ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្ដីសម្រេចលេខ ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សូមជម្រាបជូនផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕