ដោយៈ សុផល / ភ្នំពេញ: លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា នៃគម្រោង Port EDI កាលពីថ្ងៃទី២៩ ខែមិថុនា បានដឹកនាំកិច្ចពិភាក្សាការងារជាមួយ ក្រុមការងារ របស់ ទីភ្នាក់ងារ JICA ដឹកនាំដោយលោក Viboon Chaojirapant ប្រធានចាត់ការទូទៅ នៃក្រុមហ៊ុន GUUD ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Positron ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីពិភាក្សាលើការងារគ្រប់គ្រង ថែទាំ និងការធានាលើសម្ភារ និងប្រព័ន្ធបច្ចេកវិទ្យា នៃគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI)។
កិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់លើលក្ខខណ្ឌ និងពេលវេលា នៃការធានាការគ្រប់គ្រង និងការធ្វើបច្ចុប្បន្នភាព ទាំងឧបករណ៍ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ដើម្បីធានាបានដំណើរការ ការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងដោះស្រាយបញ្ហា ដែលកើតមាន ឱ្យបានទាន់ពេលវេលា មុននឹងដាក់ដំណើរការ នៅអំឡុងខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
គួរបញ្ជាក់ថា គម្រោងផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ស្ថិតនៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលមានទឹកប្រាក់ សរុបប្រមាណ ១២ លាន ដុល្លារអាមេរិក។
ប្រព័ន្ធបច្ចេកវិទ្យានេះ នឹងជួយសម្រួល ដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសជួយបង្កើនការទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើ ជូនប្រជាពលរដ្ឋកម្ពុជា ៕/V