៉េះ។
កាលពីថ្ងៃសុក្រកន្លងទៅ លោកជុកបានលាងសម្អាតលាមកដែលប្រមូលបានយ៉ាងហោចណាស់ប្រាំពីរដង ដើម្បីលុបបំបាត់ភាពកខ្វក់ចេញ ដោយទុកតែជាតិសរសៃសម្រាប់កែច្នៃឡើងវិញ។ ជាតិសរសៃត្រូវបានស្ងោរនៅសីតុណ្ហភាព ២០០ អង្សាសេ រយៈពេល ២ ម៉ោងដើម្បីសម្លាប់បាក់តេរី និងបំបាត់ក្លិន។
សួនសត្វនេះប្រើលាមកដំរីប្រហែល ៣-៥ គីឡូក្រាមដើម្បីធ្វើក្រដាសរៀងរាល់ចុងសប្តាហ៍។
លោកជុកបាននិយាយថា “នេះនៅតែជាការសាកល្បង ហើយគ្មានគ្រឿងម៉ាស៊ីនណាមួយត្រូវបានប្រើប្រាស់នោះទេ។ យើងធ្វើវាដោយដៃ និងមិនរកប្រាក់ចំណេញទេ ដូច្នេះយើងធ្វើតែក្រដាសប៉ុន្មានសិបសន្លឹកក្នុងមួយលើកៗប៉ុណ្ណោះ”៕
ក្រដាសត្រូវបានកែច្នៃពីលាមកដំរីនៅសួនសត្វនិងសួនរុក្ខសាស្ត្រសៃហ្គន