ដោយៈ សុផល / ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន នាពាក់កណ្តាលសប្តាហ៍នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក (DOT) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ និងដោយឡែក ខាងភាគីសហរដ្ឋអាមេរិក រួមមាន លោក Jiga Phat មន្ត្រីកិច្ចការអាស៊ាន នៃស្ថានទូតអាមេរិក មន្ត្រីជំនាញទំនាក់ទំនងអន្តរជាតិ និងមន្ត្រីវិភាគបច្ចេកវិទ្យា គោលនយបាយប្រព័ន្ធដឹកជញ្ជូន នៃការិយាល័យដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្ម នៃក្រសួងដឹកជញ្ជូនអាមេរិក មន្ត្រីកិច្ចការអាស៊ាន មន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនេះ បានផ្តោតជាសំខាន់ លើកិច្ចសហការ និងការសម្របសម្រួល ក្នុងការកំណត់ប្រធានបទគន្លឹះជា អាទិភាព (Priority Area) រួមមាន: ការកាត់បន្ថយបម្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការតំបន់ ជាដើម សម្រាប់ជាកាលានុវត្តភាព ក្នុងកិច្ចសហប្រតិបត្តិការខាងបច្ចេកទេស លើវិស័យដឹកជញ្ជូន រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។
លោក Jiga Phat បានបញ្ជាក់ពីការគាំទ្រលើការសម្របសម្រួល និងរៀបចំកិច្ចប្រជុំ របស់ស្ថានទូតអាមេរិក នៅភ្នំពេញ នៅពេលនេះ និងនាពេលខាងមុខ។
ជាការឆ្លើយតប លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរ គុណ ដល់អ្នកចូលរួមទាំងអស់ ពិសេសដល់ស្ថានទូតអាមេរិក ដែលបានគាំទ្រ សម្របសម្រួល រៀបចំឱ្យមានកិច្ចប្រជុំនេះឡើង និងបានអញ្ជើញមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារ ជាមួយមន្ត្រីពីនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។
អង្គប្រជុំ បានស្តាប់នូវបទបង្ហាញរបស់ក្រសួងដឹកជញ្ជូនអាមេរិក ដែលផ្តោតជាសំខាន់ លើការធ្វើផែនការ ការគូសរចនាប្លង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផែនការហិរញ្ញវត្ថុ ប្រតិបត្តិការថែទាំ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង) ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព និងភាពធន់ (យានយន្តបំភាយឧស្ម័នសូន្យ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពធន់ អាចទទួលបាន និងប៉ះពាល់តិចតួច) សុវត្ថិភាព (ចរាចរណ៍ផ្លូវគោក សុវត្ថិភាពផ្លូវអាកាស បច្ចេកវិទ្យាសុវត្ថិភាពថ្មី) អភិបាលកិច្ច និងតម្លាភាព ការតភ្ជាប់ពហុប្រភេទដឹកជញ្ជូន (មជ្ឈមណ្ឌលភស្តុភារកម្ម ) ស្តង់ដារ និងបទប្បញ្ញត្តិ របៀងតំបន់ ការឆ្លងកាត់ព្រំដែន និងកិច្ចសម្រួលពាណិជ្ជកម្ម យេនឌ័រ បរិយាប័ន្នសង្គម និងសមភាព និងការជំរុញបច្ចេកវិទ្យា។
លោកស្រី បានស្នើឱ្យក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក និងអង្គប្រជុំ ពិចារណាលើការកំណត់ប្រធានបទជាអាទិភាពគន្លឹះមួយចំនួន ដូចជាៈ ការកសាងសមត្ថភាព គ្រឿងឧបករណ៍ត្រួតពិនិត្យគុណភាព ភាពធន់នឹងអាកាសធាតុ ការធ្វើផែនការលើមូលដ្ឋានលទ្ធផលអនុវត្ត អភិបាលកិច្ច ការឆ្លងកាត់ព្រំដែន សុវត្ថិភាព យេនឌ័រ បរិយាប័ន្នសង្គម និងសមភាព ការតភ្ជាប់ពហុប្រភេទដឹកជញ្ជូន និងការដឹកជញ្ជូន ដោយនិរន្តរភាព និងបានស្នើឱ្យ DOT ពិចារណាផងដែរ លើកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលទើបបង្កើតថ្មី។
អង្គប្រជុំ ក៏បានស្នើសុំឱ្យមានគំរូទម្រង់កិច្ចសហប្រតិបត្តិការ សម្រាប់កំណត់ប្រធានបទជាអាទិភាពគន្លឹះ ។
ជាការឆ្លើយតប DOTបានបញ្ជាក់ថា: ខ្លួនមិនមានទម្រង់ផ្លូវការណាមួយ សម្រាប់កិច្ចសហប្រតិបត្តិការ ជំហានបន្ទាប់នោះទេ។ DOT គ្រាន់ចង់ដឹងព័ត៌មានអំពីប្រធានបទ ឬផ្នែកណាខ្លះ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន មានចំណាប់អារម្មណ៍ ចង់លើកឡើង ដើម្បីឱ្យ DOT ពិនិត្យលទ្ធភាព និងកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស នាពេលខាងមុខ។
DOT នឹងធ្វើការពិនិត្យពិចារណាបន្ថែម ទៅលើប្រធានបទ ឬចំណុចជាអាទិភាពទាំងនោះ សម្រាប់ ប្រភេទដឹកជញ្ជូនផ្សេងៗ ដូចជា ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវសមុទ្រ។ល។ សម្រាប់ការងារជំហានបន្ទាប់ DOT នឹងធ្វើការងារផ្ទៃក្នុង និងបន្តជជែកជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រើសរើសប្រធានបទអាទិភាព ដែលសំខាន់បំផុតចំនួន ពីរ ឬ បីយ៉ាងច្រើន៕/V