ដោយៈ សុផល / ភ្នំពេញ​: សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ទទួលបាន​កំណើន ៤,៥​ភាគរយ ក្នុង​ឆ្នាំ​២០២២​។ នេះ បើ​យោងតាម​ការ​ព្យាករ ចុងក្រោយ​របស់​ធនាគា​រ​ពិភពលោក​។

​របាយការណ៍​បច្ចុប្បន្ន​ភាព ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច នៅ​កម្ពុជា ក្រោម​ចំណងជើង Weathering the Oil Price Shock ដែល​ចេញផ្សាយ ដោយ​ធនាគារ ពិភពលោក ក្នុង​ខែមិថុនា​នេះ បង្ហាញថា ខណៈដែល​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការនាំចេញ​ទំនិញ​ទៅ​បរទេស កំពុង​បន្ត​រើប​ឡើងវិញ ពី​ការធ្លាក់ចុះ ក្នុងសម័យ​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ កំណើន​នេះ មា​នស​ភាពមិន​ដូចគ្នា នៅតាម​គ្រប់ផ្នែក​ទេ ដោយសារតែ​អតិផរណា ដែល​បណ្តាលមកពី​សង្គ្រាម នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។

​របាយការណ៍​នេះ បង្ហាញថា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ការនាំចេញ​មានតម្លៃ​ទឹកប្រាក់ ៤,៨ ប៊ី​លាន​ដុល្លារ​អាមេរិក គឺ​កើន ២៦ ភាគរយ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១​។ វិស័យ​ប្រពៃណី ដែល​ជំរុញ​កំណើន មាន​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់​, ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង នៅតែ​បន្ត​រីក​ទំហំ រីឯ​ឧស្សាហកម្ម ផលិត​ថ្មីៗ ដូចជា ផ្នែក​ផលិត​បរិក្ខារ​អគ្គិសនី និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម កំពុងតែ​លេច​រូបរាង ហើយ​ការនាំ​ចេញទៅ​សហរដ្ឋ​អាម​រិ​ក ក៏​កំពុងតែ​ស្ទុះ​ឡើងវិញ​ដែរ​។

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បាន​បង្ហាញថា​: ថ្វីដ្បិតតែ​សេដ្ឋកិច្ច មាន​សន្ទុះ​ខ្លាំង​ក៏ពិតមែន ដំណើរ​ស្តារឡើងវិញ បែរជា​ជួប​សភាព​យឺតយ៉ាវ ដោយសារតែ​ការស្រុតចុះ នូវ​តម្រូវការ​លើ​ទីផ្សារ​សកល​។ ការឡើង​ថ្លៃ​ឥត​ស្រាកស្រាន្ត នៃ​ប្រេងឥន្ធនៈ និង​ស្បៀងអាហារ​នៅលើ​ទីផ្សារ​ពិភពលោក កំពុង​រុញ​អតិផរណា ឲ្យ​កាន់តែ​ធំ​ឡើង ហើយ​នៅ​កម្ពុជា គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​មិនសូវមាន​ប្រាក់​សន្សំ ទំនងជា ត្រូវ​រង​ទម្ងន់​នៃ​ការលំបាក​ធ្ងន់​ជាងគេ ពី​សំណាក់​វិបត្តិ​ប្រេង​ឡើងថ្លៃ​នេះ​។

​ឱនភាព​បញ្ជី​សារពើពន្ធ ត្រូវបាន​រំពឹងទុក​ថា នឹង​កើន​ដល់ ៦,៣ ភាគរយ នៃ ផ​.​ស​.​ស ដោយសារតែ​រដ្ឋាភិបាល ចាំបាច់​ត្រូវ​បន្តធ្វើ​ការចំណាយ ទៅលើ​កម្មវិធី​នានា ដើម្បី​ជួយ​ដល់​ជនក្រីក្រ​។

​លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​: “​យុទ្ធសាស្ត្រ​“ រស់នៅ​ជាមួយ​កូ​វីដ​-១៩” បាន​បង្កលក្ខណៈ​ឲ្យ​សេដ្ឋកិច្ច មានដំណើរ​ការឈាន​ទៅ​ស្តារ​ស្ថានភាព​ឡើងវិញ​។ ប៉ុន្តែ​ផ្លូវ​ទៅមុខទៀត​នៅ​ស្រពេចស្រពិល​នៅឡើយ​។​” លោកស្រី បាន​ពោល​បន្ថែមទៀតថា​: “​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃ​ស្បៀងអាហារ លើ​ពិភពលោក ដោយសារតែ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ថែម​ទម្ងន់ នៃ​ការលំបាក​ថែមទៀត ទៅលើ​ជនក្រីក្រ ហើយ​វា​ក៏​នឹងធ្វើ​ឲ្យ​ការកាត់បន្ថយ​ភាពក្រីក្រ ថមថយ​ល្បឿន​វិញ​ដែរ​។ កម្មវិធី​ផ្ទេរ​សាច់ប្រាក់​របស់​រដ្ឋា​ភិ​បាល ដែល​កន្លងមក​មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​គ្រួសារ​ក្រីក្រ ក្នុងការ​ឆ្លងកាត់​ការលំបាក ក្នុងពេល​មាន​ជំងឺ​រាតត្បាត នឹង​ចាំបាច់​ត្រូវតែ​បន្តធ្វើ​តទៅទៀត​។​”

​នៅក្នុង​ដំណាក់កាល​មធ្យ​ម សេដ្ឋកិច្ច ត្រូវបាន​រំពឹងថា​នឹងមាន​កំណើន​ជា​មធ្យម ៦ ភាគរយ ក្នុង​មួយឆ្នាំ ដោយសារ​អំណោយផល​ពី​ច្បាប់​វិនិយោគ​ថ្មី អមដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នានា សម្រាប់​ជួយ​ជំរុញ​ការវិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម ផង​។

​របាយការណ៍​នេះ ផ្តល់​អនុសាសន៍​គោលនយោបាយ​មួយចំនួន ដែល​អាចជួយ​ទ្រទ្រង់​សកម្មភាព​ស្តារ​សេដ្ឋកិច្ច ឲ្យ​ងើប​ឡើងវិញ​។ អនុសាសន៍ រួមមាន ភាពចាំបាច់​បន្ត​កិច្ចខិតខំ​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩, បន្ត​ពង្រឹង​ភាពជឿ​ទុកចិត្ត​របស់​អ្នកទទួល​ប្រើប្រាស់ និង​វិនិយោគិន​, ជំរុញ​ការនាំចេញ ជាពិសេស​ទំនិញ​កសិផល តាមរយៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ចំណាយ​ថ្លៃដើម ក្នុង​ការធ្វើ​អាជីវកម្ម​, និង​ការបន្ត​រក្សា​លំនឹង​ថ្លៃទំនិញ​លក់រាយ នៅលើ​ទីផ្សារ​។

​ក្នុង​របាយការណ៍​នេះ ក៏មាន​ការវិភាគ​ជាពិសេស លើ​ភាពរអាក់រអួល នៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ក្រោយ​សម័យ​កូ​វីដ​-១៩​។ ផ្នែក​ពិសេស​នេះ បានស្នើ​ឡើង​នូវ​យុទ្ធសាស្ត្រ​មួយចំនួន សម្រាប់​កាត់បន្ថយ​ថ្លៃ​ចំណាយ​ទៅលើ​ឡូ​ជី​ស្ទិ​ក (Logistics)​។ វា​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា ក្នុងការ​បង្កើន សមត្ថភាព​ប្រកួតប្រជែង ផ្នែក​ពាណិជ្ជកម្ម​របស់ខ្លួន និង​ពង្រីក​បណ្តាញ​ផ្លូវ​ដឹកជញ្ជូន ចាំបាច់​ត្រូវធ្វើ​តាមបែប​អភិក្រម ជា​លក្ខណៈ​ប្រព័ន្ធ​មួយ ដែលមាន​វិសាលភាព​ទៅ​ហួស​ពី​តម្រូវការ ឲ្យ​មានការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទៅទៀត​។ ចាំបាច់​ត្រូវមាន​កិច្ចខិតខំ​បន្តទៀត ក្នុងការ​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ទាំងមូល តាមរយៈ​ការតាមដាន​មើល ប្រសិទ្ធភាព​របស់​ច្រកទ្វារ និង​ផ្លូវ​ធ្វើ​ពាណិជ្ជកម្ម​សំខាន់ៗ​, ពង្រីក “​កម្មវិធី​ពាណិជ្ជករ​ឆ្នើម​” (“Best Trader scheme”) ឲ្យ​បាន​ទូលំទូលាយ ទៅក្នុង​ផ្នែក ឡូ​ហ្ស៊ី​ស្ទិ​ក​, រៀបចំ​ផែនការ​ធុរកិច្ច រយៈពេល​វែង​មួយ សម្រាប់​គមនាគមន៍​ផ្លូវដែក​, និង​ការបង្កើត​កម្មវិធី “​ឃ្លាំមើល​តាមផ្លូវ​” (“ROADWATCH”) ដែលជា​បណ្តាញ​ហត់​ឡាញ​មួយ​សម្រាប់​ពាណិជ្ជករ និង​ពលរដ្ឋ រាយការណ៍​អំពី​សកម្ម ភាពមិនប្រក្រតី​នានា​។ ការធ្វើកំណែទម្រង់​ទាំងនេះ ចាំបាច់​ត្រូវមាន​អភិក្រម​បែប​ស្ថាប័ន និង​ភ្នាក់ងារ​នាំមុខ​មួយ​របស់ រដ្ឋាភិបាល សម្រាប់​ពិនិត្យមើល​ទូទៅ ពីលើ ការអភិវឌ្ឍ នៃ​ផ្នែក​ឡូ​ហ្ស៊ី​ស្ទិ​ក នៅ​កម្រិត​ថ្នាក់ជាតិ និង នៅតាម​ច្រកទ្វារ​ពាណិជ្ជកម្ម​។​

​ចេញផ្សាយ​ពីរដង ក្នុង​មួយឆ្នាំ របាយការណ៍​នេះ ផ្តល់ ព័ត៌មាន​បច្ចុប្បន្នភាព ស្តីពី​ការវិវត្ត​នៃ ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​រយៈពេល​ខ្លី និង​មធ្យម​៕/V​